កម្ពុជា-ថៃឯកភាពអនុវត្តបទឈប់បាញ់

កម្ពុជា-ថៃឯកភាពអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ


កម្ពុជា និងថៃបានឯកភាពគ្នាលើលក្ខខណ្ឌចំនួន១៣ចំណុច នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ ក្រោយបញ្ចប់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនៃកិច្ចប្រជុំនេះផងដែរ។
កម្ពុជា-ថៃឯកភាពអនុវត្តបទឈប់បាញ់
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិនបានបញ្ចប់ជោគជ័យ ដោយភាគីកម្ពុជា-ថៃបានឯកភាពគ្នាលើលក្ខខណ្ឌចំនួន១៣ នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ ដោយក្នុងនោះរួមមានការព្រមព្រៀងលើបទឈប់បាញ់ ពាក់ព័ន្ធនឹងអាវុធគ្រប់ប្រភេទ រួមទាំងជនស៊ីវិល, ការរក្សាកងទ័ពនៅទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យមានការផ្លាស់ទីតាំងកងទ័ព, មិនបន្ថែមកម្លាំងយោធានៅតាមបណ្ដោយព្រំដែនទាំងមូល, មិនផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយក្នុងគោលបំណង ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយអារម្មណ៍មតិសាធារណៈ, ព្រមព្រៀងគោរពច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងការដោះស្រាយទាហានដែលត្រូវបានចាប់ និងលក្ខខណ្ឌសំខាន់ៗមួយចំនួនទៀត។

បើតាមសម្តេចធិបតី ភាគីទាំងពីរបានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន។ ទន្ទឹមនេះ ភាគីទាំងពីរ បានឯកភាពរៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយពីកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃក្នុងទម្រង់ដូចលើកនេះផងដែរ។ យ៉ាងណាមិញ ភាគីកម្ពុជា ក៏បានស្នើសុំឱ្យមានការដោះលែងយោធិនកម្ពុជាទាំង១៨រូបដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃឱ្យបានឆាប់រហ័សផងដែរ។

គួរជម្រាបថា កិច្ចប្រជុំ GBC នេះជាការអនុវត្តនូវចំណុច ដែលបានឯកភាពគ្នារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ នៅក្នុងកិច្ចប្រជុំពិសេសនៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។

ពាក់ព័ន្ធបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃនេះដែរ នៅក្នុងជំនួបជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក និងលោក Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានឱ្យដឹងថា សហរដ្ឋអាម៉េរិកនឹងចូលរួមគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ានឱ្យបានលឿនបំផុត។ លើសពីនេះ សហរដ្ឋអាមេរិក ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាម៉េរិកដូចជាការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត ដែលទាំងនេះ គឺជាការបង្ហាញពីការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួមកសាងឱ្យមានសន្តិភាពកើតឡើងពិតប្រាកដ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិកចូលជាធរមាននៅថ្ងៃនេះ!

ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិកបានចូលជាធរមានចាប់ពីថ្ងៃទី៧ ខែសីហា តទៅ ដោយលោក ដូណាល់ ត្រាំ បានអះអាងថា មានប្រទេសជាង៩០នៅជុំវិញពិភពលោករ…

លោក ដូណាល់ ត្រាំ ដាក់ពន្ធលើទំនិញឥណ្ឌា ៥០% ក្រោយប្រទេសនេះនៅតែរឹងទទឹងទិញប្រេង និងឧស្ម័នពីរុស្ស៊ី

ការទិញប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី ដែលកំពុងរងទណ្ឌកម្មជុំទិសបានធ្វើឱ្យឥណ្ឌា ខាតបង់ធ្ងន់ធ្ងរ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដំឡើងព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ