រតនាគារអាម៉េរិក

អ្នកជំនាញព្រមានឱ្យចិន កាត់បន្ថយការកាន់កាប់ប័ណ្ណរតនាគារអាម៉េរិក បើមិនចង់ក្លាយជាចំណាប់ខ្មាំង


ព្រឹទ្ធបុរសរងនៃសាលាសិក្សាទំនាក់ទំនងអន្តរជាតិរបស់ប្រទេសចិន បានព្រមានថា មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក ចាំបាច់ត្រូវកាត់បន្ថយការកាន់កាប់ប័ណ្ណរតនាគារអាម៉េរិក ឬមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក បន្ថែមទៀត បើមិនចង់ក្លាយជាចំណាប់ខ្មាំងរបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ចទេនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg។
រតនាគារអាម៉េរិក
ដោយ

លោក ទី តុងស៊ឹង (Di Dongsheng) ព្រឹទ្ធបុរសរងនៃសាលាសិក្សាទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យ យ៉ិនមិន ក្នុងប្រទេសចិន បានព្រមានតាមរយៈអត្ថបទចុះផ្សាយក្នុងព្រឹត្តិបត្រថា ប័ណ្ណរតនាគារអាម៉េរិក ឬមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលរដ្ឋាភិបាលចិន កាន់កាប់នៅក្នុងដៃ កំពុងក្លាយជាចំណាប់ខ្មាំងដែលរារាំងប្រទេសចិន ពីការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។

លោកបានលើកឡើងថា ប្រធានាធិបតីចិនលោក ស៊ី ជីនភីង ក៏ធ្លាប់បានសង្កត់ធ្ងន់លើការរក្សាបូរណភាពទឹកដីរបស់ប្រទេសចិន ផងដែរ ស្របពេលស្ថានការណ៍ពិភពលោកប្រែប្រួលខ្លាំងមិនធ្លាប់ជួបក្នុងរយៈពេល១០០ឆ្នាំមកនេះ។

អ្នកជំនាញខាងសិក្សាស្រាវជ្រាវរូបនេះ បានគូសបញ្ជាក់ពីសហរដ្ឋអាម៉េរិក ដែលបានបង្កកទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ី បន្ទាប់ពីរុស្ស៊ី បញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយនេះគឺជាផ្នែកមួយនៃវិធានការរបស់សហរដ្ឋអាម៉េរិក ដែលបង្កបញ្ហាប្រឈមជាច្រើនដល់បណ្ដាវិនិយោគបរទេស។

ទន្ទឹមនេះ លោក ក៏បានលើកឡើងដែរអំពីសហរដ្ឋអាម៉េរិក រឹបអូសទ្រព្យសម្បត្តិរបស់ប្រទេសអាល្លឺម៉ង់ អំឡុងសង្គ្រាមលោកលើកទី១ និងការរឹបអូសទ្រព្យសម្បត្តិរបស់ប្រទេសជប៉ុន អំឡុងសង្គ្រាមលោកលើកទី២ រួមជាមួយនឹងការចាប់ជនជាតិអាម៉េរិក ដើមកំណើតជប៉ុន ជាច្រើនដាក់ពន្ធនាគារផងដែរ ដែលទាំងអស់នេះសបង្ហាញឱ្យឃើញថា សហរដ្ឋអាម៉េរិក មានឆន្ទៈគោរពសិទ្ធិលើទ្រព្យសម្បត្តិ និងការការពារសិទ្ធិមនុស្សតែលើបបូរមាត់ប៉ុណ្ណោះ។

លោក ទី តុងស៊ឹង (Di Dongsheng) ក៏បានលើកដែរថា ផលចំណេញពីប័ណ្ណរតនាគារអាម៉េរិក ឬ មូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក បានធ្លាក់ចុះអស់រយៈពេលជាយូរមកហើយ ហើយប្រាក់ចំណេញដែលប្រទេសចិន ទទួលបានគឺតិចជាងអ្វីដែលបណ្ដាវិនិយោគិនអាម៉េរិក ទទួលបាននៅក្នុងប្រទេសចិន​។

សូមបញ្ជាក់ថា ការកាន់កាប់របស់ប្រទេសចិន នូវប័ណ្ណរតនាគារអាម៉េរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៩ ពោលគឺបានធ្លាក់មកនៅចំណាត់ថ្នាក់លេខ២ ខណៈជប៉ុនជាប់លេខ១ ជាប្រទេសដែលកាន់កាប់ប័ណ្ណរតនាគារអាម៉េរិក ច្រើនបំផុតក្នុងពិភពលោក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណេញរបស់ Samsung កើនឡើងជាង៩០០% នៅត្រីមាសទី១ឆ្នាំនេះ?

ព័ត៌មាន
ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងជាង៩០០% នៅត្រីមាសទី១ឆ្នាំនេះ ខណៈតម្លៃបន្ទះឈីបបានស្ទុះងើ…

IMF អះអាងថា ហានិភ័យដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចរបស់អាស៊ី គឺវិបត្តិអចលនទ្រព្យនៅចិន

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា អាស៊ីនឹងទទួលបានកំណើនសេដ្ឋកិច្ចរហូតដល់៤,៥% ខ្ពស់ជាងការព្យាករកាលពី៦ខែមុនរហូតដល់ទៅ០,៣%។ ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ