គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ បំណុលសាធារណៈរបស់កម្ពុជាមានទំហំជាង ១១ពាន់លានដុល្លារ ក្នុងនោះ ចិនជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ច និងស្ថាប័នអន្តរជាតិវាយតម្លៃថា ការគ្រប់គ្រងំបណុលសាធារណៈរបស់រាជរដ្ឋាភិបាលកន្លងមកនេះមានភាពល្អប្រសើរ ហើយការប្រើប្រាស់បំណុលទៀតសោត ក៏មានប្រសិទ្ធភាពខ្ពស់ និងចំគោលដៅផងដែរ។
ដោយមើលឃើញពីសារៈសំខាន់ និងតួនាទីនៃការគ្រប់គ្រងបំណុលសាធារណៈក្នុងការរួមចំណែកគាំទ្រការអនុវត្តគោលនយោបាយសារពើពន្ធ, ការគ្រប់គ្រងនិងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ការជំរុញអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ, ការពង្រីកមូលដ្ឋានសេដ្ឋកិច្ច, ការអភិវឌ្ឍតាមវិស័យអាទិភាព, និងការទ្រទ្រង់ចីរភាពកំណើនក្នុងរយៈពេលវែង រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗ បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០២៤-២០២៨។ យុទ្ធសាស្ត្រនេះ មានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈរួមមានការខ្ចីប្រាក់ពីគេ, ការឱ្យប្រាក់គេខ្ចី, ការធានារបស់រដ្ឋ និងការគ្រប់គ្រងហានិភ័យបំណុល រួមទាំងកាតព្វកិច្ចបំណុលជាយថាហេតុ និងការតាមដានលើស្ថានភាព និងនិន្នាការនៃបំណុលរបស់វិស័យឯកជន សំដៅរួមចំណែកគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថក្នុងរយៈពេលមធ្យម និងវែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា គោលបំណងនៃការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈនេះ គឺដើម្បីធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ សំដៅរួមចំណែកក្នុងការបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្នឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់បំណុលសាធារណៈលើការវិនិយោគលើគម្រោងសាធារណៈផ្សេងៗ និងរក្សាចីរភាពក្នុងការគ្រប់គ្រងបំណុលសាធារណៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍ និងវិធានការគន្លឹះមួយចំនួនដូចជាខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ខ្ចីតែឥណទានដែលមានកម្រិតសម្បទានឬលក្ខខណ្ឌអនុគ្រោះ, ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធភាពខ្ពស់បំផុត និងប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាព សេដ្ឋកិច្ច, សង្គម, បរិស្ថាន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ ក៏បានកំណត់ពិដានក្នុងការខ្ចីប្រាក់ប្រចាំឆ្នាំផងដែរ ក្នុងនោះកម្ពុជាអាចខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍក្រៅប្រទេសបានក្នុងរង្វង់ ១,៧ពាន់លាន ទៅ២ពាន់លានអេសដេអ៊ែក្នុងមួយឆ្នាំ ហើយក្នុងកាលៈទេសៈចាំបាច់អាចបង្កើនដល់ ២,៥ពាន់លានអេសអេអ៊ែក្នុងមួយឆ្នាំ។ ប៉ុន្តែមិនត្រូវលើសពី ១០ពាន់លានអសដេអ៊ែ សមមូលនឹងប្រមាណ ១៣,៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំ និងការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងប្រទេសក្នុងរង្វង់ ៥០០ពាន់លានរៀលទៅ១ទ្រីលានរៀលក្នុងមួយឆ្នាំ ហើយក្នុងកាលៈទេសៈចាំបាច់អាចបង្កើនដល់១,២ទ្រីលានរៀលក្នុងមួយឆ្នាំ ប៉ុន្តែ មិនត្រូវលើសពី៤ទ្រីលានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំនោះទេ។
ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងពីប្រទេសដៃគូនានាមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការជំរុញកំណើនសេដ្ឋកិច្ចគឺផ្អែកលើពិដានបំណុល ដែលកំណត់មិនឱ្យមិនលើសពី៥០%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ជាក់ស្តែងបំណុលសាធារណៈរបស់កម្ពុជាចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គឺស្ថិតក្នុងរង្វង់ប្រមាណ៣០% នៃ GDP ដែលនេះបង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃការគ្រប់គ្រងបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំគោលនយោបាយធ្វើពិពិធកម្មប្រភពបំណុលតាមរយៈការបង្វែរពីការពឹងផ្អែកខ្លាំងលើបំណុលបរទេសមកផ្តោតលើការកៀរគរទុននៅក្នុងស្រុក តែយ៉ាងណាកម្ពុជាមិនអាចកាត់ផ្តាច់ការពឹងផ្អែកលើបំណុលបរទេសបាននោះទេ។
ពាក់ព័ន្ធបំណុលសាធារណៈរបស់កម្ពុជានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជាគឺមានប្រសិទ្ធភាពខ្ពស់ ពោលគឺបើទោះបីបំណុលសាធារណៈរបស់កម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ តែទំហំផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក៏មានការកើនឡើងដូចគ្នាដែរ ដែលធ្វើឱ្យគម្លាតរវាងបំណុលសាធារណៈ ធៀបនឹង GDP កាន់តែរួមតូច។ កត្តានេះអាចជួយបង្កើតសមត្ថភាពក្នុងការខ្ចីប្រាក់ពីបរទេសកាន់តែធំជាងមុនផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ បំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ន ដែលមានជាង១១ពាន់លានដុល្លារ គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ពោលគឺរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រនេះ៣លើករួចមកហើយក្នុងនោះលើកទី១សម្រាប់ឆ្នាំ២០១១ - ២០១៨, លើកទី២សម្រាប់ឆ្នាំ២០១៥ -២០១៨ ដែលជាការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត លើកទី១, និងលើកទី៣សម្រាប់ឆ្នាំ២០១៩ - ២០២៣ ស្របតាមអាណត្តិរបស់រាជរដ្ឋាភិបាល។
សូមរំលឹកថា គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ សន្និធិបំណុលសាធារណៈរបស់កម្ពុជាមានទំហំជាង១១ពាន់លានដុល្លារ ក្នុងនោះប្រមាណ១១ពាន់លានដុល្លារ ឬ៩៩,១២% ជាបំណុលសាធារណៈក្រៅប្រទេស និងប្រមាណ៩៨លានដុល្លារជាបំណុលសាធារណៈក្នុងស្រុក។ ប្រទេសចិននៅតែជាម្ចាស់បំណុលសាធារណៈក្រៅប្រទេសធំជាងគេរបស់កម្ពុជា ដែលមានរហូតដល់៣៦% នៃទំហំបំណុលសរុប បន្ទាប់មកធនាគារអភិវឌ្ឍន៍អាស៊ីមាន២១% ធនាគារពិភពលោក១២% ជប៉ុន១១% បំណុលមរតក៦% បារាំង និងកូរ៉េខាងត្បូង៥% និងផ្សេងៗមាន៣%៕