រុស្ស៊ីវាយលុកភាគខាងកើតអ៊ុយក្រែន

លោកហេ្សឡេនស្គី ដង្ហោយឲ្យសម្ព័ន្ធមិត្តផ្ដល់សព្វាវុធឲ្យបានលឿនបំផុត ខណៈរុស្ស៊ីវាយលុកភាគខាងកើតអ៊ុយក្រែន


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជំរុញឱ្យសម្ព័ន្ធមិត្តមានភាពរហ័សរហួនក្នុងការបញ្ជូនជំនួយយោធាបន្ថែមទៀតមកដល់ខ្លួន ខណៈដែលរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូបានជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសេល ចំពេលដែលកងកម្លាំងរុស្ស៊ីបានបើកឆាកប្រយុទ្ធថ្មីនៅសមរភូមិភាគខាងកើតដូចជាការទម្លាក់គ្រាប់បែក និងបាញ់ស្រោចដោយកាំភ្លើងធំជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
កងទ័ពរុស្ស៊ីបើកការវាយលុកថ្មីលើកងកម្លាំងអ៊ុយក្រែនក្នុងសមរភូមិភាពខាងកើត

ការបាញ់កាំភ្លើងធំរបស់រុស្ស៊ីភាគច្រើន គឺបានបាញ់សំដៅមកលើតំបន់ Bakhmut ជាទីក្រុងដែលត្រូវបានទម្លាក់គ្រាប់បែកច្រើនជាងគេក្នុងខេត្ត Donetsk ព្រោះវាជាគោលដៅសំខាន់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ ទោះយ៉ាងណា ទាហានអ៊ុយក្រែននៅទីនោះបានពង្រឹងទីតាំង និងជំហរក្នុងការប្រយុទ្ធតទល់គ្នាជាមួយកងទ័ពរុស្ស៊ី។

ការចាប់យកតំបន់ Bakhmut នឹងផ្តល់នូវជំហានយុទ្ធសាស្ត្រមួយសម្រាប់រុស្ស៊ីដើម្បីឈានទៅមុខក្នុងការវាយយកទីក្រុងធំជាងពីរទាំងពីរគឺ Kramatorsk និង Sloviansk ក្នុងខេត្ត Donetsk ហើយបើការវាយលុកនោះបានសម្រេចមែន នោះវានឹងផ្តល់សន្ទុះដល់កងកម្លាំងរុស្ស៊ីក្នុងសង្គ្រាម ចំពេលជិតគម្រប់ខួបមួយឆ្នាំ។

រដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ បានមកជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃអង្គារដើម្បីពិភាក្សាអំពីសង្គ្រាម និងការផ្គត់ផ្គង់ជំនួយដល់អ៊ុយក្រែន។ ជាមួយគ្នានោះ លោក Zelenskiy បាននិយាយថា រុស្ស៊ីកំពុងប្រញាប់ប្រញាល់ក្នុងវាយលុកទន្ទ្រានកាន់កាប់ចំណែកទឹកដីអ៊ុយក្រែនឱ្យបានច្រើនតាមតែអាចធ្វើទៅបាន មុនពេលដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តអាចប្រមូលកម្លាំងជាធ្លុងមួយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា អ៊ុយក្រែននឹងចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីតបវិញនៅនិទាឃរដូវ ហើយសម្ព័ន្ធមិត្តកំពុងគិតគូរធានាថា អ៊ុយក្រែននឹងមានរថពាសដែក កាំភ្លើងធំ រថក្រោះ និងភស្តុភារដទៃទៀត ដើម្បីធ្វើការវាយលុកតបវិញ។ ប្រធានអង្គការណាតូ លោក Jens Stoltenberg គូសបញ្ជាក់ដែរថា លោក ពូទីន «កំពុងរៀបចំដើម្បីធ្វើការវាយប្រហារកាន់តែខ្លាំង គឺធ្វើយ៉ាងដាក់សម្ពាធឱ្យអ៊ុយក្រែនដកថយតែម្តង»។

ស្របពេលដែលខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានកំពុងឈានមកដល់ វិមានក្រឹមឡាំងបានបង្កើនប្រតិបត្តិការសឹកនៅទូទាំងតំបន់នៃភាគខាងត្បូង និងខាងកើតអ៊ុយក្រែន។ បើតាមរបាយការណ៍នៃអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងធំលើទីប្រជុំជន និងភូមិជាង ២០ នៅតំបន់ Bakhmut ដែលជាសមរភូមិជួរមុខ។ ពួកគេក៏បានបើកការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងឧស្សាហកម្ម Kostyantynivka និង Kramatorsk ក្នុងទីក្រុង Donetsk ផងដែរ។

ដោយឡែក រថក្រោះប្រយុទ្ធធុនធ្ងន់ដែលបានសន្យាដោយសម្ព័ន្ធមិត្តបានមកដល់អ៊ុយក្រែនជាបណ្តើរៗហើយ ប៉ុន្តែទីក្រុងកៀវហាក់អស់សង្ឃឹមចំពោះការស្នើសុំយន្តហោះចម្បាំង ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ ក្រោយលោកខាងលិចសម្រេចថា មិនទាន់បញ្ចូននៅពេលនេះទេ ព្រោះខ្លាចសង្គ្រាមកាន់តែរាល់ដាលធ្ងន់ធ្ងរ និងធំធេងពិបាកគ្រប់គ្រង។

ឥឡូវនេះប្រទេសរុស្ស៊ីកាន់កាប់តំបន់ភាគខាងត្បូងនៃខេត្ត Kherson និង Zaporizhzhia រួមទាំងរោងចក្រនុយក្លេអ៊ែរនៅតំបន់នោះផងដែរ ហើយស្ទើរតែទាំងអស់នៃខេត្ត Luhansk និងជាងពាក់កណ្តាលនៃតំបន់ Donetsk។

សូមជម្រាបថា របាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ និយាយថា ប្រទេសរុស្ស៊ីបានឃុំឃាំងកុមារអ៊ុយក្រែនយ៉ាងហោចណាស់ ៦ពាន់នាក់ ដែលទំនងភាគច្រើនស្ថិតនៅក្នុងដែនដីគ្រីមៀ និងក្នុងប្រទេសរុស្ស៊ី ដែលបានគោលបំណងធ្វើការអប់រំ និងដុះខាតផ្នែកនយោបាយឡើងវិញ។ យ៉ាងណាមិញ យោងតាមប្រភពរ៉យទ័របានឱ្យដឹងថា ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេលើរឿងនេះ៕




អត្ថបទបន្ទាប់


កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេ ដើម្បីជំរុញពាណិជ្ជកម្ម ការតភ្ជាប់ និងកាត់បន្ថយចំណាយ

ព័ត៌មាន
ប្រទេសកម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារទំនើបលំដាប់ពិភពលោកតម្លៃរាប់រយលានដុល្លារដំបូងគេមួយ បន្ទាប់ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុ…

តើសេដ្ឋកិច្ចអាមេរិកនឹងប្រឈមមហន្ដរាយមែនទេ ប្រសិនបើសភាមិនព្រម ដំឡើងពិដានបំណុលជាតិ?

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានចេញមកព្រមានជាថ្មីទៀត អំពីមហន្តរាយវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាន ប្រសិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ