
លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រចំពោះចំណាត់របស់រាជរដ្ឋាភិបាល ដែលបិទការនាំចូលបន្លែ ផ្លែឈើរបស់ថៃ ចូលមកទីផ្សារកម្ពុជា ដ្បិតវាជាផ្នែកមួយជួយលើកកម្ពស់ជីវភាពរបស់កសិករ ក៏ដូចជាជួយជំរុញផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា។ អ្នកជំនាញរូបនេះ ជឿជាក់ថា កសិករ និងអ្នកនាំចេញបន្លែ និងឈើរបស់ថៃនឹងរងការខាតបង់ ព្រោះកម្ពុជា ជាទីផ្សារដ៏ធំមួយក្នុងការស្រូបទាញបន្លែ និងផ្លែឈើរបស់ថៃ។ ហើយចំណាត់ការនេះ នឹងជួយឱ្យបន្លែ និងឈើក្នុងស្រុកទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន។ ប៉ុន្តែការបិទនេះ ក៏អាចបង្កផលប៉ះពាល់មួយចំនួនដល់កសិករខ្មែរ ដែលដាំដុះសម្រាប់នាំចេញទៅទីផ្សាររបស់ថៃ ផងដែរ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ប្រសិនបើចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តក្នុងរយៈពេលយូរវានឹងក្លាយជាផ្នែកមួយក្នុងការរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់កសិករ និងជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីឱ្យវិធានការនេះអាចជួយលើកកម្ពស់ជីវភាព និងវិស័យកសិកម្មបាន លុះត្រាតែកម្ពុជា មិនបង្កើនការនាំចូលបន្លែ ផ្លែឈើពីប្រទេសជិតខាងផ្សេងទៀតជំនួសឱ្យទីផ្សារថៃ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលគួរជួយដល់វិស័យកសិកម្មបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិផលកសិកម្មរបស់កម្ពុជា មានគុណភាព និងតម្លៃខ្ពស់ និងមានស្ថិរភាពដែលអាចប្រកួតប្រជែងនៅលើទីផ្សារ។
ដោយឡែកលោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីនយល់ឃើញថា ការបិទខ្ទប់បន្លែ ផ្លែឈើនាំចូលពីប្រទេសថៃ នឹងចូលរួមជួយលើកកម្ពស់កសិផលរបស់ខ្មែរ និងកាត់បន្ថយផលប៉ះពាល់ពីសារធាតុគីមីដែលអាចមាននៅក្នុងបន្លែ ផ្លែឈើទាំងនោះ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ កសិករត្រូវពង្រឹងបច្ចេកទេសក្នុងការដាំដុះ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនមានទំនុកចិត្ត និងប្រើប្រាស់កសិផលបានកាន់តែច្រើន។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា បានបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ មកកាន់ទីផ្សារកម្ពុជា ទាំងស្រុង ក្រោយភាគីថៃ មិនបានដោះស្រាយបញ្ហានៅតាមច្រកព្រំដែនឱ្យមានភាពល្អប្រសើរដូចការចង់បានរបស់កម្ពុជា។ ការបិទការនាំចូលបន្លែ និងផ្លែឈើពីថៃនេះ ធ្វើឡើងនៅមួយថ្ងៃក្រោយការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលទាមទារឱ្យភាគីថៃ បើកច្រកព្រំដែន ដែលខ្លួនបានបិទជាឯកតោភាគីឱ្យមានសភាពដូចដើមវិញក្នុងរយៈពេល២៤ម៉ោង៕
អត្ថបទ៖ បូ ដូឡា