សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសស្ដ្រីឈ្មោះ ភួង ចាន់នី ឲ្យជាប់ពន្ធធនាគាររយៈ៨ឆ្នាំពីបទបង្ខំកុមារកម្ពុជាឲ្យដើរសុំទានតាមដងផ្លូវ ដោយយោងលើមាត្រា១២នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនៅកម្ពុជា។ ការសម្រេចផ្ដន្ទាទោសរបស់ចៅក្រម គឺបានធ្វើឡើងកាលពីដើមខែឧសភាកន្លងទៅនេះ។
បើតាមសេចក្តីប្រកាសរបស់អង្គការខាងលើ ស្ដ្រីឈ្មោះ ភួង ចាន់នី បានរំលោភបំពានលើរាងកាយកុមារ ហើយមានទារកម្នាក់ក្រោយពីចាប់កំណើតបានរយៈពេលខ្លី ក៏ត្រូវបានលក់ និងផ្ទេរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតរហូតដល់ដៃរបស់ស្ដ្រីភួង ចាន់នី។ ស្រ្ដីរូបនេះ បានផ្ដល់ជម្រក និងអាហារដល់កុមារជាថ្នូរនឹងលុយដែលកុមារទាំងនោះរកបានពីការសុំទានតាមផ្លូវ។ កុមារទាំងអស់ ត្រូវរកប្រាក់ឲ្យបានយ៉ាងតិច២ដុល្លារក្នុងមួយថ្ងៃ បើមិនដូច្នេះទេ នាងនឹងវាយកុមារទាំងនោះដោយខ្សែភ្លើង និងត្រូវបង្ខំឲ្យដេកលើបង់នៅទីសាធារណៈ ខណៈកុមារទាំងនោះ ទទួលបានអាហារតែ១ពេលក្នុងមួយថ្ងៃ ហើយទារកត្រូវបានស្ដ្រីនេះចាក់ថ្នាំងងុលដេករៀងរាល់ថ្ងៃទៀតផង។
តាមពិតទៅ ស្ដ្រីឈ្មោះ ភួង ចាន់នី បានប្រកបរបរនេះ អស់រយៈពេល៨ឆ្នាំមកហើយ។ នេះបើតាមចម្លើយសារភាពរបស់នាងក្រោយពេលចាប់ខ្លួន ដោយមន្ទីរប្រឆាំងការជួញដូរមនុស្សនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ បើតាមសេចក្តីប្រកាសដដែល បច្ចុប្បន្នកុមារទាំងអស់មានសុវត្ថិភាព និងស្ថិតនៅក្នុងមណ្ឌល។
ពាក់ព័ន្ធបញ្ហានេះ លោក យូ សុភ័ក្ដ្រ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ «ខ្ញុំបាទពេញចិត្តនឹងសេចក្ដីសម្រេចនេះណាស់ ព្រោះ ជនល្មើសត្រូវបានផ្តទ្ទាទោស ជនរងគ្រោះត្រូវបានសង្គ្រោះ និងបានស្ដារនីតិសម្បទា។ លទ្ធផលនេះ គឺជាសារដើម្បីបង្កា និងទប់ស្កាត់ កុមារផ្សេងទៀតកុំឲ្យរងគ្រោះ។ សូមអរគុណអង្គការ និងនគរបាលយុត្តិធម៌ ដែលបានសហការជួយសង្គ្រោះកុមារសុំទាននៅតាមភ្លើងស្ដុប ព្រមទាំងជួយផ្តល់សេវាកម្មផ្នែកច្បាប់ផងដែរ»៕