អត្ថបទក្រុមហ៊ុន

Sprite ផ្លាស់ប្តូរសំបកដបពីពណ៌បៃតងទៅជាដបថ្លា ដែលនឹងជួយសម្រួល និងជំរុញដល់ការប្រមូល និងកែច្នៃដបប្លាស្ទិកឡើងវិញ


ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញក្នុងគោលបំណងជួយសម្រួល និងជម្រុញដល់ការកែច្នៃសំបកវេចខ្ចប់ផលិតផលស្ព្រៃឡើងវិញ។
Sprite ផ្លាស់ប្តូរពណ៌សំបកដប ដើម្បីជួយសម្រួល និងជំរុញដល់ការប្រមូល និងកែច្នៃដបប្លាស្ទិកឡើងវិញ។
ដោយ

ការ​ផ្លាស់​ប្តូរ​នេះ ​ជាផ្នែក​មួយ​នៃកិច្ចខំប្រឹ​ងប្រែង​របស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដើម្បី​បង្ហាញ​ពីការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ស្របតាមចក្ខុវិស័យ​ពិភពលោកគ្មាន​សំរាម (World Without Waste) សំដៅ​​ជួយ​​ប្រមូល និងកែច្នៃ​ឡើងវិញ​នូវរាល់​សំបក​វេចខ្ចប់​ប្រភេទដបប្លាស្ទិក ​ឬកំប៉ុង​ទាំង​អស់ដែល​ក្រុមហ៊ុន​បានលក់​នៅលើទីផ្សារ​នៅត្រឹម​ឆ្នាំ​២០៣០។

​​ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លានេះ នឹង​ធ្វើ​ឱ្យ​សំបក​ដប​ប្លាស្ទិក​​កាន់​តែ​មាន​​ភាពងាយ​ស្រួល​ខ្លាំង​ក្នុងការ​កែច្នៃ​ឡើងវិញ។ បើទោះ​ជា​តាមលក្ខណៈបច្ចេក​ទេស​​សំបក​ដប​​ប្លាស្ទិកពណ៌បៃតង​អាច​កែច្នៃ​ឡើងវិញ​បាន​ក៏ដោយ ក៏​សំបក​ទាំង​នេះ​​ជាធម្មតា​មិន​ត្រូវបានកែច្នៃ​ឡើងវិញ​ឡើយ​​ដោយសារ​សំបក​ពណ៌បៃតងនេះ​ចាំបាច់ត្រូវ​កែច្នៃ​ដាច់ដោយឡែក។

សំបក​វេចខ្ចប់​ប្លាស្ទិក ​ពណ៌​ស​ថ្លា​ មាន​ភាព​ពេញ​និយមជាង ហើយ​ត្រូវបានវិស័យ​ឧស្សាហកម្ម​កែច្នៃ​ឡើង​វិញ​ចាត់​ទុក​ថា​​មាន​គុណ​តម្លៃជាង​ ដែលមាន​ន័យថា សំបក​ដប​ថ្លា​ទាំងនេះ​​មាន​តម្រូវការ​ខ្លាំង​ជាង ហើយ​ងាយ​ស្រួល​យក​ទៅ​​កែច្នៃ​ទៅ​ជា​ផលិត​ផល​ផ្សេងៗ។ ដោយ​ហេតុ​នេះ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា នឹង​បង្កើន​អត្រា​ការ​ច្នៃ​សំបក​វេចខ្ចប់ឡើងវិញ​នៅក្នុង​ស្រុក។

លោក DAVID WIGGLESWORTH អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុនកូកា-កូឡាកម្ពុជា មាន​ប្រសាសន៍ថា៖ «យើង​ទទួល​ស្គាល់ថា សំណល់សំបកវេចខ្ចប់​គឺជា​បញ្ហា​ធំ ​និង​ជាបញ្ហា​បន្ទាន់​នៅទូទាំង​ពិភពលោក និង​នៅកម្ពុជាផ្ទាល់។ ប៉ុន្តែបញ្ហា​នេះគឺជា​បញ្ហា​ដែល​យើងទាំងអស់គ្នាអាច​ដោះស្រាយ​បាន ហើយ​ក្រុមហ៊ុន​កំពុង​ប្រឹងប្រែងចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា គឺជា​វិធានការ​ជាក់​ស្តែង​​មួយ​សម្រាប់​ម៉ាក​យីហោ​របស់​យើង។ យើងទទួលស្គាល់ថា កិច្ចការនេះគឺជារឿងត្រឹមត្រូវ​ដែល​យើងត្រូវ​ធ្វើ​ដើម្បីអាជីវកម្ម និងបរិស្ថានរបស់យើង ពោលគឺ​ដើរលើទិសដៅស្រប​គ្នា​ទៅនឹង​ចក្ខុវិស័យ​ពិភព​លោក​​គ្មាន​សំរាមរបស់​យើង។ ចក្ខុវិស័យនេះ ​សំដៅជួយ​ប្រមូល និង​កែច្នៃឡើងវិញ​នូវរាល់​សំបក​វេចខ្ចប់​ប្រភេទដបប្លាស្ទិក ​ឬកំប៉ុង​ក្នុង​​បរិមាណ​សមមូល​ទៅនឹង​​សំបក​ដប​ប្លាស្ទិក និង​កំប៉ុង​ទាំង​អស់ដែល​យើងបាន​លក់​នៅលើទីផ្សារ​នៅត្រឹម​ឆ្នាំ​២០៣០។ អ្វីដែល​កំពុង​ផ្លាស់ប្តូរ​នេះ​គឺ​ពណ៌​របស់​សំបក​វេចខ្ចប់។ រីឯផលិតផលស្ព្រៃ នឹងនៅ​តែ​បន្ត​ផ្តល់ជូននូវ​រសជាតិ​ក្រូច​ឆ្មារ​ឆ្ងាញ់​ពិសារដែល​អតិថិជន​តែង​តែ​និយម​ចូលចិត្ត​ដដែល»។​​

ផលិតផលស្ព្រៃ ត្រូវ​បានដាក់លក់​នៅ​លើ​ទីផ្សារ​ជាមួយ​នឹង​សំបក​វេចខ្ចប់​ពណ៌​បៃតង​ចាប់តាំងពី​​ផលិតផល​នេះ​ត្រូវបានដាក់​លក់​​ជា​លើក​ដំបូង​នៅសហរដ្ឋ​អាមេរិក​ក្នុងឆ្នាំ​១៩៦១ និង​ក្នុង​ប្រទេស​កម្ពុជា​នៅឆ្នាំ​១៩៩៣។

ផលិតផលស្ព្រៃសំបក​​ដប​ប្លាស្ទិក​ថ្លា​ថ្មីនេះ ​មានលក់ក្នុងចំណុះ១,៥​លីត្រ ដែលនឹងរក្សា​រសជាតិ​ឆ្ងាញ់​ស្រស់ស្រាយ​ពិសេស​​​ដូចដើម ហើយអតិថិជនអាច​រកទិញបាននៅតាមបណ្តាដេប៉ូចែកចាយ​ផ្សេងៗ​នៅទូទាំង​ប្រទេស។

គំនិត​ផ្តួចផ្តើម​​​លើការប្តូរពណ៌សំបកដបក្នុង​ប្រទេស​កម្ពុជានេះ​ធ្វើឡើង​ទន្ទឹមគ្នាជាមួយបណ្តាប្រទេសមួយចំនួនទៀតក្នុង​តំបន់​អឺរ៉ុប​ភាគ​ខាង​លិច សហរដ្ឋ​​អាមេរិក និង​អាស៊ាន។

ក្រៅពីការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា ​​ក្នុងគោលបំណង​បង្ក​ភាពងាយ​ស្រួល​ដល់​ការ​កែច្នៃឡើងវិញ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បាន​បន្តដាក់ចេញ​គំនិត​ផ្តួចផ្តើម​នានា​សំដៅ​បង្កើន​ការ​ប្រមូល និងការ​កែច្នៃ​សំបក​វេចខ្ចប់​ប្លាស្ទិកឡើងវិញនៅ​កម្ពុជា។ នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ  ដែលមានសំបកដបដំបូងផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬហៅថា «Recycled PET / rPET»។ គិតត្រឹមឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និងក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក  កូកា-កូឡា កម្ពុជា បានប្រមូល និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន ១.៤៥០តោន។ ទន្ទឹង​នឹង​នេះ​ដែរ ក្រុមហ៊ុន​ក៏​ជួយ​បង្កើនការ​យល់ដឹង​របស់សហគមន៍​អំពី​ការ​បែង​ចែកប្រភេទ​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ និង​កែច្នៃសំណល់​ឡើង​វិញ​តាមការ​​សហការ​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ដាក់​ពង្រាយ​ធុង​សំរាមជាង ៩០០​​ធុង នៅតាម​ទីសាធារណៈ ផ្សារ សាលា​រៀន​នានា​ជាង ១២០​ទីតាំង​នៅ​ទូទាំង​ប្រទេស​រួច​មក​​ហើយ។

ក្រុមហ៊ុនក៏​មាន​​គំនិតផ្តួច​ផ្តើមមួយទៀត ហៅថា «ផ្តល់​ជីវិត​ទី២​ដល់​ប្លាស្ទិករុំ​ទំនិញ» ដែល​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​លក់​ដុំ និងអ្នកលក់​រាយ​ប្រគល់ស្បោងប្លាស្ទិក​រុំកេស​ភេសជ្ជៈ​មក​ឱ្យ​ក្រុមហ៊ុនវិញ​សម្រាប់​កែច្នៃឡើងវិញ​។

ដើម្បី​ស្វែង​យល់​បន្ថែមអំពី​គំនិតផ្តួចផ្តើម​ពិភពលោកគ្មាន​សំរាម​របស់​ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សូមចូល​ទៅកាន់​គេហទំព័រ​ ឬ​តាមដាន​ទំព័រហ្វេសប៊ុក​របស់​ក្រុមហ៊ុន។

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេភ្នាក់ងារចារកម្មសម្ងាត់អាមេរិកព្រមានថា រុស្ស៊ី និងបង្កើនការវាយប្រហារបន្ថែមលើអ៊ុយក្រែន

ព័ត៌មាន
មេភ្នាក់ងារចារកម្មអាមេរិកបាននិយាយអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបង្កើនការវាយលុកលើអ៊ុយក្រែនខ្លាំងជាងមុន បើទោះបី…

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មថា ឆ្នាំនេះកម្ពុជានឹងមិនខ្វះអំបិលប្រើនោះទេ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នាយកដ្ឋានកិច្ចការសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យ និងនវានុវត្តន៍បានវាយតម្លៃថា នៅឆ្នាំនេះកម្ពុជានឹងអាចផលិតអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ