ការនាំចេញម្រេចកម្ពុជាធ្លាក់ចុះជាង ៣០% នៅឆមាសទី១ឆ្នាំនេះ

ការនាំចេញម្រេចកម្ពុជាដាំក្បាលចុះជាង ៣០% នៅឆមាសទី១ឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?


ការនាំចេញផលិតផលកសិកម្មកម្ពុជាមានការធ្លាក់ចុះគួរឱ្យកាត់សម្គាល់នៅដើមឆ្នាំ២០២៣នេះ ជាក់ស្តែង ការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅឆមាសទី១ឆ្នាំនេះ សម្រេចបានចំនួនជាង ៤ពាន់៣រយតោន មានការធ្លាក់ចុះប្រមាណជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។ ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា អះអាងថា ការនាំចេញម្រេចមានការធ្លាក់ចុះបែបនេះ ដោយសារតែតម្លៃម្រេចកម្ពុជាបច្ចុប្បន្នមានតម្លៃទាប និងទីផ្សារម្រេចអន្តរជាតិកំពុងមានការប្រកួតប្រជែងខ្លាំងផងដែរ។
ការនាំចេញម្រេចកម្ពុជាដាំក្បាលចុះជាង ៣០% នៅឆមាសទី១ឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?
ដោយ

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានបញ្ជាក់ថា ស្ថានភាពនៃការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅឆមាសទី១ឆ្នាំនេះ ហាក់មានការធ្លាក់ចុះគួរឲ្យតក់សម្គាល់ បើធៀបនឹងឆ្នាំមុន។ តួយ៉ាង តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានបង្ហាញថា នៅឆមាសទី១ឆ្នាំ២០២៣នេះ ការនាំចេញម្រេចកម្ពុជាសម្រេចបានចំនួនជាង ៤ពាន់៣រយតោនប៉ុណ្ណោះ គឺមានការធ្លាក់ចុះប្រមាណជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមការបញ្ជាក់របស់លោក ម៉ាក់ នី កត្តាដែលធ្វើឱ្យការនាំចេញម្រេចកម្ពុជាធ្លាក់ចុះនៅឆមាសទី១នេះ ដោយសារតែតម្លៃម្រេចមានការប្រែប្រួលខ្លាំង ពោលគឺនៅដើមរដូវប្រមូលផល តម្លៃម្រេចមានការធ្លាក់ចុះមកនៅក្នុងរង្វង់ប្រមាណ ១៣០០០ រៀលក្នុងមួយគីឡូក្រាម ខណៈដល់ពាក់កណ្តាលរដូវប្រមូលផល តម្លៃបែរជាឡើងថ្លៃវិញបន្តិចដល់ប្រមាណជិត ១៤០០០ រៀលក្នុងមួយគីឡូក្រាម ក៏ប៉ុន្តែបច្ចុប្បន្ននៅចុងរដូវប្រមូលផលនេះវិញ តម្លៃម្រេចក៏បានធ្លាក់ថ្លៃខ្លាំង មកនៅត្រឹមប្រមាណជាង ១២០០០ រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ បើតាមអ្នកជំនាញរូបនេះ តម្លៃម្រេចអាចបន្តធ្លាក់ថ្លៃជាងនេះទៅទៀត នៅពេលខាងមុខ ពីព្រោះម្រេចនៅប្រទេសផ្សេង ដូចជាឥណ្ឌូនេស៊ី និងប្រេស៊ីលជាដើម គឺមានតម្លៃទាបជាងម្រេចកម្ពុជាបច្ចុប្បន្ន ដែលធ្វើឱ្យក្រុមហ៊ុនបញ្ជាទិញធំៗ ជាពិសេសក្រុមហ៊ុនរបស់ប្រទេសវៀតណាម ងាកទៅទិញម្រេចពីប្រទេសទាំងអស់នោះវិញ។លោក ម៉ាក់ នី បន្ថែមថា ដោយសារតែតម្លៃម្រេចទាបពេកបែបនេះ កសិករមួយចំនួនពួកគាត់ក៏បានផ្អាកលក់ម្រេចរបស់ខ្លួនសិនផងដែរ ដែលធ្វើឱ្យម្រេចកម្ពុជាបច្ចុប្បន្នមានសល់នៅក្នុងស្តុកច្រើន។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ មានក្តីសង្ឃឹមថា ទីផ្សារនាំចេញ និងតម្លៃម្រេចអាចនឹងមានការកើនឡើងវិញផងដែរនៅឆមាសទី២ឆ្នាំនេះ។

លោក ម៉ាក់ នី បញ្ជាក់ដែរថា បញ្ហាប្រឈមរបស់កសិករដាំម្រេចនៅឆ្នាំនេះ នៅតែបន្តកើតមាន ដោយ កសិករមួយចំនួនបានបោះបង់ការដាំដុះរបស់ពួកគាត់ ដោយសារតែកត្តាប្រែប្រួលអាកាសធាតុ ការចំណាយទៅលើជីថ្នាំកសិកម្ម កម្លាំងពលកម្មមានតម្លៃខ្ពស់ ខណៈដែលតម្លៃម្រេចលក់ចេញបានក្នុងតម្លៃទាបដែលធ្វើឱ្យពួកគាត់មានការខាតបង់ច្រើន។ ទោះយ៉ាងណា ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជារូបនេះ អះអាងថា ស្របពេលដែលកសិករមួយចំនួនបោះបង់ការដាំដុះ ប៉ុន្តែកសិករមួយចំនួនទៀតបានទៅជាបង្កើនការដាំដុះរបស់ពួកគាត់ទៅវិញ ដោយពួកគាត់យល់ថា វាជាឱកាសរបស់ពួកគាត់នៅពេលដែលកសិករដទៃបោះបង់ការដាំដុះបែបនេះ។ ដោយឡែក សម្រាប់ការប្រមូលផលម្រេចនៅឆ្នាំនេះវិញ ហាក់មិនមានការប្រែប្រួលច្រើននោះទេ ដែលជាទូទៅ ទិន្នផលម្រេចកម្ពុជាអាចប្រមូលផលបានក្នុងរង្វង់ប្រមាណ ២ម៉ឺនតោននៅក្នុងមួយឆ្នាំ។

សូមជម្រាបថា កន្លងមកម្រេចកម្ពុជាទូទៅប្រមាណ ៨០% ពឹងផ្អែកទៅលើទីផ្សារប្រទេសវៀតណាម ក៏ប៉ុន្តែនៅពេលដែលទីផ្សារប្រទេសចិនបានបើកឱ្យម្រេចកម្ពុជាអាចនាំចេញទៅប្រទេសចិនបានកាលពីពេលថ្មីៗនេះ លោក ម៉ាក់ នី រំពឹងថា ការនាំចេញ និងតម្លៃម្រេចកម្ពុជា នឹងមានស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះថា ប្រទេសចិនគឺជាទីផ្សារនាំចេញធំមួយរបស់កម្ពុជាផងដែរ៕




អត្ថបទបន្ទាប់


អនាគតរដ្ឋាភិបាលថ្មីថៃ ត្រូវបានស្នើឲ្យអនុម័តគោលនយោបាយគាំពាររថយន្តអគ្គីសនី

រដ្ឋាភិបាលថ្មីថៃដែលនឹងកើតឡើងនាពេលខាងមុខ ត្រូវបានក្រុមប្រឹក្សាគោលនយោបាយយានយន្តអគ្គិសនីជាតិ ជំរុញឲ្យអនុម័តកញ្ចប់គោលនយោបាយរថយន្តអគ្គិសនី ៣.…

អាមេរិកគ្រោងផ្ដល់គ្រាប់បែកចង្កោម ដែលអង្គការសហប្រជាជាតិហាមឃាត់ទៅឱ្យអ៊ុយក្រែន

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រទី៧ខែ កក្កដាថា ខ្លួននឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់យ៉ាងទូលំទូលាយពីសហគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ