សមុទ្រចិនខាងត្បូង

ប្រធានាធិបតីហ្វីលីពីនប្រាប់លោក ស៊ី ថា គ្មាននរណាម្នាក់ចង់មានសង្គ្រាមដោយសារតែសមុទ្រចិនខាងត្បូងនោះទេ


ប្រធានាធិបតីហ្វីលីពីនលោក ហ្វើឌីណែន ម៉ាកូស នៅក្នុងជំនួបមួយកាលពីថ្ងៃសុក្រ ជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅអំឡុងកិច្ចប្រជុំ APEC នៅទីក្រុង San Francisco បានស្វែងរកការបន្ធូរបន្ថយភាពតានតឹងនឹងគ្នាជុំវិញជម្លោះដែនទឹកដ៏រ៉ាំរ៉ៃ នៅសមុទ្រចិនខាងត្បូង ដែលប្រទេសចិនកំពុងអាងយ៉ាងចង់ក្រសោបយកជាទឹកដីរបស់ខ្លួន។ នេះបើការចុះផ្សាយដោយសារព័ត៌មានជប៉ុននីកេ។
សមុទ្រចិនខាងត្បូង
ដោយ

នាជំនួបទល់មុខគ្នាកាលពីពេលថ្មីៗនៅក្នុងអំឡុងកិច្ចប្រ ជុំAPEC លោក ម៉ាកូស បានឱ្យដឹងបន្ទាប់ពីជួបលោក ស៊ី ជិនពីង ថា លោកនិងមេដឹកនាំចិនបានព្យាយាមបង្កើតយន្តការ ដើម្បីកាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង។

លោក ម៉ាកូស បានកត់សម្គាល់ថា ជម្លោះដែនសមុទ្រជាមួយចិន មិនគួរត្រូវបានយកទៅកំណត់ទំនាក់ទំនងទ្វេភាគីចិន និងហ្វីលីពីននោះទេ ដោយលោកបន្ថែមថា បញ្ហានឹងនៅតែមាន តែភាគីត្រូវបានបើកចំហរបណ្តាញទាក់ទងនឹងគ្នា។ ទោះជាយ៉ាងណា ក្នុងជំនួបនោះលោក បានប្រាប់លោក ស៊ី ថា «គ្មានប្រទេសណាមួយចង់បានសង្គ្រាមនឹងគ្នាទេ»។

មែនទែនទៅ ការចង់ជួបលោក ស៊ី ពីសំណាក់មេដឹកនាំហ្វីលីពីននេះ កើតឡើងក្រោយភាពតានតឹងនៅសមុទ្រចិនខាងត្បូង ឬដែលហ្វីលីពីនហៅថា សមុទ្រហ្វីលីពីនខាងលិច បន្តកើតឡើងខ្លាំងនៅមួយរយៈពេលចុយក្រោយនេះ ដោយនាវាឆ្មាំចិនបានយាយីលើទូកនេសាទហ្វីលីពីនមិនឱ្យចូលទៅនេសាទនៅតំបន់ជម្លោះ និងផ្គត់ផ្គង់ស្បៀងសម្រាប់កងទ័ពនៅទីនោះ។ ហើយកាលពីថ្ងៃសុក្រនោះដែរ កប៉ាល់ឆ្មាំឆ្នេរសមុទ្រចិន បានប្រើកាណុងបាញ់ទឹកទៅលើទូករបស់ហ្វីលីពីន ដែលកំពុងព្យាយាមផ្គត់ផ្គង់ជំនួយឱ្យកងទ័ពហ្វីលីពីនដែលកំពុងឈរជើងនៅតំបន់ជម្លោះទៀតផង។

គួររំលឹកថា ទីក្រុងប៉េកាំងទាមទារអធិបតេយ្យភាពស្ទើរទាំងស្រុងនៃសមុទ្រចិនខាងត្បូង រួមទាំងផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ទំនាក់ទំនងរវាងហ្វីលីពីន និងចិន គឺមានឡើងនិងចុះចាប់តាំងពីឆ្នាំ២០១៦ បន្ទាប់ពីទីក្រុងម៉ានីល បានឈ្នះចិន លើសុំណុំរឿងដែនទឹកសមុទ្រនៅឯតុលាការអន្តរជាតិកាលនោះ។ ក៏ប៉ុន្តែទីក្រុងប៉េកាំងមិនដែលទទួលយកការសម្រេចជាអន្តរជាតិនោះទេ។

កាលពីខែសីហា កន្លងទៅនេះ ទីក្រុងប៉េកាំង ក៏បានចេញផ្សាយ«ផែនទីស្តង់ដារ»ថ្មីមួយ ដែលបានដាក់បញ្ចូលដែនដីជម្ហោះផ្សេងទៀតជាមួយឥណ្ឌា ថៃ និងតៃវ៉ាន់ ជាទឹកដីរបស់ខ្លួនទៀត ដែលបង្កឱ្យមានការតវ៉ាផ្លូវទូតយ៉ាងខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ ជម្លោះដែនដ៏រ៉ាំរ៉ៃរវាងមហាយក្សចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍នេះត្រូវបានអ្នកជំនាញមើលឃើញថា នឹងមិនអាចនឹងដោះស្រាយឬបន្ធូរបន្ថយភាពតានតឹងនឹងគ្នាងាយស្រួលនោះឡើយ ហើយជំនួបរវាងលោក ម៉ាកូស និងលោក ស៊ី ជិនពីង កាលពីថ្ងៃសុក្រនោះ ក៏ហាក់មិនទទួលបានផលផលអ្វីណាស់ណាដែរ។

នេះបើតាមលោក Julio Amador ប្រធានវិទ្យាស្ថានស្រាវជ្រាវ Amador របស់ហ្វីលីពីន ដោយលោក បានបន្ថែមថា ជំនួបនៅ San Francisco គឺជាកិច្ចការការទូតដែលលោក ម៉ាកូស ត្រូវតែធ្វើ តែអ្វីដែលសំខាន់គឺឋិតនៅលើប្រទេសចិនឯណោះទេ ដែលត្រូវធ្វើអ្វីឱ្យខុសពីសកម្មភាពនាពេលបច្ចុប្បន្ន។

ដោយឡែក លោក Don McLain Gill អ្នកវិភាគ និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ De La Salle ក្នុងទីក្រុងម៉ានីលបាននិយាយថា កិច្ចប្រជុំនេះតំណាងឱ្យការបន្តនៃគោលនយោបាយរបស់ប្រទេសហ្វីលីពីនក្នុងការដោះស្រាយជាមួយប្រទេសចិន។ លោកបន្តថា គោលដៅរបស់យើងមិនមែនដើម្បីបង្អាក់ ឬញុះញង់ស្ថាបត្យកម្មសន្តិសុខតំបន់នោះទេ ប៉ុន្តែដើម្បីធានាស្ថិរភាពរបស់វា។

រដ្ឋាភិបាលហ្វីលីពីនក្រោមការដឹកនាំរបស់លោក ម៉ាកូស តែងតែចង់ធ្វើយ៉ាងណា ដើម្បីកាត់បន្ថយភាពតានតឹងនៅសមុទ្រហ្វីលីពីនខាងលិចតាមរយៈការចរចា ខណៈម៉ានីលកំពុងផ្អៀងទៅអាមេរិកខាងយោធា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សាររថយន្តនៅវៀតណាមកំពុងជាប់គាំង បើទោះបីជាមានការបញ្ចុះតម្លៃខ្លាំងក៏ដោយ

ព័ត៌មាន
សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម បាននិយាយថា សមាជិករបស់ខ្លួនបានលក់រថយន្តបានចំនួនប្រមាណជាង២ម៉ឺន៥ពាន់គ្រឿង នៅក្នុងខែតុលា ដោយប្រហាក់ប្រហែលន…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញពិនិត្យប្រទីបរាជរដ្ឋាភិបាល

ព័ត៌មាន
នាល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញពិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ