បើតាមការអះអាងរបស់ប្រធានសមាគមស្វាយចន្ទីកម្ពុជា ក្រោយការដាក់ពង្រាយតំណាងនៅបរទេសរួចមក គឺទទួលបានការចាប់អារម្មណ៍ និងមានអ្នកបញ្ជាទិញផលិតផលស្វាយចន្ទីកម្ពុជាជាបន្តបន្ទាប់ ដែលជាសញ្ញាល្អសម្រាប់វិស័យស្វាយចន្ទីកម្ពុជា។ ការណ៍នេះបញ្ហាទីផ្សារមិនមែនជាបញ្ហាចោទសម្រាប់វិស័យស្វាយចន្ទីកម្ពុជានោះទេ ហើយអ្វីដែលជាបញ្ហាចោទនោះ គឺកម្ពុជាពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតកែច្នៃគ្រាប់ស្វាយចន្ទីឱ្យឆ្លើយតបនឹងតម្រូវការរបស់អ្នកបញ្ជាទិញ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា គោលបំណងនៃការតែងតាំង និងពង្រាយតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជានៅតាមប្រទេសគោលដៅសំខាន់ៗមួយចំនួនលើពិភពលោក គឺដើម្បីទាក់ទាញអ្នកវិនិយោគ និងពង្រីកទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ មកទល់ពេលនេះ សមាគមបានតែងតាំង និងពង្រាយតំណាងប្រចាំនៅប្រទេសចិន ឥណ្ឌា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ក្រោមការសហការពីក្រុមហ៊ុនវិនិយោគបរទេសនៅកម្ពុជា។ ក្រៅពីប្រទេសទាំងនេះ សមាគមស្វាយចន្ទីកម្ពុជា ក៏មានប្រធានតំណាង និងការិយាល័យតំណាងនៅប្រទេសជប៉ុនផងដែរ។
លោក អួន ស៊ីឡុត កត់សម្គាល់ឃើញថា ក្រោយមានការដាក់ពង្រាយតំណាងនៅតាមប្រទេសគោលដៅធំៗរួមមក ឃើញថា មានវិនិយោគិន និងអតិថិជនបរទេសជាច្រើនបានចាប់អារម្មណ៍វិនិយោគ និងបញ្ជាទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ សម្រាប់ប្រធានសមាគមរូបនេះ កត្តាទីផ្សារ និងការបញ្ជាទិញមិនមែនជាបញ្ហាចោទសម្រាប់វិស័យស្វាយចន្ទីកម្ពុជានោះទេ តែអ្វីដែលជាបញ្ហានោះ គឺការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមិនទាន់អាចឆ្លើយតបនឹងតម្រូវការបញ្ជាទិញ ដ្បិតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅមានចំនួនតិចតួច និងនៅមានកម្រិតនៅឡើយ។
សម្រាប់គោលដៅនាពេលខាងមុខ ត្រូវបានលោក អួន ស៊ីឡុត គូសបញ្ជាក់ថា គឺសមាគមចង់បានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយជាតិស្វាយចន្ទីកម្ពុជា ឆ្នាំ២០២២-២០២៧ ដែលជំរុញការកែច្នៃក្នុងស្រុកឱ្យបាន២៥% ឬប្រមាណ១៧ម៉ឺន៥ពាន់តោនក្នុង១ឆ្នាំ ខណៈបច្ចុ្ប្បន្នក្នុងចំណោមទិន្នផលគ្រាប់ស្វាយចន្ទីឆៅសរុបរបស់កម្ពុជា មានតែ៥%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃក្នុងស្រុក ក្រៅពីនេះនាំចេញទៅលក់នៅក្រៅប្រទេស។ សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកន្លែងកែច្នៃ និងរោងចក្របកគ្រាប់ស្វាយចន្ទីចំនួន៤២កន្លែង ក្នុងនោះមានរោងចក្រធុនមធ្យមចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រះវិហារ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ