បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ កម្ពុជា រកចំណូលបានជាង៤២៦លានដុល្លារ ពីការនាំចេញកង់ និងកង់អគ្គិសនីទៅកាន់ទីផ្សារអន្តរជាតិ មានការធ្លាក់ចុះជាង១២% បើធៀបនឹងឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ជាង៤៨៩លានដុល្លារ។ កង់កម្ពុជាភាគច្រើននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងអឺរ៉ុប។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ការកើនឡើង ឬថយចុះបរិមាណនៃការនាំចេញផលិតអ្វីមួយ គឺវាអាស្រ័យលើតម្រូវការប្រើប្រាស់ និងការផ្គត់ផ្គង់ តួយ៉ាងការធ្លាក់ចុះនៃការនាំចេញកង់របស់កម្ពុជា នេះ គឺដោយសារតម្រូវការបញ្ជាទិញពីទីផ្សារប្រើប្រាស់មានការធ្លាក់ចុះ ដោយសារមានការប្រកួតប្រជែងទីផ្សារពីបណ្តាប្រទេសដ៏ទៃ គួបផ្សំកង់មិនមែនជាផលិតផលចាំបាច់ ដែលអ្នកប្រើប្រាស់មានតម្រូវការជាប់ជាប្រចាំ។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ផលិតផលកង់ គឺមិនមែនជាផលិតផលយុទ្ធសាស្រ្តក្នុងការជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា នោះទេ។
គួរបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៥៥ពាន់លានដុល្លារ មានការកើនឡើងជិត១៦% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង២៦ពាន់លានដុល្លារ កើនឡើងជិត១៤% ខណៈការនាំចូលមកកម្ពុជាវិញ មានទឹកប្រាក់ជាង២៨ពាន់លានដុល្លារកើនឡើងជាង១៧%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕