រដ្ឋមន្រ្តីការពារជាតិកម្ពុជា៖ ដរាបណាថៃនៅតែប្រើផែនទី

រដ្ឋមន្រ្តីការពារជាតិកម្ពុជា៖ ដរាបណាថៃនៅតែប្រើផែនទី និងមាត្រដ្ឋានខុស នោះភាគីទាំងពីរនឹងមិនអាចរក្សាស្ថិរភាពព្រំដែនបានឡើយ


រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងថៃបានឯកភាពគ្នាកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន និងរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងជៀងវាងការប៉ះទង្គិចយោធារវាងប្រទេសទាំងពីរ។
រដ្ឋមន្រ្តីការពារជាតិកម្ពុជា៖ ដរាបណាថៃនៅតែប្រើផែនទី
ដោយ

ការឯកភាពគ្នានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាគ្នារវាងរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងថៃ នៅខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ទន្ទឹមនឹងបដិសេធចំពោះសំណើរបស់ថៃ ដែលស្នើឱ្យកម្ពុជាដកទ័ពចេញពីតំបន់មានជម្លោះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាបានសង្កត់ធ្ងន់ថា ដរាបណាថៃនៅតែប្រើផែនទីខុស និងមាត្រដ្ឋានខុស នោះភាគីទាំងពីរនឹងមិនអាចស្វែងរកចំណុចរួមក្នុងការរក្សាស្ថិរភាពព្រំដែនបានឡើយ។

នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះសំណើរបស់ភាគីថៃ ដែលស្នើឱ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំ៣ ដែលជាកន្លែងប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចដកកងចេញពីកន្លែងនោះបានឡើយ ព្រោះទីតាំងនេះស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។

ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាជឿជាក់ថា ដរាបណាភាគីថៃនៅតែប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះភាគីទាំងពីរនឹងមិនអាចរកចំណុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជានៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដូចដែលមានកន្លងមក។ ហេតុនេះហើយបានជាភាគីកម្ពុជា សម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤រួមមានតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា កម្ពុជាមានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនទាំងសងខាងជាធំ។ ក្នុងនោះភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ។ បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។

ជាមួយគ្នានេះ ភាគីថៃ ក៏បានច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបានធ្វើឲ្យប៉ះពាល់សតិអារម្មណ៍កងទ័ព និងប្រជាជនទាំងពីរអំពីការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំ JBC និងព័ត៌មានក្រៅផ្លូវការផ្សេងៗទៀតផងដែរ៕

អត្ថបទ៖ ខេមបូណូមីស,រូបភាព ឯកសារ




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីទៀតហើយដោយប្រកាសដាក់ទណ្ឌកម្មចៅក្រម៤រូបនេះនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ច្រើនតែធ្វើអ្វីប្លែកៗដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាហូរហែ ហើយកាលពីថ្ងៃទី៥ ខែមិថុនា លោកបានធ្វើឱ្យពិភពល…

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមសន្និសីទរបស់ UN ស្ដីពីមហាសមុទ្រនៅបារាំង តើអ្នកជំនាញយល់ឃើញបែបណា?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីសនៃកម្ពុជានឹងអញ្ជើញទៅចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រលើកទី៣ នៅទីក្រុងប៉ារីស ប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ