សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការថយចុះតិចទៅៗហើយ


មន្ត្រីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថា ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញនៅប៉ុន្មានពីរខែចុងក្រោយ មានការធ្លាក់ចុះមកត្រឹមខ្ទង់១ពាន់គណនីក្នុង១សប្តាហ៍ ខណៈដែលកាលពីមុនមានដល់ខ្ទង់ម៉ឺនគណនីក្នុង១សប្តាហ៍។ ការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុ កត់សម្គាល់ថា គឺបណ្ដាលមកពីមេរោគរាតត្បាតកូវីដ-១៩ មកលើអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស មានការធ្លាក់ចុះ គិតមកទល់ពេលបច្ចុប្បន្ន។
សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ដាក់ចេញវិធានការបន្ធូរបន្ថយ ៦ចំណុច សម្រាប់អតិថិជនដែលរងគ្រោះព្រោះកូវីដ-១៩

ចាប់តាំងពីធនាគារជាតិនៃកម្ពុជាអនុញ្ញាតឲ្យមានការរៀបចំឥណទានឡើងវិញនៅដើមឆ្នាំ២០២០ មកដល់បច្ចុប្បន្នមានអ្នកស្នើសុំរៀបចំឥណទានឡើងវិញកើនដល់ជាង៣៥ម៉ឺនគណនីហើយ ដែលមានទំហំប្រាក់កម្ចីសរុបជាង ១ពាន់៦រយលានដុល្លារអាមេរិក។

ការឆ្លងរីករាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានអូសបន្លាយអស់រយៈពេលជិត៨ខែកន្លងមកនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រកបអាជីវកម្ម និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បញ្ហានេះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ដែលមានកាតព្វកិច្ចត្រូវសងប្រាក់ត្រឡប់ទៅឲ្យគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុជួបការលំបាក ដោយសារខ្វះលទ្ធភាព។ ដើម្បីជួយសម្រួលការលំបាកនេះ ធនាគារជាតិ នៃកម្ពុជាបានសម្រេចដាក់ចេញវិធានការ ដោយតម្រូវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ខ្លាំង ឬមធ្យម។ ក្រោយវិធានការនេះ ត្រូវបានដាក់ចេញ គេសង្កេតឃើញអតិថិជនជាច្រើនបានមកស្នើសុំរៀបចំឡើងវិញជាបន្តបន្ទាប់។

ពាក់ព័ន្ធបញ្ហានេះ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសង្កេតឃើញថា ក្រោយកម្ពុជាផ្ទុះនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអតិជនជាច្រើនបានមកដាក់ពាក្យស្នើសុំរៀបចំឥណទានឡើងវិញនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថនានាទូទាំងប្រទេស។

ជាក់ស្តែង នៅអំឡុងខែឧសភា និងខែមិថុនា ឆ្នាំ២០២១ មានអតិថិជនខ្ទង់ម៉ឺននាក់ក្នុង១សប្តាហ៍បានមកស្នើសុំរៀបចំឥណទានឡើងវិញ ខណៈមុនព្រឹត្តិការណ៍នេះកើនឡើងមានខ្ទង់រយនាក់ប៉ុណ្ណោះ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ឃើញថា ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង១១១ រួមទាំងធនាគារចំនួន៤ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺមានការថយចុះជាបន្តបន្ទាប់។ លោកអះអាងថា នៅពីរខែចុងក្រោយនេះ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញមានខ្ទង់១ពាក់នាក់ប៉ុណ្ណោះក្នុងមួយសប្តាហ៍។

ជាមួយគ្នាដែរ បើតាមការគូសបញ្ជាក់របស់លោក ផល វ៉ាន់ឌី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងដែរថា នៅរយៈពេល៨ខែក្នុងឆ្នាំ២០២១ កន្លងមកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេសបានរៀបចំឥណទានឡើងវិញជូនអតិថិជនបានជិត៧ម៉ឺនគណនី ដែលមានទំហំទឹកប្រាក់ជាង៣រយលានដុល្លារអាមេរិក។ ប៉ុន្តែ បើរាប់តាំងពីមានការអនុញ្ញាតឲ្យមានការរៀបចំឥណទានឡើងវិញពីសំណាក់ធនាគារជាតិ ឃើញថា រហូតមកដល់បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញជូនអតិថិជនបានជាង ៣៥ម៉ឺនគណនីហើយ ដោយទំហំទឹកប្រាក់ជាង១ពាន់៦រយលានដុល្លារអាមេរិក។

ប្រធានសមាគមរូបនេះគូសបញ្ជាក់បន្ថែមថា ការដាក់ចេញវិធានការរៀបចំឥណទានឡើងវិញពីធនាគារជាតិនៃកម្ពុជា គួបផ្សំការអនុវត្តវិធានការយោគយល់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ បានធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុអាចរក្សាបាននូវកំណើនឥណទានមិនដំណើរការក្នុងរង្វង់ក្រោម២%។ កត្តានេះបានឆ្លុះបញ្ចាំងឲ្យឃើញថា សុខភាពក្នុងការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជនរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅតែមានរំពឹងរឹងមាំ ទោះបីមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា នៅឆមាសទី១ក្នុងឆ្នាំ២០២១ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានរៀបចំឥណទានឡើងវិញជូនអតិថិជនបានជាង ៣៦ម៉ឺនគណនី ដែលមានទំហំទឹកប្រាក់ប្រមាណ៥ពាន់៥រយលានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ច៖ ទោះបីចំណូលពន្ធមានការថយចុះ ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជានៅតែធន់

ព័ត៌មាន
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា សេដ្ឋកិច្ចកម្ពុជានៅតែបន្ដរក្សាបាននូវភាពធន់របស់ខ្លួន បើទោះបីជា ត្រូវរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ន…

មេធំ Huawei ប្តេជ្ញានឹងនាំមុខគេលើការអភិវឌ្ឍបច្ចេកវិទ្យា 6G

ព័ត៌មាន
ក្រោយពីស្ងប់ស្ងាត់បាត់មុខអស់មួយរយៈពេលនៅថ្ងៃនេះ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies ប្រកាសក្ដែងៗថា ក្រុមហ៊ុន Huawei …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ