លោក ប្រាយអិន ហ្វរណារី ប្រធានកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុប បានគូសបញ្ជាក់ថា ផលិតផលកសិកម្មរបស់កម្ពុជា មួយចំនួនត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប តែមានផលិតផលខ្លះ ជាពិសេសផលិតផលជលផល ដែលមិនទាន់បានអនុលោមតាមស្តង់ដាតម្រូវមិនត្រូវបានអនុញ្ញាតឱ្យនាំចេញនោះទេ។
មន្រ្តីជាន់ខ្ពស់រូបនេះជឿជាក់ថា ផលិតផលជលផលរបស់កម្ពុជានឹងអាចមានវត្តមាននៅលើទីផ្សារអឺរ៉ុប នៅក្រោយឆ្នាំ២០២៥ តែទាមទារឱ្យការផលិត ឬកែច្នៃត្រូវមានប្រព័ន្ធត្រួតពិនិត្យលើកាកសំណល់ឱសថប្រឆាំងមេរោគរបស់សត្វ។ លោក ប្រាយអិន ជឿជាក់ថា ក្រុមហ៊ុនអឺរ៉ុបនឹងមកបោះទុនវិនិយោគនៅកម្ពុជា ប្រសិនបើផលិតផលជលផលរបស់កម្ពុជា ទទួលបានការអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
ជាមួយគ្នានេះ លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយអង្គការ យូនីដូ ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលរបស់កម្ពុជា មានអនុលោមភាពស្របតាមសុវត្ថិភាពម្ហូបអាហារនៃលក្ខខណ្ឌតម្រូវ ក្នុងគោលបំណងឈានទៅរកការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងបណ្ដាប្រទេសនានានៅលើពិភពលោក។
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន បានត្រៀមខ្លួនរួចរាល់ក្នុងការរង់ចាំការចុះត្រួតពិនិត្យវាយតម្លៃពីសហភាពអឺរ៉ុប ខណៈមកដល់ពេលនេះផលិផលរបស់កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវ និងបាននាំចេញទៅទីផ្សារអូស្រ្តលី ចិន ព្រមទាំងបណ្ដាប្រទេសមួយចំនួនទៀតជាបន្តបន្ទាប់ផងដែរ។
បច្ចុប្បន្នមានសហគ្រាសចំនួន១៧ ទទួលបាននិមិត្តសញ្ញាគុណភាពផល ផលិតផលកម្ពុជា(CQS) និងបានត្រៀមលក្ខណៈរួចរាល់ទាំងសមត្ថភាពផលិត និងបច្ចេកទេសស្របតាមស្តង់ដាសុវត្ថិភាព និងអនាម័យ ហើយកំពុងរង់ចាំការចុះវាយតម្លៃពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យនាំចេញតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានជាង៦លានតោនគិតជាទឹកប្រាក់ជិត៤ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលជាកំណើនមួយខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ កសិផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន៧៧ប្រទេសទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅកម្ពុជាសម្រេចប្រមូលផលវារីវប្បកម្មទឹកសាប និងទឹកប្រៃបានចំនួន៣១៤ពាន់តោន ក្នុងនោះនាំចេញសម្រេចបានជាង៣,៥០០តោន៕
អត្ថបទ៖ បូ ដូឡា