
លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានលើកឡើងថា កិច្ចប្រជុំពិភាក្សាស្ដីអំពី ការអនុវត្តច្បាប់ពន្ធដារ និងបញ្ហាប្រឈមលើវិស័យសំណង់នៅកម្ពុជា គឺជាការបើកឱកាសឲ្យក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ដែលជាសមាជិករបស់សមាគម អាចលើកឡើងពីផលលំបាកដែលខ្លួនកំពុងជួបប្រទះ និងការសំណូមពរនានាមកកាន់សមាគមដើម្បីជួយដោះស្រាយ។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំនេះ ក៏ជាការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកជុំវិញវឌ្ឍនភាពនៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ស្របទៅតាមនិន្នាការនៃការប្រែប្រួលសេដ្ឋកិច្ចសកលផងដែរ។

ទោះយ៉ាងណា លោកអ្នកឧកញ៉ា លី ហួរ អះអាងថា ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់ជារួម បានបង្ហាញពីស្ថានភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ បើទោះបីជា វានៅមានកម្រិតបើធៀបនឹងអំឡុងមុនពេលផ្ទុះរាលដាលកូវីដ១៩យ៉ាងណាក្ដី។

បើទោះបីជា វិស័យសំណង់ និងអចលនទ្រព្យ ហាក់នៅមិនទាន់អាចងើបឡើងវិញក្នុងកម្រិតខ្ពស់ក្ដី ប៉ុន្ដែសេដ្ឋកិច្ចរបស់កម្ពុជាជារួមនៅឆ្នាំ២០២៤ ត្រូវបានស្ថាប័នអន្តរជាតិធំៗរួមមាន IMF បានព្យាករថា នឹងសម្រេចបានក្នុងរង្វង់កំណើន ៥,៨% និងបន្ដកើនដល់ ៦% នៅឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ត្រូវបាន IMF រំពឹងទុកថា នឹងត្រូវបានជំរុញពីក្រោយដោយកំណើនក្នុងវិស័យកម្មន្ដសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍៕















