អ៊ុយក្រែនគ្រប់គ្រងតំបន់ជុំវិញរដ្ឋធានីកៀវ

អ៊ុយក្រែនគ្រប់គ្រងតំបន់ជុំវិញរដ្ឋធានីកៀវបានមកវិញ ខណៈរុស្ស៊ីដកទ័ពបង្វែរមុខព្រួញវាយប្រហារភាគខាងកើត


អ៊ុយក្រែនបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកមកគ្រប់គ្រងវិញនូវតំបន់ទាំងអស់នៅជុំវិញរដ្ឋធានីកៀវ ជាលើកដំបូងចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការឈ្លានពាន។ យ៉ាងណាក៏ដោយ ការចាកចេញ ដើម្បីទៅផ្តោតការវាយប្រហារនៅទិសខាងកើតវិញរបស់កងទ័ពរុស្ស៊ី បានបន្សល់ទុកនូវស្លាកស្នាមខ្ទិចខ្ទាំជាច្រើននៃការប្រយុទ្ធ ជាងប្រាំសប្តាហ៍មកនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អ៊ុយក្រែនគ្រប់គ្រងតំបន់ជុំវិញរដ្ឋធានីកៀវបានមកវិញ ខណៈរុស្ស៊ីដកទ័ពបង្វែរមុខព្រួញវាយប្រហារភាគខាងកើត

មាន​សាកសព​ស្លាប់​រាយ​ប៉ាយ​នៅ​តាម​ដងផ្លូវ ខណៈ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​លេ​ន​ស្គី បាន​ចោទប្រកាន់​កងកម្លាំង​រុ​ស្ស៊ី​ថា បាន​ដាក់​គ្រាប់​មីន​ទុក មុន​ចាកចេញ​ទៅ​។ 

ការ​ប្រយុទ្ធ​គ្នា​បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៦​ហើយ គិត​មក​ទល់​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ដណ្តើម​យក​ក្រុង​និង​ភូមិ ជាង​៣០​ជុំវិញ​ក្រុង​កៀវ​មក​វិញ ចាប់តាំងពី​រុ​ស្ស៊ី​បាន​ដកថយ​ពី​តំបន់​នេះ កាលពីដើម​ស​ប្តា​ហ៍​មុន​។ យ៉ាងណាមិញ ការយ​កបាន​មក​វិញ​នូវ​តំបន់​ទាំងនេះ បន្សល់​ទុក​នូវ​ភាព​ឈឺចាប់​ជា​ច្រើន ដូច​ជា​សាកសព​ជន​ស៊ី​វិល​ស្លាប់ និង​សំណក់​អាគារ​ដែល​ដួល​រលំ​បាក់បែក​។ ប៊ូ​ឆា (Bucha) ដែល​ជា​ក្រុង​តូច​មួយ​នៅ​ក្បែរ​រដ្ឋធានី​កៀវ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ជន​ស៊ី​វិល​យ៉ាង​ហោច​ណាស់​៣០០​នាក់​ត្រូវ​បាន​គេ​សម្លាប់​។ 

រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​លោកស្រី Liz Truss បាន​និយាយ​ថា លោកស្រី​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ឃោរឃៅ​នៅ​ក្នុង​ទីក្រុង Bucha និង​បាន​សម្តែង​ការ​គាំទ្រ​ឲ្យ​មានការ​ស៊ើបអង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​នេះ ក៏​ដូច​ជា​ករណី​ដែល​អាច​កើត​មាននៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទាំងមូល​។

ដកទ័ព​ចេញ​មែន​តែ​រុ​ស្ស៊ី​បន្សល់​ទុក​គ្រាប់​មីន​ជា​ច្រើន

ស្រប​ពេល​ដែល​ទ័ពជើងគោក​រុ​ស្ស៊ី​បាន​ដកថយ​ទៅ កងកម្លាំងប្រដាប់អាវុធ​របស់​អ៊ុយ​ក្រែ​ន​ក៏​បាន​រាយការណ៍​ដែរ​ថា ការ​វាយប្រហារ​តាម​អាកាស និង​កាំជ្រួច​របស់​រុ​ស្ស៊ី​បាន​ថយ​ចុះ​ដូច​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ប៉ុន្តែ​ពួក​គេ​និយាយ​ថា ទាហាន​រុ​ស្ស៊ី​ដែល​ដកថយ​ពី​ក្បែរ​ទីក្រុង​កៀវ បាន​ដាក់​ពង្រាយ​គ្រាប់​មីន​ជា​ច្រើន​។

ប្រធានាធិបតី​ហ្សេ​លេ​ន​ស្គី បាន​និយាយ​នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​មួយ​ថា រុ​ស្ស៊ី​បាន​ដាក់​មីន​នៅ​ក្នុង​ដី ក្នុងផ្ទះ​បាក់បែក និង​សូ​ម្បី​តែ​សាកសព​មនុស្ស​ស្លាប់​ក៏​ត្រូវ​គេ​បង្កប់​គ្រាប់​មីន​ដែរ​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ទាន់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា គ្រាប់​មីន​ជាង ១៥០០ ត្រូវ​បាន​រក​គេ​ឃើញ​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​កៀវ​។ 

ក្រសួងការពារជាតិ​រុ​ស្ស៊ី​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ការ​អត្ថាធិប្បាយ​លើ​ការ​ចោទប្រកាន់​អំពី​ការ​ដាក់​គ្រាប់​មីន​នេះ​ទេ​។

ការ​ចាកចេញ​របស់​រុ​ស្ស៊ី​នៅ​ក្បែរ​ក្រុង​កៀវ​ជា​ការ​ចាប់ផ្តើម​វាយប្រហារ​ថ្មី​នៅ​ភាគ​ខាងកើត និង​ត្បូង 

ទីប្រឹក្សា​ម្នាក់​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​យល់​ឃើញ​ថា ទ័ព​រុ​ស្ស៊ី​បាន​ដកថយ​យ៉ាង​លឿន​ចេញពី​តំបន់​ស្ថិត​ជុំវិញ​ក្រុង​កៀវ និង​ក្រុង​ឈ៊ែ​រ​នី​ហ្គី​វ ស្ថិត​ប៉ែក​ខាងជើង​អ៊ុយ​ក្រែ​ន និង​បាន​ប្រមូលផ្តុំ​កម្លាំង​នៅ​ប៉ែក​ខាងត្បូង និង​ប៉ែក​ខាងកើត​ជំនួស​វិញ​។ 

ភាគី​អ៊ុយ​ក្រែ​ន​ដដែល​អះអាង​ថា ទ័ព​រុ​ស្ស៊ី​ហាក់​កំពុង​បន្តកាន់កាប់​ទីក្រុង Kherson ស្ថិត​នៅ​ប៉ែក​ខាងត្បូង​អ៊ុយ​ក្រែ​ន​។ បន្ទាប់​មក​ទៀត ទ័ពរ​ស្ស៊ី​កំពុង​បន្ត​ប្រតិបត្តិការ​ក្រសោប​យក​ទីក្រុង​ម៉ា​រី​យូ​ប៉ូ​ល និង​កំពុង​បោះ​ជំហាន​ទៅ​កាន់​តំបន់​ដុន​បាស់​។ 

បើ​យោង​តាម​មន្ត្រី​អា​មេ​រិ​កមួយ​ចំនួន​ដែល​បាន​វាយតម្លៃ​ចុង​ក្រោយ ចំពោះ​ស្ថានការណ៍​នៅ​អ៊ុយ​ក្រែ​ន​ឲ្យ​ដឹង​ថា រុ​ស្ស៊ី​កំពុង​ប្ដូរ​មុខព្រួញ​មក​កាន់កាប់​តំបន់ Donbas ទាំងស្រុង​និង​តំបន់​ផ្សេង​ទៀត​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ជាមួយនឹង​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​គឺ​ធ្វើ​យ៉ាងណា​យកឈ្នះ​ត្រឹម​ដើមខែ​ឧសភា​នេះ​។

ជាង​មួយ​ខែ​ចូល​ទៅ​ក្នុង​សង្គ្រាម ទ័ពជើងគោក​រុ​ស្ស៊ី​មិន​អាច​រក្សា​ការ​គ្រប់គ្រង​លើ​តំបន់​ដែល​ពួក​គេ​បាន​ប្រយុទ្ធ​នោះ​ទេ​។ ក្រុម​មន្ត្រី​នៃ​មន្ទីរ​បញ្ជ​កោណ​អា​មេ​រិ​កបាន​និយាយ​ថា ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន ស្ថិត​នៅ​ក្រោម​សម្ពាធ ដើម្បី​ធ្វើ​យ៉ាងណា​ត្រូវ​បង្ហាញ​ថា​គាត់​មាន​ជ័យ​ជំនះ​ខ្លះ​។ ហេតុនេះ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន គឺជា​កន្លែង​ដែល ទំនងជា​អាច​ឲ្យ​លោកពូ​ទី​ន ស្វែងរក​ជ័យ​ជំនះ​បាន​យ៉ាង​ឆាប់រហ័ស ដោយសារ​តែ​គេ​បាន​សង្កេត​ឃើញ​ថា​សព្វ​ថ្ងៃនេះ គ្រប់​កម្លាំង​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្បែរ​តំបន់​ដុន​បាស់​ហាក់​កំពុង​ផុយ​ស្រួយ​បន្តិច​។ លោកពូ​ទី​ន​ចង់​ឈ្នះ​មុន​ខែឧសភា​ចូល​មក​ដល់​ក៏​ដោយសារ​តែ ថ្ងៃ​ទី​៩ ឧសភា គឺជា​ទិវា​ជ័យ​ជំនះ​របស់​រុ​ស្ស៊ី ដែល​ជា​បុណ្យ​ជាតិ​មួយ​ដ៏​ធំ​។ 

គួរ​ជម្រាប​ថា ភាគី​ទាំង​ពីរ​បាន​ពណ៌នា​កិច្ចចរចា ដែល​បាន​ធ្វើ​ឡើង​នៅ​ស​ប្តា​ហ៍​នេះ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​តាម​រយៈ​វី​ដេ​អូ​អន​ឡាញ​ថា​ជា រឿង​លំបាក​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​អះអាង​ថា រឿង​សំខាន់​ទោះ​យ៉ាងណា​កិច្ច​ពិភាក្សា​នៅ​តែ​បន្ត ទោះ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​គី​ម្តងទៀត ឬ​កន្លែង​ផ្សេង​ទៀត​ក៏​ដោយ​។ 

យ៉ាងណាមិញ ការ​ចរចា​ជុំ​បន្ទាប់​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នក​ប្រតិភូ​អ៊ុយ​ក្រែ​ន​បង្ហើប​ថា មាន​វឌ្ឍនភាព​ខ្លះ​ៗ​ហើយ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​ចរចា​ដោយ​ផ្ទាល់​រវាង​ប្រធានាធិបតី​រុ​ស្ស៊ី​ពូ​ទី​ន និង​លោក​ហ្សេ​លេ​ន​ស្គី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការផលិតស្ករត្នោតនៅកំពង់ស្ពឺឆ្នាំនេះ ប្រឈមនឹងបញ្ហាអាកាសធាតុ

ព័ត៌មាន
បញ្ហាអាកាសធាតុភ្លៀងធ្លាក់មិនទៀងទាត់ កំពុងបង្កជាក្តីបារម្ភដល់កសិករក្នុងការផលិតស្ករត្នោតកំពង់ស្ពឺនេះ។ ស្ករត្នោតកំពង់ស្ពឺ ជាផលិតផល ដែលបានចុះ…

ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីព្រមព្រៀងគ្នា កំណត់តម្លៃប្រេងដូងក្នុងពិភពលោក និងបញ្ជៀសការប្រកួតប្រជែងទីផ្សារគ្នា

ព័ត៌មាន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អ៊ីស្មែល សាព្រី យ៉ាកូប (Ismail Sabri Yaakob) បាននិយាយបន្ទាប់ពីជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ