ប្រេសិតពិសេសអាស៊ានធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា

ប្រេសិតពិសេសរបស់ប្រធានអាស៊ានឯកឧត្តម ប្រាក់ សុខុន នឹងចេញធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាសប្តាហ៍ក្រោយ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចលើកដំបូងនៅមីយ៉ាន់ម៉ានាសប្តាហ៍ក្រោយនេះ។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា រូបភាព៖ គណនីហ្វេសប៊ុក ឯកឧត្តម ប្រាក់ សុខុន
ដោយ

ដំណើរទស្សនកិច្ច ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃមីយ៉ាន់ម៉ានេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការឈានទៅបញ្ចប់អំពើហិង្សា ឬធ្វើយ៉ាងឲ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ខ្ពស់បំផុតនៅមីយ៉ាន់ម៉ា។ ការចែកចាយជំនួយមនុស្សធម៌ និងការជំរុញឲ្យមានកិច្ចពិភាក្សារវាងភាគីជម្លោះ ក៏ស្ថិតក្នុងបំណងនៃដំណើរទស្សនកិច្ចនេះដែរ។

 គណៈប្រតិភូប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដែលដឹកនាំដោយឯកឧត្តមឧបនាយ​ក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចេញទៅបំពេញទស្សនកិច្ច​លើកដំបូង​នៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ដំណើរទស្សនកិ​ច្ចនេះ ធ្វើឡើង​តបតាមការអញ្ជើញ​របស់ក្រុមប្រឹក្សា​រដ្ឋ​នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការនៅថ្ងៃទី១៨ មីនា​។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជួយសម្របសម្រួល និងធ្វើយ៉ាងណា​ស្វែងរកច្រកចេញ​ពីវិបត្តិ​ហិង្សា​ដ៏រ៉ាំរ៉ៃ​នៅមីយ៉ាន់ម៉ា ដែលបានអូសបន្លាយ​អស់រយៈពេល​ជាងឆ្នាំ១ បន្ទាប់ពីរបប​យោធាធ្វើ​រដ្ឋប្រហារ​ទម្លាក់មេដឹកនាំរដ្ឋាភិបាល​ស្របច្បាប់របស់​លោកស្រី អ៊ុង សានស៊ូជី។ ការសម្របសម្រួលឲ្យ​មានការផ្តល់​ជំនួយមនុស្សធម៌ដល់ជនក្រីក្រនិងរងគ្រោះដោយសារវិបត្តិ​នៅមីយ៉ាន់ម៉ា ក៏ជាគោលបំណ​​ងមួយនៃដំណើរទស្សនកិច្ចនេះផងដែរ។    

ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធាន​អាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់​ការបញ្ចប់អំពើហិង្សា ក៏ដូចជា​ការអត់ធ្មត់​ឱ្យបានខ្ពស់​បំផុតពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ និងលើកទឹកចិត្តឱ្យមានកិច្ចសន្ទនានយោបាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់»។

ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ ធ្វើឡើងពីរខែក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងនាមប្រធានអាស៊ានទៅមីយ៉ាន់ម៉ា​កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។

លទ្ធផលដំណើរទស្សនកិច្ច​របស់​​សម្តេច​តេជោ​ ហ៊ុន សែន លើកដំបូងនៅមីយ៉ាន់ម៉ា គឺមេដឹកនាំយោធាលោក មីន អ៊ុងឡាំង បានឯកភាពបន្តសុពលភាពបទឈប់បាញ់ ដែលត្រូវផុតកំណត់ត្រឹមខែកុម្ភៈ រហូតដល់ដំណាច់ឆ្នាំ២០២២ និងទទួលស្គាល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំនេះ។ ហើយ លោក មីន អ៊ុងឡាំងក៏បានសន្យាជួយសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅមីយ៉ាន់ម៉ា និងសម្រួលឲ្យមានការផ្តល់ជំនួយមនុស្សធម៌ជាដើម។ 

ក្រៅពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអស៊ាននេះ មានការចូលពីឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះ ជំរុញឲ្យតម្លៃជី និងថ្នាំកសិកម្មកាន់តែកើនឡើងខ្ពស់?

ព័ត៌មាន
បញ្ហាតម្លៃជី និងថ្នាំកសិកម្ម នៅតែជាបញ្ហាប្រឈមរបស់ក្រុមកសិករ ដែលប្រកបរបរកសិកម្ម និងបានជំរុញឲ្យក្រុមកសិករត្រូវចំណាយខ្ពស់លើថ្លៃដើមផលិត។ កន្លងម…

ម៉ាឡេស៊ីដាក់កិច្ចព្រមព្រៀង RCEP ចូលជាធរមានហើយ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ