ពលករខ្មែរ

ពលករខ្មែរនៅថៃ កំពុងរងការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមជ្រុលនិយមថៃ ក្រោយការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរកាន់តែឡើងកម្តៅ


តាមរយៈប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញឱ្យដឹងថា ក្រុមជ្រុលនិយមថៃមួយចំនួនបានវាយធ្វើបាបទៅលើពលរដ្ឋខ្មែរស្លូតត្រង់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ ពាក់ព័ន្ធបញ្ហានេះអ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា ថៃហាក់គ្មានភាពជាមនុស្សធម៌ក្នុងខ្លួន ពោលគឺបានបើកឱ្យពលរដ្ឋខ្លួនវាយធ្វើបាបពលរដ្ឋខ្មែរតាមអំពើចិត្ត ក្នុងនាមខ្លួនជាប្រទេសដែលទទួលពលករខ្មែរឱ្យទៅធ្វើការ។
ពលករខ្មែរ
ដោយ

បើតាមអ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា ពលរដ្ឋថៃដែលកំពុងរស់នៅកម្ពុជា ត្រូវបានរដ្ឋាភិបាលលាក់ព័ត៌មាន និងធានាសុវត្ថិភាព ដោយមិនមានការរើសអើង។ តែយ៉ាងណាពលករខ្មែររស់នៅក្នុងប្រទេសថៃ កំពុងព្រួយបារម្ភខ្លាំងដោយមានក្រុមជ្រុលនិយមថៃមួយចំនួនបានដើរល្បាតរកពលករខ្មែរដើម្បីវាយធ្វើបាប។

ពលករខ្មែរម្នាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានប្រាប់សារព័ត៌មានខេមបូណូមីស ដោយសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពថា មូលហេតុដែលជនជាតិថៃ ខឹងសម្បារនឹងតាមរកពលករខ្មែរធ្វើបាបនេះ ក៏ដោយសារតែមានព័ត៌មានក្នុងស្រុកថៃ ផ្សាយពីទាហានកម្ពុជា បានបាញ់គ្រាប់ផ្លោងធ្វើឱ្យខូចខាតផ្ទះសម្បែង និងស្លាប់ពលរដ្ឋថៃ ដែលធ្វើឱ្យពួកគេហាក់មានគំនុំគុំគួន និងបានធ្វើដំណើរជាក្រុមមានមនុស្សច្រើននាក់ ដើម្បីសងសឹកតាមរយៈវាយធ្វើបាបពលរដ្ឋខ្មែរយ៉ាងសាហាវឃោឃៅបំផុត។ បើតាមពលករខ្មែររូបនេះ លោកមិនអាចទទួលយកបានឡើយនូវទង្វើដ៏សាហាវបែបនេះ ខណៈបច្ចុប្បន្នលោកកំពុងកើតក្ដីបារម្ភពីសុវត្ថិភាពខ្លួន និងមិនអាចធ្វើដំណើរទៅទីកន្លែងណាបាននោះទេ។

​ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សកម្មភាពយ៉ាងអនាធិបតេយ្យរបស់ក្រុមជ្រុលនិយមថៃមួយចំនួននៅក្នុងប្រទេសថៃ ដែលធ្វើបាបពលករកម្ពុជា ជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិពលករ ដែលបង្ហាញថា ថៃមិនមានភាពជាមនុស្សធម៌ក្នុងខ្លួនឡើយ។ បើតាមអ្នកជំនាញរូបនេះ ជនជាតិថៃ ខ្វះការពិចារណា ព្រោះថាពលករខ្មែរទាំងនោះ ទៅធ្វើការទាំងស្របច្បាប់ ឬមិនស្របច្បាប់ក្ដី គឺដោយសារប្រទេសថៃ ជាអ្នកទទួលឱ្យធ្វើការ។ ទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យពលករខ្មែរចាកចេញពីប្រទេសថៃ មកកាន់ប្រទេសកំណើតវិញ ប្រសិនបើមានការធ្វើបាប រើសអើង ឬមាក់ងាយណាមួយមកលើខ្លួន។

​ពាក់ព័ន្ធបញ្ហានេះដែរ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា ក្រុមជ្រុលនិយមថៃ ដែលបានប្រើអំពើហិង្សា កំពុងរីករាលដាលក្លាយជាសង្គ្រាមចិត្តសាស្រ្តមួយ ដែលរដ្ឋាភិបាលថៃ ត្រូវតែចាត់វិធានការដើម្បីធានាឱ្យបាននូវសុវត្ថិភាពដល់ពលករខ្មែរ។ បើតាមអ្នកជំនាញរូបនេះ សហគមន៍អន្តរជាតិនឹងមើលឃើញពីទង្វើរបស់ក្រុមជ្រុលនិយមថៃ និងថ្កោលទោសពួកគេ ដែលបានប្រព្រឹត្តិអំពើអមនុស្សធម៌លើពលរដ្ឋខ្មែរ ដោយសារតែមានជម្លោះព្រំដែន។

​ដោយឡែក ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រសួងការងារ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងកិច្ចការស្វែងរកពលរដ្ឋខ្មែរ ដែលរងការធ្វើបាបពីក្រុមជ្រុលនិយមថៃ ដើម្បីរកមូលហេតុជាក់លាក់ រួចបន្តស្នើសុំឱ្យអនុវត្តតាមនីតិវិធីនៃច្បាប់។ ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់ពលរដ្ឋខ្មែរកំពុងរស់នៅក្នុងប្រទេសថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។

គួរបញ្ជាក់ថា កាលពីកន្លងទៅរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកំណើតវិញ ក្រោយមើលឃើញពីកម្សួលនៃការរើសអើង និងប្រមាថលើពួកគេពីសំណាក់ជនជ្រុលនិយមរបស់ថៃ។ តែទោះជាយ៉ាងណាក៏ដោយ ថ្លៃចំណាយខ្ពស់សម្រាប់ការធ្វើដំណើរមកស្រុកកំណើតវិញ ក៏ដូចជាប្រាក់ឈ្មួលនៅក្នុងស្រុកហាក់នៅក្រោមថ្លៃប្រាក់ឈ្នួលនៅថៃ បានក្លាយជាបញ្ហាប្រឈមក្នុងការសម្រេចចិត្តរបស់ពលករខ្មែរ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជាបន្តអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោស ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ដែលរំលោភបំពានមកលើកម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ភ…

GTV គោព្រៃ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បម្រើការជូនកងទ័ពកម្ពុជាជួរមុខ នឹងនាំយកសម្ភារប្រើប្រាស់ចាំបាច់ជូនដល់បងប្អូនជនភៀសសឹក

ក្រុមហ៊ុន GTV Motor Cambodia សូមជម្រាបជូនដល់អតិថិជន សប្បុរសជន និងជនរួមជាតិទាំងអស់ ឱ្យបានជ្រាប់ថា ក្រុមហ៊ុនយើងខ្ញុំ នឹងនាំយក តង់ កន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ