
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំបូងឡើយ ខ្ញុំមិនមែនជាជាងធ្វើចង្ក្រាននោះទេ។ ប៉ុន្តែ ខ្ញុំបានឃើញវីដេអូក្នុង YouTube របស់ជនជាតិអាមេរិកាំង គេធ្វើចង្ក្រានហ្នឹង ហើយមើលទៅដូចមានប្រយោជន៍ច្រើន។ ហើយកន្លងមក នៅស្រុកយើង អត់មានអ្នកប្រើចង្ក្រានហ្នឹងទេ ខ្ញុំក៏ចង់សាកល្បងធ្វើ យើងមានសម្ភារៈស្រាប់ខ្លះៗ ហើយទិញដែកបន្ថែមតិចតួចមក គឺធ្វើបានហើយ ពេលធ្វើទៅបានដូចអ្វីដែលយើងចង់បានមែន វាបានជោគជ័យ»។
លោកបន្តថា៖ «ចង្ក្រាននេះ មានលក្ខណៈពិសេស ត្រង់ថា ផ្សែងមានតិចបំផុត វាឆេះឧសហើយ វាឆេះផ្សែងហ្នឹងទៀត វាមានកម្ដៅទ្វេដង ធ្វើឲ្យការដាំស្លបានល្អ។ មួយទៀត បើចង្ក្រានធម្មតា វាដុតឧសអស់ ឧបមាថា វាឆេះអស់១០នាទី តែចង្ក្រាននេះ បើដុតឆេះអស់១៥ទៅ២០នាទីឯនោះ។ ដូច្នេះ ឧសហ្នឹងវាឆេះយឺតណាស់ ត្រង់ចំណុចហ្នឹងដែលយើងថា ចង្ក្រានហ្នឹង សន្សំសំចៃឧស»។
ដូចគ្នានេះដែរ អ្នកស្រី ហេង ចន្ធី ស្ដ្រីមេផ្ទះភូមិសេរីសម្បត្តិ សង្កាត់គងណយ បានឲ្យដឹងថា ចង្ក្រាននេះមួយមានតម្លៃ៦ម៉ឺនរៀល ដែលអ្នកស្រីចាត់ទុកថា មានតម្លៃសមរម្យ អាចឲ្យពលរដ្ឋនៅជនបទអាចទិញប្រើប្រាស់បាន។

បើតាមមេផ្ទះរូបនេះ ចង្ក្រានចំហេះជីវម៉ាស ក្រៅពីមានតម្លៃសមរម្យ វាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការដាំស្លទៀតផង។
អ្នកស្រីរៀបរាប់ថា៖ «វាប្រើឧសតិច ដាំបាយក៏ឆាប់ពុះដែរ ប្រហែល១០នាទីឆ្អិនហើយ។ ភ្លើងវាមិនបែក វាមូលក្នុងហ្នឹងទាំងអស់។ បើយើងចង់ឲ្យរហ័ស យើងដាក់ឧសឲ្យច្រើន ហើយបិទសន្ទះនេះទៅ វាមិនខ្ទាតរងើកភ្លើងចេញពីចង្ក្រានដែលអាចធ្វើឲ្យមានភ្លើងឆេះផ្ទះអីនោះទេ ហើយយើងចង់ធ្វើអ្វីផ្សេងទៀតបាន ដោយមិនបាច់បារម្ភនោះទេ»៕