
លោក ឃុន កក្កដា អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា នៅពីរខែដើមឆ្នាំនេះ កម្ពុជារកចំណូលបានជាង១០៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង២៦% ក្នុងនោះការនាំចេញជ័រកៅស៊ូសម្រេចបានជាង១០៥លានដុល្លារ ជាមួយបរិមាណនាំចេញជាង៥ម៉ឺន៤ពាន់តោន ខណៈការនាំចេញឈើកៅស៊ូមានទឹកប្រាក់ជិត១លានដុល្លារ ជាមួយបរិមាណនាំចេញជាង៣ពាន់៧រយម៉ែត្រគូប។
ទន្ទឹមនឹងការនាំចេញមានការកើនឡើង តម្លៃជ័រកៅស៊ូជាមធ្យមនៅ២ខែឆ្នាំនេះ ក៏មានការកើនឡើងផងដែរ ពោលគឺអាចលក់បានក្នុងតម្លៃជាង១៩០០ដុល្លារ ក្នុង១តោន កើនឡើងប្រមាណ៤៧៥ដុល្លារក្នុង១តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ដែលបានបន្ថែមថា នៅក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២៥នេះ កម្ពុជា ផលិតជ័រកៅស៊ូបានជិត៦ម៉ឺនតោនថយចុះជាង១% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញ និងតម្លៃជ័រកៅស៊ូរបស់កម្ពុជា នៅដើមឆ្នាំនេះ ពិតជាមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ប្រាកដមែន។ កំណើននេះត្រូវបានអ្នកជំនាញរូបនេះ អះអាងថា គឺដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរឡើងវិញ ជំរុញឱ្យតម្រូវការប្រើប្រាស់ផលិតផលធ្វើពីជ័រកៅស៊ូលើទីផ្សារអន្តរជាតិ មានការកើនឡើង។ ម្យ៉ាងទៀត ដោយសារការផ្គត់ផ្គង់មានតិចជាងតម្រូវការប្រើប្រាស់ ក្រោយប្រទេសផលិតកៅស៊ូធំៗមួយចំនួនបានផ្អាកការផលិត គួបផ្សំទិន្នផលកៅស៊ូនៅលើពិភពលោកបច្ចុប្បន្នមានការថយចុះដោយសារផលប៉ះពាល់ពីបញ្ហាអាកាសធាតុ។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ គិតមកទល់ពេលនេះ កម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៩ម៉ឺនហិកតា។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្ម មានជាង៧ម៉ឺនហិកតា ស្មើនឹង១១% និងផ្ទៃដីកៅស៊ូសម្បទានសេដ្ឋកិច្ចជាង១៧ម៉ឺនហិកតាស្មើនឹង៤១% និងផ្ទៃដីកៅស៊ូគ្រួសារជាង២០ម៉ឺនហិកតា ស្មើនឹង៤៨%៕