សារព័ត៌មានវៀតណាមដដែលនេះ បានស្រង់សម្ដីរបស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ការនាំចេញផ្លែចេកអំបូងលឿងមានការកើនឡើងនេះ គឺមានតាំងពីពេលដែលប្រទេសចិន បានទទួលស្គាល់ថា ការនាំចេញចេករបស់កម្ពុជា គឺប្រកាន់ខ្ជាប់ដោយគោរពតាមស្ដង់ដារដែលបានកំណត់។
ឯកឧត្តម ងិន ឆាយ បានបន្ថែមទៀតថា ទំហំនៃការនាំចេញផ្លែចេកអំបូងលឿងរបស់កម្ពុជា នឹងបន្តកើនឡើងថែមទៀត នៅក្នុងពេលខាងមុខ ខណៈដែលការបញ្ជាទិញពីប្រទេសចិនកំពុងកើនឡើងកាន់តែច្រើនឡើងៗ ហើយក្រុមហ៊ុនជាច្រើនកំពុងពង្រីកតំបន់ដាំដុះរបស់ពួកគេផងដែរ។
ចេកអំបូងលឿង គឺជាផលិតផលសំខាន់សម្រាប់ការនាំចេញ ព្រោះវាធន់ និងមិនឆាប់ទុំលឿនពេកនោះទេ។ ក្នុងផ្ទៃដី ១ហិកតា អាចប្រមូលផលបាន៣ដង ក្នុងរយៈពេល ២ឆ្នាំ ក្នុងចន្លោះពី ៦០ ទៅ ៧៣ តោនក្នុងមួយឆ្នាំ។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម កាលពីឆ្នាំ២០១៩ ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា សម្រេចបានជិត ១៦ម៉ឺនតោន ដោយភាគច្រើនបំផុតនាំចេញទៅកាន់ប្រទេសចិន និងមួយចំនួនទៀត នាំចេញ ទៅកាន់ទីផ្សារប្រទេសវៀតណាម និងជប៉ុន។
សូមបញ្ជាក់ថា បើទោះបីជាមានវិបត្តិសកល កូវីដ-១៩ បាននិងកំពុងវាយប្រហារលើសេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាក៏ដោយ ប៉ុន្ដែ បើមើលទៅលើរបាយការណ៍ពីក្រសួងកសិកម្ម នៅ៩ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបជិត ៦លានតោនឯណោះ។ ក្នុងនោះ ផលិតផលកសិកម្មសំខាន់ៗដែលបាននាំចេញ មានដូចជា អង្ករ ដំឡុងមី គ្រាប់ស្វាយចន្ទី ពោត ចេក ក្រូចថ្លុង ស្វាយ ម្រេច និងម្ទេសជាដើម។
ដោយឡែក នៅពេលឆាប់ៗខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ក៏នឹងគ្រោងចុះហត្ថលេខា និងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះដែរ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ក្រសួងកសិកម្មធ្លាប់ថា នឹងជួយបើកចំហរទីផ្សារចិន សម្រាប់ផលិតផលកសិកម្មរបស់កម្ពុជាកាន់តែច្រើនបន្ថែមទៀត៕