ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបជាង១ពាន់លានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណ៤៦% នៃពិដានដែលច្បាប់អនុញ្ញាត ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺមានការកើនឡើងប្រមាណ៧%។ បើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤៧% ខណៈគោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច។
លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានវាយតម្លៃថា ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូអភិវឌ្ឍនានា ក្នុងទំហំតិចឬច្រើន មិនបានសបញ្ជាក់អំពីបម្រែបម្រួលរបស់កំណើនសេដ្ឋកិច្ចជាតិ នោះទេ ប៉ុន្តែវាសបញ្ជាក់ពីតម្រូវការអភិវឌ្ឍរបស់ប្រទេសជាតិ។
តួយ៉ាងតាមរយៈការខ្ចីឥណទានថ្មីរបស់រាជរដ្ឋាភិបាល នៅក្នុងរយៈពេល៩ខែកន្លងមកនេះ មានត្រឹមប្រមាណ៤៦% នៃពិតានដែលច្បាប់អនុញ្ញាតសម្រាប់ឆ្នាំ២០២៤នេះ លោក លី សូដេត បានវាយតម្លៃថា គឺដោយសារតម្រូវការអភិឌ្ឍរបស់កម្ពុជា មានតិចជាងមុន ម្យ៉ាងទៀតអាចដោយសារកម្ពុជា មានសេដ្ឋកិច្ចល្អប្រសើជាងមុន ក៏បានធ្វើឱ្យការខ្ចីឥណទានសម្បទានមានកម្រិតតិចជាងមុនផងដែរ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានវាយតម្លៃថា ឥណទានសម្បទានដែលរាជរដ្ឋាភិបាល បានខ្ចីពីដៃគូអភិវឌ្ឍន៍នានា នៅក្នុងឆ្នាំនេះ គឺបានយកទៅប្រើប្រាស់ដោយចំគោលដៅ ពោលគឺភាគច្រើនបានវិនិយោគទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល ដ្បិតថា វិស័យទាំងពីរនេះ ជាវិស័យចាំបាច់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យបានទូលំទូលាយបន្ថែមទៀត ពិសេសលើការវិវត្តនូវបច្ចេកវិទ្យាចុងក្រោយតែម្តង។
គួរជម្រាបថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានសងបំណុលដល់អ្នកផ្តល់កម្ចីបានសរុបប្រមាណជាង៤៦៦លានដុល្លារ មានការកើនឡើងប្រមាណ៧% បើធៀបនឹងការទូទាត់បំណុលសរុបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណជាង៤៥៦លានដុល្លារ និងក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណជាង១០លានដុល្លារ៕