ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ៣ ខែកុម្ភៈ បានប្រកាសពីការបិទបញ្ចាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ជាស្ថាព័រហើយ ការការប្រកាសនេះ គឺធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ ក្រោមវត្តមានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី យ៉ូ យ៉ុង ហេ រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសកូរ៉េខាងត្បូង។
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េ នឹងផ្តល់ផលចំណេញដល់ការនាំចេញរបស់កម្ពុជាជារួម ដូចជា សំលៀកបំពាក់ កាបូប ស្បែកជើង សម្ភារៈធ្វើដំណើរ ជាដើម។ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា អ្វីដែលកម្ពុជាចំណេញច្រើនជាងនេះទៀតគឺ ផលិតផលកសិកម្មដែលកំពុងមានសក្តានុពលដូចជា ស្វាយកែវរមៀត ចេក និងតាង៉ែន ដែលសុទ្ធសឹងតែមានទីផ្សារល្អនៅប្រទេសកូរ៉េ។
ទោះយ៉ាងណា កម្ពុជាក៏ត្រូវតែផ្តោតលើការផលិតទំនិញ ដែលមានសក្តានុពលរបស់ខ្លូន ឲ្យស្របតាមស្តង់ដារសុវត្ថិភាព ដើម្បីងាយស្រួលប្រកួតប្រជែងទីផ្សារនិងតម្លៃផងដែរ។
កន្លងមកក្រសួងពាណិជ្ជកម្មកម្ពុជាធ្លាប់បានសំដែងក្តីរំពឹងខ្ពស់ដែរថា ក្រោយបញ្ចប់ការចរចារចរន្តពាណិជ្ជកម្មនិងស្ថានភាពទីផ្សារសំរាប់ទំនិញរវាងប្រទេសទាំងពីរនឹងបានកាន់តែប្រសើរជាងមុន ហើយកម្ពុជារំពឹងថានឹងអាចបង្កើនការនាំចេញទៅកូរ៉េដូចជា កសិផល, ផលិតផលកសិកម្មកែច្នៃ, សត្វរស់, វាយនភ័ណ្ឌសំលៀកបំពាក់, និងគ្រឿងបង្គុំផ្សេងៗទៀត៕