ទីផ្សារភាគហ៊ុនកម្ពុជា

មេផ្សារហ៊ុនអះអាងថា ទីផ្សារភាគហ៊ុនកម្ពុជា នៅតែបន្តរឹងមាំ ទោះបីតម្លៃភាគហ៊ុនធំៗនៅអាស៊ីរងការរង្គោះរង្គើក៏ដោយ


ទីផ្សារភាគហ៊ុននៅតំបន់អាស៊ី បានរងការរង្គោះរង្គើយ៉ាងខ្លាំង ក្រោយលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានប្រកាសបោះបង់មិនបន្តឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ តែទោះជាយ៉ាងណាក៏ដោយ បញ្ហានេះមិនបានជះឥទ្ធិពលដល់ការជួញដូរភាគហ៊ុននៅកម្ពុជានោះទេ ពោលគឺទាំងតម្លៃ និងទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃនៅបន្តមានស្ថិរភាពល្អប្រសើរដដែល។ នេះបើតាមការអះអាងរបស់មេផ្សារភាគហ៊ុនកម្ពុជា ដែលរំពឹងថា ផ្សារហ៊ុនរបស់កម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបន្ថែមទៀតនៅឆមាសទី២ឆ្នាំនេះ។
ទីផ្សារភាគហ៊ុនកម្ពុជា
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានប្រាប់ខេមបូណូមីសថា ចលនាផ្សារហ៊ុនតែងមានការឡើងចុះក្រោយមានព័ត៌មាន ដែលអាចជះឥទ្ធិពលទៅលើស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោក។

តួយ៉ាង ក្រោយប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ​ប្រកាសបោះបង់បេក្ខភាពប្រធានាធិបតីភ្លាមៗបានធ្វើឱ្យទីផ្សារភាគហ៊ុនធំៗនៅអាស៊ីរងការរង្គោះរង្គើយ៉ាងខ្លាំង តែបញ្ហានេះមិនបានកើតឡើងលើផ្សារភាគហ៊ុនរបស់កម្ពុជា នោះទេ។ បើតាមការអះអាងរបស់មេផ្សារហ៊ុនរូបនេះ ផ្សារភាគហ៊ុនរបស់កម្ពុជាបច្ចុប្បន្នបន្តមានស្ថិរភាព បើទោះបីផ្សារហ៊ុននៅលើពិភពលោករងការរង្គោះរង្គើក៏ដោយ។

មេផ្សារហ៊ុនរូបនេះបានវាយតម្លៃថា កត្តាដែលធ្វើឱ្យទីផ្សារភាគហ៊ុនរបស់កម្ពុជា មិនរងការរង្គោះរង្គើដូចផ្សារភាគហ៊ុនដទៃ អាចដោយសារទំហំទីផ្សារជួញដូរភាគហ៊ុនរបស់កម្ពុជា នៅមានកម្រិត បើធៀបនឹងទំហំទីផ្សាររបស់ប្រទេសក្នុងតំបន់។ ជាក់ស្តែងបច្ចុប្បន្នការជួញដូរភាគហ៊ុននៅកម្ពុជា ជាមធ្យមមានទំហំប្រមាណ៣០ម៉ឺនដុល្លារប៉ុណ្ណោះ ខណៈទីផ្សារភាគហ៊ុនរបស់ថៃ និងវៀតណាមមានទំហំជួញដូរជាង១ពាន់លានដុល្លារក្នុង១ថ្ងៃឯណោះ។

​បើតាមការអះអាងរបស់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា រូបនេះ ប្រសិនបើមិនមានអ្វីកើតឡើងខុសពីការគ្រោងទុកទេ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន ឬសញ្ញាបណ្ណមួយចំនួនទៀត ដែលវានឹងជួយធ្វើឱ្យទំហំជួញដូរភាគហ៊ុននៅកម្ពុជា មានការកើនឡើងបន្ថែមទៀត។

​គួរបញ្ជាក់ថា មកទល់ពេលនេះផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន២៣ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងចំនួន១២ចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ ឬបណ្ណបំណុល ដោយក្រុមហ៊ុនទាំងនេះអាចកៀរគរទុនបានប្រមាណជិត៤០០លានដុល្លារ​។

សូមរំលឹកថា ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន ប្រកាសបោះបង់ការប្រជែងតំណែងប្រធានាធិបតីក្នុងអាណត្តិទី២ បានធ្វើឱ្យទីផ្សារភាគហ៊ុននៅអាស៊ីប៉ាស៊ីហ្វិករងការរង្គោះរង្គើយ៉ាងខ្លាំង ក្នុងនោះសន្ទស្សន៍ភាគហ៊ុន ហង្ស សេង របស់ហុងកុង ដែលបានកើនឡើងបន្តិចមុនពេលបិទទីផ្សារជួញដូរ​កាលពីចុងសប្តាហ៍មុន ស្រាប់តែធ្លាក់ចុះប្រហែល០,២% ស្របពេលដែលទីផ្សារភាគហ៊ុន CSI 300 របស់ចិនដីគោក បានធ្លាក់ចុះ០,៧២% ហើយទីផ្សារភាគហ៊ុនជប៉ុន បានធ្លាក់ចុះដល់ទៅ១,១៧%៕

None



អត្ថបទបន្ទាប់


តើការនាំចូលគ្រឿងសំណង់កើនឡើងជាង២២% វាបានបង្ហាញការងើបឡើងវិញនៃវិស័យសំណង់ ឬយ៉ាងណា?

ការនាំចូលសម្ភារ និងគ្រឿងបរិក្ខារសំណង់មកកាន់ទីផ្សារកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅឆមាសទី១ ឆ្នាំនេះ ដោយកើនឡើងប្រមាណជាង២២%…

ប្រទេសមួយចំនួនគ្រោងបើកការស៊ើបអង្កេតលើការលក់បង្ខូចថ្លៃរបស់ក្រុមហ៊ុនចិន ក្រោយតម្លៃដែកលើទីផ្សារពិភពលោកដាំក្បាលចុះខ្លាំង

ការនាំចេញដែករបស់មហាយក្សចិន បានកើនឡើងយ៉ាងគំហុក ខណៈដែលបណ្ដាក្រុមហ៊ុនផលិតដែកចិន សម្រុកនាំចេញផលិតផលដែកច្រើនលើសលប់ទៅកាន់ទីផ្សារអន្តរជាតិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ