កម្ពុជា - មជ្ឈមណ្ឌលភស្តុភារទំនើប

កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេ ដើម្បីជំរុញពាណិជ្ជកម្ម ការតភ្ជាប់ និងកាត់បន្ថយចំណាយ


ប្រទេសកម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារទំនើបលំដាប់ពិភពលោកតម្លៃរាប់រយលានដុល្លារដំបូងគេមួយ បន្ទាប់ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការថ្មីមួយជាមួយក្រុមហ៊ុនធំៗចំនួន២នៅក្នុងតំបន់ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ភាពជាដៃគូថ្មីនេះនឹងផ្តល់នូវការជំរុញដ៏សំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេ ដើម្បីជំរុញពាណិជ្ជកម្ម ការតភ្ជាប់ និងកាត់បន្ថយចំណាយ

Cambodia SuperPort ឬ មជ្ឈមណ្ឌលភស្តុភារភ្នំពេញ (PPLC) នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន PPLC Support and Industrial Co. Ltd. ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group។​

គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPCL) នេះ ត្រូវបានសម្ពោធដាក់តាំងបង្ហាញជាផ្លូវការអមជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកា​ឆ្នាំ២០២២។ ថ្នាក់ដឹកនាំ ក្រុមហ៊ុន YCH Group ធ្លាប់បានលើកឡើងកាលពីអំឡុងពិធីបើកសម្ពោធដាក់តាំងបង្ហាញគម្រោងនេះថា តាមផែនការ គម្រោង ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារនេះ នឹងត្រូវធ្វើឡើងជា ៣ដំណាក់កាល ដោយក្នុងនោះ ដំណាក់កាលទី១ នឹងត្រូវចាប់ផ្ដើមឡើងនៅឆ្នាំ២០២៣ និងអាចបញ្ចប់នៅឆ្នាំ២០២៥។

លោក Robert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YCH Group និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច អាស៊ានរបស់ប្រទេសសិង្ហបុរី មានប្រសាសន៍ថា ពិធីចុះហត្ថលេខានេះ គឺជាព្រឹត្តិការដ៏សំខាន់មួយទៀត ដើម្បីអភិវឌ្ឍការតភ្ជាប់ភស្តុភារ និងច្រវ៉ាក់ផ្គត់ផ្គង់នៅទូទាំងអាស៊ាន។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម SGConnect និងគម្រោងទីពីររបស់ខ្លួន Cambodia SuperPort នឹងលើកកម្ពស់ភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់កម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពហុទម្រង់លំដាប់ពិភពលោក ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច។

លោក Robert Yap បន្ថែមថា «យើងមានទំនុកចិត្តថា Cambodia SuperPort នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញច្រវ៉ាក់ផ្គត់ផ្គង់ និងការតភ្ជាប់ភស្តុភារសម្រាប់អាស៊ាន និងក្រៅពីអាស៊ាន ជាមួយនឹងការប្រើប្រាស់បច្ចេកវិជ្ជាទំនើប និងដំណើរការល្អបំផុត ដើម្បីកែលម្អថ្លៃដើមនៃភស្តុភារ និងពេលវេលាទៅកាន់ទីផ្សារ ក៏ដូចជាការអភិវឌ្ឍទេពកោសល្យក្នុងស្រុក ដើម្បីលើកកំពស់ស្តង់ដារសម្រាប់ឧស្សាហកម្មភស្តុភារក្នុងកម្ពុជា»។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group មានប្រសាសន៍ថា អ្នកឧកញ៉ា មានសេចក្តីសោមនស្សរីករាយដែល IFC បានជ្រើសរើសគាំទ្រ Cambodia SuperPort។ គ្រឿងបរិក្ខារនេះនឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់គ្រឿងបរិក្ខារសម្រាប់ការផលិតជំនាន់ក្រោយនៅកម្ពុជា។ ជាមួយនឹងក្រុមហ៊ុន YCH Group ដឹកនាំគម្រោងនេះ អ្នកឧកញ៉ា មានទំនុកចិត្តថាសមត្ថភាពរបស់ Cambodia SuperPort ជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃបន្ថែមផ្នែកដឹកជញ្ជូននឹងលើកកំពស់ជំហររបស់ប្រទេសកម្ពុជានៅក្នុងតំបន់ ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា។

អ្នកឧកញ៉ា សៀ ឫទ្ធី បញ្ជាក់បន្ថែមថា ភស្តុភារគឺជាវិស័យសំខាន់មួយសម្រាប់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ខណៈដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជាកំពុងបង្កើតផែនការមេសម្រាប់ការតភ្ជាប់ពហុមធ្យោបាយ និងភស្តុភារ។ គម្រោងនេះនឹងគាំទ្ររដ្ឋាភិបាលក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ និងលើកកម្ពស់ការតភ្ជាប់បណ្តាញភស្តុភារ និងការផ្គត់ផ្គង់របស់ប្រទេស។

លោក Riccardo Puliti អនុប្រធាន សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ការអភិវឌ្ឍន៍កំពង់ផែទំនើបលំដាប់ពិភពលោកតម្លៃរាប់លានដុល្លារនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចកម្ពុជា និងជំរុញការតភ្ជាប់នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយផ្តល់នូវច្រវ៉ាក់ផ្គត់ផ្គង់កាន់តែលឿន និងមានប្រសិទ្ធភាពក្នុងតំបន់ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់។ លោក បន្ថែមថា ភស្តុភារ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំពង់ផែទំនើបនេះក៏នឹងគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក ហើយ IFC នឹងធ្វើការជាមួយដៃគូរបស់ខ្លួនដើម្បីលើកកម្ពស់ការផលិតដែលមានតម្លៃខ្ពស់នៅក្នុងតំបន់ ខណៈពេលដែលពង្រីកសមាហរណកម្មរបស់ខ្លួនទៅក្នុងច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មពិភពលោក។

យ៉ាងណាក៏ដោយចុះ គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មដ៏ធំមួយនេះ នៅមិនទាន់មានការបង្ហាញពីទីតាំងជាក់លាក់នៅឡើយទេ ដោយគ្រាន់តែមានការបង្ហើបឲ្យដឹងថា វានឹងស្ថិតនៅចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយនៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPort ក្លាយជាកន្លែងដឹកជញ្ជូនពហុទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។ ដោយសារប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ SuperPort អាចដើរតួជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារក្នុងតំបន់ ដែលរួមចំណែកដល់ការផ្លាស់ប្តូរផ្លូវពាណិជ្ជកម្មតាមប្រទេសកម្ពុជា។ ការណ៍នេះនឹងជួយកាត់បន្ថយការចំណាយលើផ្នែកភស្តុភារទាំងមូល ការកែលម្អប្រសិទ្ធភាពច្រវ៉ាក់ផ្គត់ផ្គង់ ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា៕




អត្ថបទបន្ទាប់


ធនាគារកណ្តាលថៃរំពឹងទំហំបំណុលគ្រួសារធ្លាក់ចុះក្រោម ៨០%នៃ GDP

ធនាគារកណ្តាលថៃបង្ហាញពីក្ដីរំពឹងចង់ឲ្យ កម្រិតបំណុលគ្រួសារនៅក្នុងប្រទេសថៃ ស្ថិតនៅក្រោម ៨០% នៃផលិតផលក្នុងស្រុកសរុប ដើម្បីជួយកាត់បន្ថយហានិភ័យស…

លោកហេ្សឡេនស្គី ដង្ហោយឲ្យសម្ព័ន្ធមិត្តផ្ដល់សព្វាវុធឲ្យបានលឿនបំផុត ខណៈរុស្ស៊ីវាយលុកភាគខាងកើតអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជំរុញឱ្យសម្ព័ន្ធមិត្តមានភាពរហ័សរហួនក្នុងការបញ្ជូនជំនួយយោធាបន្ថែមទៀតមកដល់ខ្លួន ខណៈដែលរដ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ