សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១

តើវិធានការជុំទី៨សម្រាប់ស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានឹងចេញពេលណា?


ចាប់តាំងពីវត្តមាននៃការរាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចំនួន៧ជុំរួចមកហើយ ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈដែលវិធានការជុំទី ៧នេះ នឹងត្រូវបញ្ចប់ត្រឹមដំណាច់ខែមីនានេះ។ អ្វីដែលវិស័យឯកជនកំពុងរង់ចាំមើលនោះ ថាតើរាជរដ្ឋាភិបាលមានផែនការនឹងបន្ដចេញវិធានការជុំ៨ ដែរទេ? ហើយចេញនៅពេលណា? ព្រោះបច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជាបាននិងកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាថ្មីទៀត ដោយសារតែការរាលដាលឆ្លងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
រូបតំណាង៖ បុរសអ្នកលក់អំបោស ដោយមានពាក់ម៉ាស់ផង កំពុងដើរតាមផ្លូវព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ រូបភាព៖ Xinhua

វិធានការ​ទាំង ៧​ជុំ​របស់​រាជរដ្ឋាភិបាល​គឺ​បាន​ជួយ​បាន​ចូលរួម​មួយ​ចំណែក​ក្នុង​ការ ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​នៃ​មេរោគ​កូ​វី​ដ​-១៩ ពិសេស​ជួយ​ដល់​អាជីវកម្ម កម្មករនិយោជិត នៅ​ក្នុង​វិស័យ​កាត់ដេរ និង វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​បន្ធូរបន្ថយ​ផ្នែក​ពន្ធ​នានា និង ការ​ផ្ដល់​ប្រាក់​ឧ​បត​ម្ថ​សម្រាប់​កម្មករនិយោជិត​និង​ក្រុម​គ្រួសារ​ងាយ​រង​គ្រោះ​ជាដើម​។

តើ​រាជរដ្ឋាភិបាល អាច​នឹង​ចេញ​វិធានការ​ជួយ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ជុំ​ទី​៨ នៅ​ពេល​ណា?

 ឆ្លើយ​តប​ទៅ​នឹង​សំនួរ​នេះ​ត្រូវ​បាន លោក មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថ​បាន​ប្រាប់​សារព័ត៌មាន​សេដ្ឋកិច្ច ឌី​ជី​ថ​ល ខេ​ម​បូ​ណូ​មី​ស តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា លោក​មិន​ទាន់​អាច​បញ្ជាក់​ប្រាប់​ពី​ពេលវេលា​ច្បាស់លាស់​នោះ​ទេ ថា​តើ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចេញ​វិធានការ​ជុំ​ទី​៨​នៅ​ពេល​ណា​ដែរ ក៏​ប៉ុន្តែ​បើសិនជា​ក្នុង​ករណី​ដែល​ចេញ​វិធានការ​ជុំ​ទី​៨ ត្រូវ​បាន​ដាក់​ចេញ​មែន​នោះ វា​ក៏​មិន​ខុស​ពី​វិធានការ​ទាំង​៧​ជុំ​កន្លង​ទៅ​ប៉ុន្មាន​ទេ ពីព្រោះ​ការ​ជួយ​នឹង​គ្របដណ្តប់​ទៅ​លើ​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី​វិបត្តិ​កូ​វី​ដ​-១៩ ដូច​ជា​វិស័យ​ទេសចរណ៍ និង វិស័យ កាត់ដេរ​ជាដើម​។

ជុំវិញ​នឹង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នេះ លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង ជា​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កាន់​មាន​ភាព​លំបាកលំបិន អណ្តែតអណ្តូង​ហូរ​ទៅ​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ហើយ ដែល​បញ្ហា​នេះ​វា​ពិបាក​នឹង​ស្រោចស្រង់​ខ្លាំង​ណាស់ ដូច្នេះ​លោក​វ​ណ្ឌី រំពឹង​ថា វិធានការ​ស្តារ និង ជួយ​ពី​រាជរដ្ឋាភិបាល​ជុំ​ទី​៨ នឹង​ចេញ​ក្នុង​ពេល​ពេល​ឆាប់​ៗ​នេះ ដើម្បី​ជួយ​ដល់​អ្នក​រង​គ្រោះ​ដែល​ប្រកប​របរ​អាជីវកម្ម នៅ​ក្នុង​វិស័យ​ទេសចរណ៍ អាច​មាន​ក្តី​សង្ឃឹម​បន្តរ​ស់រាន្ត​មានជីវិត​បាន​មួយ​កម្រិត​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ ធុរកិច្ច​ជន​ដ៏​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​អប់រំ គឺ​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បាន​លើក​ឡើង​ថា កាលពី​អំឡុង​ពេល​ផ្ទុះ​រាលដាល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ឆ្នាំ​២០២០​កន្លង បាន​ដាក់​ចេញ​វិធានការ​ជា​ច្រើន ដើម្បី​ជួយ​ដល់​វិស័យ​ដែល​រង​ផល​ប៉ះពាល់ ជា​ពិសេស​អាច​ជួយ​ដល់​វិស័យ​ឯកជន​បាន​មួយ​កម្រិត​ដែរ​។ ប៉ុន្តែ​នៅ​ក្នុងឆ្នាំនេះ ពិសេស​ចាប់តាំងពី​ផ្ទុះ​រីក​រាលដាល​ឆ្លង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ប្រមាណ​ជិត ១​ខែ​កន្លង​មកនេះ គឺ​មិន​ទាន់​ឃើញ​មានការ​ចេញ​វិធាន​ថ្មី ដើម្បី​ជួយ​ដល់​ផ្នែក​ឯកជន​បន្ត​ទៀត​នៅឡើយ​ទេ​។ ឧកញ៉ា គួ​ច ម៉េ​ង​លី បាន​បញ្ជាក់​ថា វិស័យ​ឯកជន​អាច​នឹង​ប៉ះពាល់​កាន់តែ​ខ្លាំង​ទៀត បើ​មិន​មាន​វិធានការ​ជួយ​បាន​ទាន់​ពេលវេលា​ពី​រដ្ឋាភិបាល​នោះ​ទេ​។

ដោយឡែក អ្នកជំនួញ​ស្ត្រី​ដ៏​ល្បី​មួយ​នៅ​ក្នុង​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា គឺ​លោកស្រី ឧកញ៉ា កែវ មុំ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ពេល​កន្លង​មក សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម គឺ​ជួយ​បាន​តិចតួច​នៅឡើយ ដោយសារ​តែ​មាន​តម្រូវការ​លក្ខខណ្ឌ​ច្រើន​ពេក ដែល​ធ្វើ សហគ្រាស​ខ្នាត​តូច និង​មធ្យម​ខ្លះ មិន​អាច​បំពេញ​លក្ខខណ្ឌ​បាន ដូចនេះ​លោកស្រី បាន​ស្នើ​ឲ្យ​មានការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ​។

យ៉ាងណាមិញ បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បាន​បញ្ជាក់​អះអាង​ថា បើ​ទោះបីជា​ការ​ផ្ទុះ​រាលដាល​ឆ្លង​ព្រឹត្តិការណ៍​សហគមន៍​លើក​នេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន​ក៏​ដោយ ក៏​ការ​ចេញ​វិធានការ​ជួយ​នេះ ស្ថិត​នៅ​ក្នុង​កញ្ចប់​ថវិកា​ដែល​រដ្ឋ​បាន​គ្រោងទុក ។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​៧​ជុំ​រួច​ហើយ​ក្នុង​ការ​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ តាំងពី​ឆ្នាំ​២០២០​មក ក្នុង​នោះ​ដែរ បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​អះអាង​ថា ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​បាន​ត្រៀម​ទុក​នោះ បាន​ប្រើប្រាស់​ជិត​អស់ហើយ ខណៈ​ដែល​នៅ​ឆ្នាំ​២០២១​នេះ រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ​៨០០​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​ទុក​ដោះស្រាយ​បញ្ហា​កូ​វី​ដ​-១៩​នេះ​។

អ្នកវិភាគ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា ការ​ស្តារ​សេដ្ឋកិច្ចជាតិ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​អំឡុង​ពេល​នេះ ឬ​ក្រោយ​កូ​វី​ដ​១៩ គឹ​សុទ្ធតែ​មិន​អាច​ខ្វះ​បាន​ពី​ការ​បង្កើត​ឲ្យ​មាន ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​ថវិកា និង​យុទ្ធសាស្ត្រ​សម្រាប់​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ ព្រមទាំង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង ឯកជន និង ច្បាប់​វិនិយោគ​ថ្មី​ជាដើម ដែល​ត្រូវ​នឹង​ប្រកាស​ឱ្យ​ប្រើ​នា​ពេល​ខាង​មុខ​នេះ នឹង​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់ សម្រាប់​ផ្តល់​លទ្ធភាព​ទាំង រដ្ឋ និង​ឯកជន ដើម្បី​បង្កើន​ការ​វិនិយោគ​បន្ថែម ក្នុង​ការ​ទ្រទ្រង់​ស្តារ​សេដ្ឋកិច្ចជាតិ​។

កត្តា​សំខាន់​មួយទៀត កម្ពុជា​ក៏​ត្រូវ​ចេះ​ប្រើប្រាស់​ធនធានមនុស្ស ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ ដោយ​ម្ខាង​បែងចែក និង​ប្រើប្រាស់​ធនធានមនុស្ស​ឱ្យ​ចំ​ទិស​ដៅ និង​ម្ខាង​ទៀត​ត្រូវ​លើកកម្ពស់​ផលិតភាព​តាម​រយៈ​ការ​បង្កើន​គុណភាព​ការ​អប់រំ និង​ជំនាញ​បច្ចេកទេស​។ ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​ត្រូវ​គ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយ​ភាព​ឆ្លាត​វៃ ដើម្បី​បង្កើត​តម្លៃ​ឬ​ចំណូល​បន្ថែម ដោយ​ម្ខាង​ធានា​ឱ្យ​មាននូវ ចីរភាព​ខាង​ផ្នែក​បរិស្ថាន និង​ម្ខាង​ទៀត ដើម្បី​បាន​ផល​ចំណេញ​ដល់​សេដ្ឋកិច្ច​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋកម្ពុជាជាង១ពាន់នាក់កំពុងស្នាក់នៅនិងធ្វើការនៅភូមា តើពួកគេសុខទុក្ខយ៉ាងណា?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សួងការបរទេសកម្ពុជាបានអះអាងថា ការផ្ទុះបាតុកម្ម ដែលកំពុងឡើងកម្តៅខ្លាំងនៅភូមានៅមួយរយៈកន្លងមកនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់អ្នក…

អ្នកជំនាញបារម្ភថាអ្នកចិញ្ចឹមត្រីនឹងថយចុះខណៈពលរដ្ឋខ្លះកំពុងអស់ជំនឿលើមុខរបរនេះ

ព័ត៌មាន
រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​ពីរ​ខែ​ហើយ ដែល​ចំនួន​ត្រី​ល្មម​ចាប់​លក់​នៅ​កម្ពុជា បាន​ចាល់​នៅ​តាម​អាង​ចិញ្ចឹម​ត្រី​ដោយសារ​គ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ