ឥណ្ឌូនេស៊ីសម្រេចផ្អាកបញ្ជូនពលករចំណាកស្រុក

ឥណ្ឌូនេស៊ីសម្រេចផ្អាកបញ្ជូនពលករចំណាកស្រុកជាបណ្ដោះអាសន្នទៅកាន់ប្រទេសម៉ាឡេស៊ី


ប្រទេសឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលបានបញ្ឈប់ជាបណ្តោះអាសន្ននូវការបញ្ជូនពលរដ្ឋរបស់ខ្លួនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រួមទាំងពលកររាប់ពាន់នាក់ដែលត្រូវបានជ្រើសរើសរួច សម្រាប់វិស័យចម្ការផងដែរ។ ការផ្អាកបញ្ជូនពលករទៅកាន់ម៉ាឡេស៊ីនេះ ត្រូវបានរដ្ឋាភិបាលឥណ្ឌូនេស៊ីអះអាងថា ម៉ាឡេស៊ីបានរំលោភលើកិច្ចព្រមព្រៀងជ្រើសរើសពលករដែលបានចុះហត្ថលេខារវាងប្រទេសទាំង២នេះក្នុងពេលកន្លងមក។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី CNA។
ឥណ្ឌូនេស៊ីសម្រេចផ្អាកបញ្ជូនពលករចំណាកស្រុកជាបណ្ដោះអាសន្នទៅកាន់ប្រទេសម៉ាឡេស៊ី

ការសម្រេច​បញ្ឈប់បញ្ជូន​ពល​ករ​​​របស់​ឥណ្ឌូនេស៊ី​នេះ​ គឺជាឧប​សគ្គថ្មីមួយទៀត ​សម្រា​ប់​ប្រទេស​ម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេទី២​​របស់ពិភពលោក​ និង​ជាអ្នកផលិត​​​ដ៏សំខាន់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក​ផង​ដែរ។ បច្ចុប្បន្ន ប្រទេស​ម៉ាឡេស៊ី​កំពុងប្រឈមនឹងការខ្វះខាតកម្មករប្រហែល​១លាន២សែននាក់ ​​ហើយបញ្ហាខ្វះខាតកម្លាំងពលកម្មនេះ ត្រូវបានគេមើលឃើញថា អាចនឹងរារាំងការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេស​នេះផងដែរ។​

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសម៉ាឡេស៊ីលោក Hermono បានប្រាប់អ្នកសារព័ត៌មានថា ការបញ្ឈប់​បញ្ជូនពលករ​ទៅកាន់ម៉ាឡេស៊ីនេះ ​​​បានធ្វើឡើង​បន្ទាប់ពីអាជ្ញាធរអន្តោប្រវេសន៍​របស់​ប្រទេស​ម៉ាឡេស៊ីបាន​បន្ត​ប្រើ​ប្រព័ន្ធជ្រើសរើសពលករ​នៅ​តាមប្រព័ន្ធ​អ៊ីន​ធឺណិត ​​ដោយ​ទង្វើនេះគឺអាចបង្កឲ្យមានឱកាសសម្រាប់​ការជួញដូរ​ពលកម្មខុសច្បាប់ និង​ពលកម្ម​ដោយបង្ខំ​ជាដើម។

​​​ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសម៉ាឡេស៊ី ​បាន​និយាយ​​ថាទៀតថា ការ​ចេះ​តែ​បន្តប្រើ​ប្រព័ន្ធជ្រើសរើសពលករ​នៅ​តាមប្រព័ន្ធ​អ៊ីន​ធឺណិត​ គឺបានបំ​ពាន​លក្ខខណ្ឌនៃកិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខារវាងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ​កាលពីខែ​មេសាកន្លងទៅ ​​ក្នុងគោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ការពារពលករដែល​​បម្រើ​ការ​ងារ​នៅ​តាម​ផ្ទះ​របស់​ក្រុម​គ្រួសារ​ឯក​ជន​នៅ​ប្រទេស​ម៉ាឡេស៊ី។​

រដ្ឋមន្ត្រី​ធនធានមនុស្ស​ម៉ាឡេស៊ីលោក Saravanan បាន​បញ្ជាក់​ថា លោក​​បាន​ទទួល​លិខិត​​មួយ​​ពី​អាជ្ញាធរ​ឥណ្ឌូណេស៊ី​​ដែល​បាន​ប្រាប់​លោក​​ពី​ការ​បញ្ឈប់​ការ​បញ្ជូន​ពល​ករ​​នេះ ហើយ លោក​នឹងពិភាក្សារឿងនេះជាមួយក្រសួងមហាផ្ទៃ​ដែល​គ្រប់​គ្រងនាយកដ្ឋានអន្តោប្រវេសន៍។

ក្រុមហ៊ុនម៉ាឡេស៊ីមួយ​ចំនួន​បានដាក់ពាក្យស្នើសុំ​ពល​ករ​ប្រហែល ២ម៉ឺននាក់ ដែលក្នុង​នោះ​ចំនួន​​ប្រហែលពាក់កណ្តាល​គឺ ​សម្រាប់ការងារ​នៅតាមស្រែចម្ការ​ និងផលិតកម្ម​។​ នេះ​បើយោង​តាម​លោក​ Hermono​ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសម៉ាឡេស៊ី ​។

ប្រទេស​ម៉ាឡេស៊ីពឹងផ្អែកលើកម្លាំង​ពល​ករ​បរទេសរាប់លាននាក់ ដែល​ភាគច្រើនមក​ពី​ប្រទេសឥណ្ឌូនេស៊ី បង់ក្លាដែស និងនេប៉ាល់​ ដើម្បី​បំពេញការងារ​នៅ​តាម​រោងចក្រ​ និង​ចម្ការ​ជា​ប្រភេទ​ការ​ងារ​ដែលពលរដ្ឋម៉ាឡេស៊ី​មិនចង់ធ្វើនោះទេ​។​​

ទោះបីជាមានការបន្ធូរបន្ថយការរឹតបន្តឹងកូវីដ១៩ លើការជ្រើសរើសបុគ្គលិកតាំងពីខែកុម្ភៈមកក៏ដោយ​ ក៏ប៉ុន្តែ​ប្រទេស​​ម៉ាឡេស៊ីនៅ​តែ​មិន​បានឃើញការវិលត្រឡប់​មក​វិញ​របស់​ពល​ករ​វិញ​នៅឡើយទេ ​ដោយ​សារ​​​មានការយល់ព្រមយឺត​យ៉ាវ​​ពីរាជរដ្ឋាភិបាល​ ​​និង​កិច្ចពិភាក្សាអូសបន្លាយ​ពេល​យូរ​ជាមួយ​ប្រទេស​ពាក់​ព័ន្ធ​ទាំង​នេះ ​​​ជុំវិញការការពារ​កម្មករ​និយោជិត​​​។

តួយ៉ាង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ទាក់ទង​នឹង​ការប្រព្រឹត្ត​ចំពោះ​​ពលករចំណាកស្រុក​​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុនម៉ាឡេស៊ីចំនួន៧​ត្រូវបានសហ​រដ្ឋអាមេរិក​ហាមឃាត់​​នាំចេញ​​ទំនិញ​ទៅអាមេរិក​​​​ក្នុងរយៈពេល​២​ឆ្នាំចុងក្រោយនេះ ដោយ​សារតែ​​អ្វីដែលសហ​រដ្ឋ​​អាមេរិក​បានពិពណ៌នាថា ក្រុមហ៊ុនទាំងនោះ មាន​ការ​ប្រើ​«ពលកម្ម​ដោយបង្ខំ​»​៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ បើរដ្ឋមិនរ៉ាប់រងថ្លៃខាត ហើយដំឡើងថ្លៃអគ្គិសនី វានឹងធ្វើឲ្យសណ្ឋាគារទាំងអស់ជួបបញ្ហាធ្ងន់ធ្ងរ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ការកើនឡើងតម្លៃប្រេងឥន្ធនៈនិងធ្យូងថ្មបានជះឥទ្ធិពលមួយចំនួនដល់ដំណើរការផលិតថាមព…

សម្ដេច ហ៊ុន សែន ប្រាប់ឲ្យបណ្តាញក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធើណេតពង្រឹងសេវារបស់ខ្លួន

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវការព្រួយបារម្ភចំពោះវិស័យទេសចរណ៍កម្ពុជា និងបានអំពាវនាវឲ្យបណ្តាញក្រុមហ៊ុនទូរស័ព្ទ ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ