រាជរដ្ឋាភិបាលកម្ពុជាកង្វល់ខ្លាំងលើបញ្ហាការឡើងថ្លៃប្រេងឥន្ធនៈ ជាងបញ្ហាថ្លៃទំនិញកើនខ្ពស់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញក្ដីកង្វល់ខ្លាំងលើបញ្ហាការឡើងថ្លៃប្រេងឥន្ធនៈ ជាងបញ្ហាថ្លៃទំនិញកើនខ្ពស់


ការកើនឡើងតម្លៃប្រេងឥន្ធនៈសកលយ៉ាងគំហុកបាននិងកំពុងបង្កជាក្តីព្រួយបារម្ភដល់ប្រទេសជាច្រើនលើពិភពលោក រួមទាំងកម្ពុជា ផងដែរ ដ្បិតបញ្ហានេះបានជំរុញឲ្យមានការកើនឡើងនូវតម្លៃទំនិញ និងសេវាកម្មនានា ដែលបណ្ដាលមកពីវិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន។ ក៏ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្ដេចមានក្ដីព្រួយបារម្ភចំពោះបញ្ហាឡើងថ្លៃប្រេងឥន្ធនៈ ជាជាងបញ្ហាថ្លៃទំនិញកើនខ្ពស់សម្រាប់ពេលបច្ចុប្បន្ននេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

សម្តេចគូសបញ្ជាក់ទៀតថា ទោះបីជា ពិភពលោកបាននិងកំពុង ជូបនូវវិបត្តិប្រេងឡើងថ្លៃ ប៉ុន្ដែ រាជរដ្ឋាភិបាលកម្ពុជានឹងមិនតម្លើងថ្លៃអគ្គិសនីជាដាច់ខាត។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវក្ដីកង្វល់ដែលបណ្ដាលមកពីបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ដូចជា បញ្ហាប្រេងឥន្ធនៈឡើងថ្លៃ បញ្ហាថ្លៃទំនិញកើនខ្ពស់ ដែលបញ្ហានេះបង្កើតជាអតិផរណានៅលើពិភពលោក។ ទោះយ៉ាងណា ជុំវិញបញ្ហានេះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចមានក្ដីព្រួយបារម្ភចំពោះបញ្ហាឡើងថ្លៃប្រេងឥន្ធនៈ ខ្លាំងជាងបញ្ហាទំនិញឡើងថ្លៃ។ សម្តេចអះអាងយ៉ាងដូច្នេះ ដោយសម្អាងលើហេតុផលថា សម្រាប់តំបន់អាស៊ានរួមទាំងកម្ពុជាយើង បញ្ហាការខ្វះខាតស្បៀងអាហារ គឺមិនចោទជាបញ្ហាធំពេកនោះទេ។ បើតាមសម្តេចតេជោ ហ៊ុន សែន នៅតំបន់អាស៊ី មានការផលិតស្រូវច្រើន ជាពិសេសនៅក្នុងចំណោមប្រទេសអាស៊ាន មានថៃ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ជាដើម ខណៈបណ្ដាប្រទេសក្នុងតំបន់អាស៊ានទាំងនេះ មានស្រូវមិនតិចជាង១៥លានតោនទេ ដែលនៅសល់នោះ។

ជាមួយគ្នានោះ សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៀតថា ឥទ្ធិពលនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន បាននិងកំពុងធ្វើឲ្យពិភពលោកមានការជ្រួលច្របល់ ហើយកម្ពុជា ក៏មានផលប៉ះពាល់ខ្លះៗ ដែរ ព្រោះសេដ្ឋកិច្ចកម្ពុជា មានការផ្សាភ្ជាប់នឹងសេដ្ឋកិច្ចពិភពលោក។ ដ្បិតថា បញ្ហាកង្វះស្បៀងអាហារមិនសូវជាបញ្ហាប្រឈមសម្រាប់ប្រទេសក្នុងតំបន់ តែសម្ដេចក៏បានសង្កត់ធ្ងន់ដែរថា បញ្ហានេះក៏ត្រូវទាមទារឲ្យកម្ពុជា ត្រៀមខ្លួនរកមធ្យោបាយសម្រាប់ដោះស្រាយលើបញ្ហានេះ ពិសេសតាមរយៈជំរុញការអភិវឌ្ឍលើវិស័យកសិកម្មកម្ពុជា។ ទោះយ៉ាងណា សម្ដេច ហ៊ុន សែន ក៏បានបង្ហាញនូវក្តីសង្ឃឹមដែរថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នឹងបានបញ្ចប់ក្នុងពេលឆាប់ៗ ខាងមុខ ព្រោះបញ្ហាសង្គ្រាមនេះ បានធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកឡើងថ្លៃ ព្រមទាំងបង្កើតជាអតិផរណានៅលើពិភពលោក។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនូវសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ពិសេសការកើនឡើងជាបន្តបន្ទាប់នូវតម្លៃប្រេងឥន្ធនៈ និងថ្លៃទំនិញកើនខ្ពស់។ ក៏ប៉ុន្ដែ នៅរយៈពេលចុងក្រោយនេះ គេក៏សង្កេតឃើញថា តម្លៃប្រេងឥន្ធនៈសាកលក៏បានថមថយចុះជាបន្តបន្ទាប់ដែរ។ ជាក់ស្ដែង តម្លៃប្រេងឥន្ធនៈសាកល នារយៈពេលចុងក្រោយនេះ បន្តធ្លាក់ពីតម្លៃ ៩២,០៦ដុល្លារក្នុងមួយធុងបារ៉ែល មកនៅត្រឹម ៩១,៩០ដុល្លារ ប៉ុណ្ណោះ ក្នុង១ធុងបារ៉ែល។ នេះបើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕




អត្ថបទបន្ទាប់


EU កំពុងខិតខំជំរុញបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខនៅតំបន់ប៉ាស៊ីហ្វិកកាន់តែខ្លាំង

ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក បាននិយាយនៅថ្ងៃទី ១៦ សីហាថា សហភាពអឺរ៉ុបកំពុងតែធ្វើការងារ ដើម្បីបង្កើនវត្ត…

ក្រុមហ៊ុន Honda ថៃ រំពឹងការលក់ម៉ូតូកើនដល់ ១,៣លានគ្រឿងនៅឆ្នាំនេះ ទោះបីជា កំពុងជួបបញ្ហាខ្វះខាតបន្ទះឈីបក្ដី

ក្រុមហ៊ុន Honda នៅក្នុងប្រទេសថៃ ដែលជាក្រុមហ៊ុនផលិត និង ចែកចាយម៉ាស៊ីនពហុមុខងារដ៏ធំមួយនៅក្នុងតំបន់ បានរក្សាគោលដៅកំណើននៃការលក់ម៉ូតូរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ