សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុតដែលត្រូវបានកំណត់នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល ក៏បានផ្តល់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកក្នុងការចំណាយផ្សេងៗ។ ជាក់ស្តែង ដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយ អាណាព្យាបាល និងសិស្ស-និស្សិតក្នុងការបង់ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សានានា សម្តេចធិបតី បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ពិនិត្យលទ្ធភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ ក៏ដូចជាពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការបញ្ចុះថ្លៃសិក្សាផងដែរ។
បើតាមសម្តេចធិបតី ជាលទ្ធផលសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ហើយគ្រឹះស្ថានសិក្សាទាំងអស់នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនដល់សិស្ស-និស្សិតទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។ ដោយឡែក ចំពោះសហព័ន្ធសេវាអប់រំនៃកម្ពុជា ក៏បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ផងដែរ ដោយសារតែសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ គ្រឹះស្ថានសិក្សាជាច្រើនដែលជាសមាជិកសហព័ន្ធបានបើកបវេសនកាលតាំងពីខែកក្កដា ឬខែសីហា រួចទៅហើយ។ ជាមួយគ្នានេះ សហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏បានប្ដេជ្ញាបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា នៅក្នុងអង្គប្រជុំនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាល ក៏បានសម្រេចផ្តល់នូវការលើកទឹកចិត្ត និងបន្តអនុគ្រោះពន្ធមួយចំនួនចំពោះគ្រឹះស្ថានសិក្សានៅកម្ពុជា ដោយក្នុងនោះរួមមានពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨៕