កសិដ្ឋានចិញ្ចឹមក្ងាន

កសិដ្ឋានចិញ្ចឹមក្ងានធំមួយនៅកំពង់ស្ពឺធ្លាក់ចុះការលក់ខ្លាំង ក្រោយស្ងាត់ជនជាតិចិន


លោក គង់ ងី ម្ចាស់កសិដ្ឋានចិញ្ចឹមក្ងានធំ និងដំបូងគេមួយដែលមានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានរៀបរាប់ប្រាប់ខេមណូមីស ថា បច្ចុប្បន្នការលក់ក្ងានរបស់លោកហាក់មានថមថយជាងមុនគួរឲ្យកត់សម្គាល់បើធៀបនឹងកាលពី២ឆ្នាំមុន ពោលគឺនៅក្រោយពេលស្ងាត់វត្តមានជនជាតិចិននៅកម្ពុជា។
កសិដ្ឋានចិញ្ចឹមក្ងានធំមួយនៅកំពង់ស្ពឺ
ដោយ

នៅក្នុងប្រទេសកម្ពុជា ក្ងាន ធ្លាប់តែមានការចិញ្ចឹមតិចតួចលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្ដែ បុរសម្នាក់នេះ បានបែកគំនិតចិញ្ចឹមក្ងានជាលក្ខណៈកសិដ្ឋានធំក្នុងចំនួនរាប់ពាន់ក្បាល បន្ទាប់ពីបានមើលឃើញពីតម្រូវការសាច់ក្ងានមានកាន់ច្រើនឡើងៗ នៅអំឡុងពេលមានភ្ញៀវទេសចរជនជាតិចិនចូលកម្សាន្ដ និងស្នាក់នៅកម្ពុជាយ៉ាងច្រើនកាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្ដែ ចាប់តាំងពីជនជាតិចិនបានសម្រុកចាកចេញពីកម្ពុជាទៅ គួបផ្សំនឹងបញ្ហាកូវីដ-១៩រាតត្បាតផងនោះ បានធ្វើឲ្យការលក់ក្ងានរបស់កសិដ្ឋានមួយនេះ មានការថមថយចុះយ៉ាងខ្លាំង ខណៈដែលការចិញ្ចឹមធ្លាប់មានដល់ទៅជិត១ម៉ឺនក្បាល បានធ្លាក់មកនៅត្រឹមជាង១៥០០ក្បាលវិញ។

លោក គង់ ងី ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ងានធំមួយនេះ ដែលមានទីតាំងនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានរៀបរាប់ប្រាប់ខេមបូណូមីសថា លោកបានចាប់ផ្ដើមប្រកបរបរចិញ្ចឹមក្ងាននេះ អស់រយៈពេលបីឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ២០១៨មក ដោយយកពូជមកពីប្រទេសចិន។

កត្តាជំរុញឲ្យលោកចាប់យករបរចិញ្ចឹមក្ងាននេះ  ដោយសារនៅអំឡុងពេលឆ្នាំ២០១៨ ប្រទេសកម្ពុជា សម្បូរភ្ញៀវជនជាតិចិនចូលមកកម្សាន្ដ និងស្នាក់នៅ ហើយពួកគេនិយមទទួលទានសាច់ក្ងានយ៉ាងខ្លាំង ដោយក្នុងមួយថ្ងៃ ការលក់របស់លោកអាចលក់បានចន្លោះពី ៦០ ទៅ៧០ក្បាលក្នុងមួយថ្ងៃ ខណៈដែលក្ងានមួយក្បាលទម្ងន់ប្រហែល១០គីឡូអាចលក់បានដល់ទៅ ៣០ដុល្លារក្នុងមួយក្បាល។

លោក គង់ ងី បន្ថែមថា ដំបូងឡើយ លោក​បានចាប់ផ្ដើមទិញពូជក្ងាន​ពីប្រទេសចិន​មកចិញ្ចឹម​ត្រឹមតែ៤០០ ទៅ៥០០ក្បាលប៉ុណ្ណោះ ដោយមានការរៀនបច្ចេកទេសចិញ្ចឹមនេះពីជនជាតិចិន។ លុះក្រោយមក ការចិញ្ចឹម​របស់​លោក​ពង្រីក​កាន់តែច្រើនចូលរដល់ជិត​១ម៉ឺនក្បាល ប៉ុន្ដែ ក្រោយពេល​ស្ងាត់ជនជាតិ​ ការលក់ធ្លាក់ចុះ ការចិញ្ចឹម​របស់លោក ក៏បន្ថយមកនៅត្រឹមតែជាង​១៥០០ក្បាលវិញ។

បើទោះបីជា ក្រោយពេលជនជាតិចិនចាកចេញពីកម្ពុជា និងមានបញ្ហាកូវីដ-១៩រាតត្បាត បានធ្វើឲ្យការលក់ក្ងានសាច់មានការធ្លាក់ចុះក្ដី ប៉ុន្ដែ លោក គង់ ងី អះអាងថា បច្ចុប្បន្ន លោកកំពុងប្ដូរយុទ្ធសាស្ត្រ ដោយក្រៅតែពីការលក់ក្ងានសាច់ លោកក៏មានលក់ជាកូនក្ងានពូជផងដែរ ដោយទីផ្សារភាគច្រើនមាននៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងបណ្ដាខេត្តមួយចំនួនទៀត។

ទាក់ទងនឹងការចិញ្ចឹមថែទាំក្ងានវិញ ម្ចាស់កសិដ្ឋានរូបនេះ បានលើកឡើងថា ក្ងានរបស់លោកជាង១៥០០ក្បាលនេះ ស៊ីចំណីអស់ប្រហែល៦តោនក្នុងមួយខែ ដោយភាគច្រើនជាស្រូវធម្មជាតិ។

លោក គង់ ងី បន្ថែមថា បច្ចុប្បន្ននេះ ដោយសារតែ លោកផ្ដោតលើការចិញ្ចឹមលក់កូនច្រើនជាងលក់សាច់ ហើយលោកក៏មានផែនការនឹងពង្រីកការចញ្ចឹមមេក្ងានពូជបន្ថែមទៀតឲ្យបានដល់២០០០ក្បាលនៅថ្ងៃខាងមុខ នៅពេលដែលតម្រូវការទីផ្សារកាន់តែធំទូលាយជាងនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមក្ងានរបស់លោក គង់ ងី មានក្ងានមេ និងឈ្មោល សរុបប្រមាណជាង ១ពាន់ក្បាល និងកូន ៥០០ក្បាល។ ដោយក្នុងនោះ ក្ងានពូជទាំងជាង១ពាន់ក្បាលនេះ អាចពង និងភ្ញាស់កូនបានក្នុងមួយឆ្នាំប្រហែលជាង១ម៉ឺនក្បាល ខណៈដែលកូនក្ងានមួយក្បាលអាចលក់បានតម្លៃ១០ដុល្លារអាមេរិក និងក្ងានសាច់មួយក្បាលទម្ងន់ប្រហែល១០គីឡូក្រាមលក់ក្នុងតម្លៃ ៣០ដុល្លារអាមេរិក៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋម៉ាឡេស៊ីជិត៨លាននាក់ប្រឈមបាត់បង់ការងារធ្វើ ប្រសិនបើការបិទខ្ទប់អូសបន្លាយហួសខែកញ្ញា

ព័ត៌មាន
សមាគមសហគ្រាសធុនតូច និងមធ្យម ប្រទេសម៉ាឡេស៊ី បានសម្តែងការព្រួយបារម្ភខ្លាំងក្រោយមើលឃើញថា ពាក់កណ្តាលនៃកម្មករនិយោជិតសរុបជិត ១៦លាននាក់ ដែលធ្វ…

តើអតិផរណាតម្លៃទំនិញនៅកម្ពុជា មានការប្រែប្រួលកម្រិតណានៅអំឡុងពេលកូវីដ-១៩រាតត្បាតខ្លាំងនេះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា អតិផរណាតម្លៃទំនិញនៅកម្ពុជាមិនបានឈានដល់កម្រិតគួរឲ្យព្រួយបារម្ភនោះទេ នៅឆមាសទី១ឆ្នាំ២០២១នេះ។ មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ