បើទោះបីជា កម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬ ករណីវិជ្ជមានជំងឺនេះក្ដី ប៉ុន្ដែក្រសួងសុខាភិបាលបានណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នជានិច្ច ពិសេសត្រូវតាមដានមើលអ្នកដំណើរចូលមកកម្ពុជា ដែលមានរោគសញ្ញាសង្ស័យ ដូចជាមានកន្ទួលលើស្បែក អមដោយគ្រុនក្ដៅ និងមានប្រវត្តិធ្វើដំណើរមកពីតំបន់អាហ្វ្រិកជាដើម។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា មេ ការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា ត្រូវបានបញ្ជាក់កាលពីនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ នៅចក្រភពអង់គ្លេស ដោយចាប់ផ្ដើមនៅលើអ្នកដំណើរអង់គ្លេសម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា ដែលជាកន្លែងមានជំងឺនេះ បានកើតមានបែបអង់ដេមី (Endemic area) ហើយរោគសញ្ញាជំងឺអុតស្វា បានកើតឡើងលើបុគ្គលនោះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ជំងឺអុតស្វា គឺជាជំងឺដែលឆ្លងដោយវីរុស (ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូពិចដែលមានភ្លៀងនៃអាហ្វ្រិកកណ្តាល និងអាហ្វ្រិកខាងលិច ហើយជួនកាលមានបញ្ជូនការចម្លងជំងឺនេះ ទៅកាន់តំបន់ផ្សេងៗទៀតផងដែរ។ ហើយបើតាមការរាយការណ៍ពីសារព័ត៌មាន CNN ដែលបានស្រង់ទិន្នន័យពីអង្គការសុខភាពពិភពលោកបង្ហាញថា ជំងឺនេះ ត្រូវបានរកឃើញជិត១០០ករណីហើយ នៅប្រទេសជាង១០ ដែលភាគច្រើនគឺមានឆ្លងនៅប្រទេសតំបន់អឺរ៉ុប។ ប៉ុន្ដែ មកទល់ពេលនេះ មិនទាន់មានការរាយការណ៍អំពីករណីស្លាប់នៅឡើយនោះទេ។
តាមរបាយការណ៍ដោយ Reuters នៅថ្ងៃទី២១ ខែឧសភា អង្គការសុខភាពពិភពលោកបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃមេរោគនេះផងដែរ ដោយអ្នកផ្តល់ប្រឹក្សាអំពីហានិភ័យនៃការឆ្លងជំងឺបានលើកឡើងថា ជំងឺនេះអាចបង្កជាការគំរាមកំហែងសុខភាពសកល។ រីឯមន្ត្រីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិកយល់ឃើញថា វាហាក់ដូចជាមានហានិភ័យទាបសម្រាប់សាធារណជនទូទៅនាពេលនេះ ចំណែកអ្នកវិទ្យាសាស្ត្រ ក៏មិនបានរំពឹងថា ការផ្ទុះឡើងនៃជំងឺនេះ នឹងវិវត្តទៅជាជំងឺរាតត្បាតដូចជំងឺកូវីដ១៩ទេ ព្រោះវីរុសនេះមិនឆ្លងងាយៗដូចវីរុសកូវីដ១៩។
បើទោះបីជា កម្ពុជា មិនទាន់មានករណីសង្ស័យ ឬមានរកឃើញនូវករណីឆ្លងជំងឺអុតស្វាក៏ដោយចុះ ប៉ុន្ដែ ក្រសួងសុខាភិបាលបានណែនាំឲ្យ ប្រជាជនត្រូវប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក ប្រមាណជា ១០ប្រទេស ដែលមានការកើតឡើងនូវជំងឺអុតស្វា បែបអង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ១១៥ ផងដែរ។
បើតាមលោកជំទាវ ឱ វណ្ណឌីន រោគសញ្ញានៃជំងឺអុតស្វា មានដូចជា ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក ដែលកន្ទួលមានទំនោរប្រមូលផ្តុំនៅលើមុខ បាតដៃ និងបាតជើង លើសពីនេះ មាត់ ប្រដាប់ភេទ និងភ្នែក ក៏អាចរងផលប៉ះពាល់ផងដែរ ហើយរោគសញ្ញា និងកន្ទួលលើស្បែកជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍។ រោគសញ្ញានៃជំងឺអុតស្វានេះ នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ប៉ុន្តែក្នុងករណីខ្លះ ជំងឺនេះអាចនាំឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាល និងអាចបណ្តាលឱ្យស្លាប់ផងដែរ៕