ទីផ្សារជ្រូកកម្ពុជា

តើទីផ្សារជ្រូកកម្ពុជាអាចរងឥទ្ធិពល ពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសថៃ ដែរឬយ៉ាងណា?


ប្រទេសថៃ បានប្រកាសពីការរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ស្របពេលដែលប្រទេសនេះ កំពុងជួបនូវវិបតិ្តខ្វះខាតការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារ និងបញ្ហាសាច់ជ្រូកឡើងថ្លៃ។ តើវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅប្រទេសថៃ អាចនឹងជះឥទ្ធិពលដល់ការចិញ្ចឹមជ្រូកនៅកម្ពុជា ដែលជាភូមិផងរបងជាមួយថៃ ឬយ៉ាងណា?
កសិដ្ឋានចិញ្ចឹមជ្រូករបស់កសិករក្នុងស្រុកមួយកន្លែង

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម អះអាង​ថា បញ្ហា​នេះ នឹង​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជ្រូក ឬ​ទីផ្សារ​សាច់​ជ្រូក​របស់​កម្ពុជា​នោះ​ទេ ដ្បិតថា បច្ចុប្បន្ន ប្រទេស​ថៃ​កំពុង​ខ្វះខាត​សាច់​ជ្រូក ដូច្នេះ ថៃ​មិន​អាច​នាំ​ចេញ​ជ្រូក​មក​កម្ពុជា​ទៀត​នោះ​ទេ​។ ទោះ​យ៉ាងណា អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តែ​បន្ដ​រឹត​បន្ដឹង​ចំពោះ​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់​ពី​ក្រៅប្រទេស​។

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា ទទួល​បន្ទុក​ផ្នែក​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស ថា តាម​ពិត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មាន​វត្ត​មាននៅ​ប្រទេស​ថៃ យូរ​មក​ហើយ ប៉ុន្ដែ ថៃ​ទើប​ប្រកាស​ជា​ផ្លូវការ​។ បើ​តាម​ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា កន្លង​មក កម្ពុជា ក៏​ធ្លាប់​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​នូវ​ករណី​នាំ​ចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​ថៃ មក​កម្ពុជា ដែល​មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កាលពីដើម​ឆ្នាំ​២០២១ និង​ជំរុញ​ឱ្យ​អគ្គនាយកដ្ឋាន​សត្វ​បាន​រឹត​បន្តឹង និង​តែងតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ​។ ជាមួយ​គ្នា​នោះ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រូប​នេះ ក៏​បាន​សង្កត់ធ្ងន់​ទៀត​ថា បញ្ហា​ជំងឺប៉េស្ត​ជ្រូក​នៅ​ថៃ​ពេល​នេះ វា​មិន​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា នោះ​ទេ ដោយហេតុ​ថា ថៃ​កំពុង​ជួប​បញ្ហា​កង្វះខាត​សាច់​ជ្រូក និង​តម្លៃ​សាច់​ជ្រូក​កើន​ខ្លាំង ដូច្នេះ ការ​ចរាចរណ៍​សាច់​ជ្រូក​ពី​ប្រទេស​ថៃ មក​កម្ពុជា វា​ពិ​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ​។

លើស​ពី​នេះ ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា ក៏​បាន​បន្ត​ទៀត​ថា ប្រទេស​ថៃ មិន​ធ្លាប់​មាន​គោលការណ៍​នាំ​ចូល​ជ្រូក​រស់ និង​សាច់​ជ្រូក ពី​ប្រទេស​ខាងក្រៅ​នោះ​ទេ ដូច្នេះ ទោះជា​ថៃ​ចង់​នាំ​ចូល​សាច់​ជ្រូក​ពី​ក្រៅ ក៏​ត្រូវការ​ពេលវេលា​យូរ​ដែរ​។ ឯកឧត្តម​បាន​បន្ថែម​ថា កន្លង​មក ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន មាន​បំណង​នាំ​ចូល​សាច់​ជ្រូក​ពី​កម្ពុជា ទៅ​ថៃ ក៏​ដូច​ជា នាំ​សាច់​ជ្រូក​ពី​វៀតណាម ឆ្លងកាត់​កម្ពុជា ដើម្បី​ទៅ​ថៃ​ដែរ តែ​វា​ពិតជា​មានការ​លំបាក ព្រោះ​ប្រទេស​ថៃ មិន​មាន​ទីតាំង​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​សត្វ ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ​។

ដោយឡែក លោក ស្រ៊ុ​ន ពៅ ប្រធាន​សមា​គ​ចិញ្ចឹមសត្វ​កម្ពុជា​បាន​អះអាង​ដែរ​ថា មិនមែន​តែ​ប្រទេស​ថៃ នោះ​ទេ​ដែល​កំពុង​ផ្ទុះ​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក រួម​ទាំង ប្រទេស​វៀតណាម ផង​ដែរ​។ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​រូប​នេះ បាន​គូសបញ្ជាក់​ថា យ៉ាងណា​ក៏​ដោយ កម្ពុជា ស្ថិត​នៅ​ជាប់​នឹង​ប្រទេស​ទាំង​ពីរ ដែល​កំពុង​មាន​បញ្ហា​រាតត្បាត​ជំងឺប៉េស្ត​ជ្រូក ហើយ​ខាង​សមាគម​ក៏​បានដឹង​ពី​បញ្ហា​នេះ យូរ​មក​ហើយ​ដែរ ទើប​កន្លង​មក សមាគម​បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។ បើ​តាម​លោក ស្រ៊ុ​ន ពៅ បច្ចុប្បន្ន មាន​ត្រឹម​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​លើ​ទីផ្សារ​ក្នុងស្រុក​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ដូច្នេះ មិន​អាច​នោះ​ទេ​ដែល​កម្ពុជា អាច​នឹង​នាំ​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ចេញ​សាច់​ជ្រូក​ទៅ​កាន់​ទីផ្សារ​ខាងក្រៅ​។

មន្ត្រី​ជំនាញ​បាន​អះអាង​ថា ដើម្បី​សម្រួល​ដល់​ក្រុម​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក កន្លង​មក ក្រសួងកសិកម្ម បាន​ផ្អាក​ទាំងស្រុង​នូវ​ការ​នាំ​ចូល​សត្វ​ជ្រូក​រស់​ពី​បរទេស ដោយសារ​តែ​កម្ពុជា មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក ដោយ​ខ្លួនឯង​។ បច្ចុប្បន្ន កម្ពុជា មាន​តម្រូវការ​ជ្រូក​រស់​ប្រមាណ ៨​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ នៅ​លើ​ទីផ្សារ​ក្នុងស្រុក ខណៈ​កម្ពុជា មាន​លទ្ធភាព​ផ្គត់ផ្គង់​ជ្រូក​រស់​ជិត ៨​ពាន់​ក្បាល​ក្នុង​មួយ​ថ្ងៃ​។ ដូច្នេះ កម្ពុជា មិន​អាច​នោះ​ទេ ក្នុង​ការ​នាំ​ចេញ​ជ្រូក​រស់​ទៅ​ប្រទេស​ថៃ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ នៅ​ប្រទេស​ថៃ កំពុង​ជួប​បញ្ហា​ខ្វះខាត​សាច់​ជ្រូក ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ស្រប​ពេល​ដែល​ប្រទេស​នេះ កំពុង​មានការ​ផ្ទុះ​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ផង​ដែរ​។ ការណ៍​នេះ បាន​ធ្វើ​ឱ្យ​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ប្រទេស​ថៃ បាន​និង​កំពុង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចាប់ផ្តើម​ធ្វើការ​នាំ​ចូល​សាច់​ជ្រូក​ពី​ក្រៅប្រទេស​ជា​បន្ទាន់ ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​ថ្លៃ​សាច់​ជ្រូក​លើ​ទីផ្សារ ខណៈ​ដែល​តម្លៃ​កើនឡើង​ខ្ពស់​កំពុង​ធ្វើ​ឱ្យ​បាត់បង់​អ្នក​ទទួលទាន និង​ប្រាក់​ចំណូល​របស់​អ្នកលក់​សាច់​ជ្រូក​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


កក្រើកជាមួយ អ័រគីដេ បើកសម្ពោធលក់ និងទស្សនាផ្ទះគំរូពិត ពិសេសជួបតារាល្បីៗ

គម្រោង ខុនដូ អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ដែលពេលនេះបានបញ្ចប់ការសាងសង់អគារមួយចំនួន…

រដ្ឋបានចំណូលជាង១,៦លានដុល្លារពីការចម្រាញ់រ៉ែមាសគិតត្រឹមដំណាច់ឆ្នាំ២០២១

គិតចាប់តាំងពីបានចាប់ផ្ដើមឧស្សាហកម្មរ៉ែមាសលើកដំបូងកាលពីខែមិថុនា រហូតដល់ដំណាច់ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលមិនមែនសារពើពន្ធប្រមាណ ១លាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ