ជាក់ស្តែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចង្អៀត នៅកោះសេប៊ូ កាលពីថ្ងៃទី២៩ ខែមករា ម្ចាស់ផ្ទះហ្វីលីពីន បានបើកដៃឱ្យកម្ពុជា បកអាក្រាតពីទង្វើឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលរុញឱ្យបញ្ហានេះក្លាយជារបៀបវារៈដ៏ក្តៅគគុកមួយចំពោះប្រមុខការទូតតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Inquirer របស់ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា។
ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រើវេទិកាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត ដែលហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ បកអាក្រាតពីសកម្មភាពរំលោភបំពានដ៏អាក្រក់របស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងដែលកំពុងអនុវត្តបទឈប់បាញ់។ សកម្មភាពរបស់យោធាថៃ ដែលត្រូវបានប្រមុខការទូតកម្ពុជា បកអាក្រាតរួមមានការរាយបន្លាលួស ការតម្រៀបទូរកុងតឺន័ររារាំងផ្លូវសាធារណៈមិនឱ្យពលរដ្ឋចូលលំនៅឋាន ការបង្ហូតទង់ជាតិថៃ លើដីខ្មែរ ការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិល។ ឆ្លើយតបនឹងការបកអាក្រាតនេះ ប្រមុខការទូតថៃ បានព្យាយាមឆ្លើយបង្វែរ និងបកស្រាយលាងខ្លួនក្នុងចេតនាបិទបាំងទង្វើអមនុស្សធម៌របស់យោធាថៃ។
ពាក់ព័ន្ធស្ថានភាពដ៏តានតឹងនេះរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ម៉ា តេរីសា ឡាហ្សារ៉ូ (Ma. Theresa P. Lazaro) ក្នុងនាមជាប្រធានអាស៊ាន ទោះបីមិននិយាយចំឈ្មោះប្រទេសថៃ ប៉ុន្តែបានជំរុញឲ្យប្រទេសអាស៊ានទាំងអស់ប្រកាន់ខ្ជាប់នូវនីតិរដ្ឋ លុបបំបាត់សកម្មភាពឯកតោភាគី និងគោរពច្បាប់អន្តរជាតិ ព្រោះការធ្វើសកម្មភាពផ្ទុយពីនេះនឹងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់អន្តរជាតិ។
ជាមួយគ្នានេះប្រមុខការទូតហ្វីលីពីន ជំរុញឲ្យសមភាគីនៅក្នុងតំបន់យកចិត្តទុកដាក់កាត់បន្ថយភាពតានតឹងនៅលំហរសមុទ្រជម្លោះផ្ទៃក្នុង ដែលអូសបន្លាយ កង្វល់ព្រំដែន និងបញ្ហាមនុស្សធម៌ ដែលមិនទាន់ដោះស្រាយ ដើម្បីស្តារផលប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងបំផ្លាញស្ថាប័នពហុភាគី និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានមូលដ្ឋានលើច្បាប់។
បើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំខាងលើ អាស៊ាន បានប្រកាសស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ កាលពីចុងឆ្នាំ២០២៥ និងទាមទារឱ្យភាគីទាំងពីរអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព មិនមែនគ្រាន់តែជាអក្សរលើក្រដាសឡើយ។ ជាមួយគ្នានេះ ប្រមុខការទូតអាស៊ាន បានសម្រេចបន្តអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីចុះផ្ទៀងផ្ទាត់សភាពការណ៍ជាក់ស្តែងនៅនឹងកន្លែង ដើម្បីធានាថាបទឈប់បាញ់ត្រូវបានគោរព។
ជាការកត់សម្គាល់ការផ្ទេរតួនាទីសម្របសម្រួលពីម៉ាឡេស៊ី ឱ្យហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានថ្មី ត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់ក្នុងការដាក់ខ្សែភ្នែកតំបន់ឱ្យតាមដានរាល់សកម្មភាពយោធារបស់ថៃ នៅតាមបន្ទាត់ព្រំដែនកម្ពុជា ដើម្បីស្ដារឡើងវិញនូវសន្តិភាព និងសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ជាមូលដ្ឋាន៕
ដោយៈ សរ សុជាតិ