វិស័យពាណិជ្ជកម្ម

កម្ពុជានឹងពង្រឹងការត្រួតពិនិត្យប្រភពដើមទំនិញនាំចេញទៅទីផ្សារអាម៉េរិក ដើម្បីបង្ការការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ


កម្ពុជា ប្តេជ្ញានឹងបង្កើនការរឹតបន្តឹង និងត្រួតពិនិត្យលើការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) លើរាល់ទំនិញ ដែលនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដើម្បីចូលរួមទប់ស្កាត់ការគេចវេសពន្ធ និងការក្លែងបន្លំប្រភពដើមទំនិញ ក៏ដូចជាការបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ការបង្កើនការត្រួតពិនិត្យនេះ ធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាម៉េរិក បានដាក់ពន្ធបដិការលើទំនិញនាំចូលពីកម្ពុជាខ្ពស់កប់ពពករហូតដល់៤៩% ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
វិស័យពាណិជ្ជកម្ម
ដោយ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការរឹតបន្តឹងលើការត្រួតពិនិត្យប្រភពដើមនៃផលិតផលនាំចេញវាមានសារសំខាន់ណាស់ ព្រោះវាជួយធានាភាពត្រឹមត្រូវនៃការធ្វើពាណិជ្ជកម្ម និងជួយការពារមុខមាត់របស់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ នាពេលកន្លងទៅនេះ កម្ពុជា បានរងឥទ្ធិពលមិនល្អដោយសារតែប្រភពដើមទំនិញនាំចេញ ជាហេតុធ្វើឱ្យមានបញ្ហាជាមួយប្រទេសដែលជាដៃគូបញ្ជាទិញ តួរយ៉ាងដូចជាការដាក់ពន្ធលើបន្ទះសូឡាពីសំណាក់សហរដ្ឋអាម៉េរិកជាដើម។

ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក អ្នកជំនាញរូបនេះយល់ឃើញថា មានតែការចរចាជាមួយអាម៉េរិក និងការពង្រឹងលើប្រភពដើមនៃផលិតផលសម្រាប់នាំចេញ ក៏ដូចជាធ្វើពិពិធកម្មពាណិជ្ជកម្មជាមួយអន្តរជាតិ និងពង្រឹងពាណិជ្ជកម្មក្នុងស្រុកដើម្បីកសាងភាពធន់នៃសេដ្ឋកិច្ច។ ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ជឿជាក់ថា សហរដ្ឋអាម៉េរិក អាចនឹងផ្លាស់ប្ដូរពន្ធបដិការដោយសារតែអ្វីដែលបានដាក់ចេញបានធ្វើឱ្យខូចដល់សណ្ដាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាម៉េរិក ដោយសារទំនិញឡើងថ្លៃជាដើម។

​ជាមួយគ្នានេះ ​ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) យល់ឃើញថា ដើម្បីឱ្យសហរដ្ឋអាម៉េរិក មានទំនុកចិត្តលើផលិតផល ដែលនាំចេញពីកម្ពុជា មានប្រភពច្បាស់លាស់ និងពិតប្រាកដ កម្ពុជា ត្រូវគ្រប់គ្រង និងពង្រឹងសុក្រឹតភាព នៃប្រភពដើមទំនិញក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីផ្តល់នូវទំនុកចិត្ត និងភាពស្អាតស្អំ អំពីគុណភាព និងប្រភពទំនិញច្បាស់លាស់។ សម្រាប់អ្នកជំនាញរូបនេះ ការអនុវត្តបែបនេះ គឺដើម្បីឱ្យមានតម្លាភាព និងភាពស្មោះត្រង់ដល់ដៃគូរពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសទីផ្សារ សហរដ្ឋអាម៉េរិកក្នុងពេលដែលសហរដ្ឋអាម៉េរិក កំពុងមានការរឹតត្បិត និងដាក់ពន្ធបដិការលើប្រទេសមួយចំនួនលើពិភពលោករួមទាំងកម្ពុជា។ លើសពីនេះ វាក៏ជាផ្នែកមួយក្នុងការផ្តល់ភាពទុកចិត្តដល់សហរដ្ឋអាម៉េរិក ដើម្បីផ្តល់ភាពត្រឹមត្រូវ និងស្អាតស្អំដល់កម្ពុជា និងអ្នកវិនិយោគនៅកម្ពុជា ទទួលបានផលចំណេញស្មើភាព និងបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក តទៅទៀត។

ពាក់ព័ន្ធបញ្ហានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងប្រកាសពីវិធានការដើម្បីទប់ស្កាត់ចំពោះការឆ្លៀតឱកាសនាំចេញទំនិញជ្រកក្រោមស្លាកសញ្ញាផលិតនៅប្រទេសកម្ពុជា។ សម្រាប់សម្តេចធិបតី ការពង្រឹងការត្រួតពិនិត្យប្រភពដើមទំនិញ ជាការបង្ហាញពីឆន្ទៈក្នុងការទប់ស្កាត់ការធ្វើពាណិជ្ជកម្មដោយមិនត្រឹមត្រូវ។

​ជុំវិញបញ្ហាប្រភពដើមទំនិញនេះដែរ ក្រសួងពាណិជ្ជកម្ម កំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយនឹងពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើម និងតម្លៃបន្ថែមក្នុងស្រុក ដើម្បីធានាបាននូវតម្លាភាព និងអនុលោមភាពតាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញរបស់សហរដ្ឋអាម៉េរិក ផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


កម្ពុជា ប្រមូលចំណូលពន្ធពីវិស័យកាស៊ីណូ បានជាង២៨លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្ម ឬកាស៊ីណូ មានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជាច្រើន…

កសិករថៃ កំពុងរងទុក្ខដោយសារការធ្លាក់ចុះតម្លៃកសិផល និងស្នើឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់

ប្រធានសមាគមអ្នកធ្វើកសិកម្មថៃ បានជំរុញឱ្យរដ្ឋាភិបាលថៃ ត្រូវអនុវត្តវិធានការមួយចំនួនជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាការធ្លាក់ចុះតម្លៃកសិផល ជាពិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ