វិស័យធនាគារ

តើវិស័យធនាគារមានសារសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ច ហើយបើវិស័យនេះជួបបញ្ហាវានឹងមានអ្វីកើតឡើងមកលើសេដ្ឋកិច្ច?


វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច ជាពិសេសនៅអំឡុងពេលសេដ្ឋកិច្ចកម្ពុជាជួបបញ្ហាប្រឈមនានាពីវិបត្តិខាងក្រៅ។ ដោយមើលឃើញពីសារសំខាន់របស់វិស័យធនាគារចំពោះសេដ្ឋកិច្ច បានជំរុញឱ្យប្រទេសនីមួយៗត្រូវខិតខំ និងរិះរកវិធីធ្វើយ៉ាងណាទប់កុំឱ្យវិស័យនេះកុំឱ្យជួបបញ្ហា និងដូលរលំ។ សំណួរសួរថា ចុះបើវិស័យនេះជួបបញ្ហា ឬអាចឈានដល់ការក្ស័យធន តើវានឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងណាមកលើសេដ្ឋកិច្ច?
វិស័យធនាគារ
ដោយ

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា កត់សម្គាល់ឃើញថា វិស័យធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលមានបញ្ហាប្រឈមជាសកល និងវិបត្តិផ្សេងៗ។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ធនាគារបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់មធ្យោបាយគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជា អាជីវកម្មធំៗ ដោយធានានូវប្រតិបត្តិការប្រកបដោយនិរន្តរភាព ក្នុងអំឡុងពេលមានវិបត្តិ។ តាមរយៈកម្មវិធីផ្តល់កម្ចីជូនដល់អតិថិជនរបស់ធនាគារ បានជួយជំរុញសកម្មភាពអាជីវកម្មក្នុងស្រុក ដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ លើសពីនេះ ធនាគារបានជួយគាំទ្រយ៉ាងសកម្មដល់ប្រជាជន ដែលងាយរងគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ សម្រាប់អ្នកដែលប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ដែលនេះបានផ្តល់ការសង្គ្រោះដ៏សំខាន់ក្នុងអំឡុងពេលមានការលំបាក។

បច្ចុប្បន្នគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកំពុងបម្រើសេវាយ៉ាងសម្បូរបែបក្នុងតម្លៃប្រកួតប្រជែងខ្លាំង ហើយអតិថិជនកំពុងប្រើប្រាស់សេវាគ្រប់ពេលវេលា គ្រប់ទីកន្លែង ក្នុងតម្លៃសេវាទាប និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការប្រាក់បានមកពីប្រាក់បញ្ញើ។

បើតាមលោកស្រី ម៉ារ អមរា ជាទូទៅវិស័យធនាគារបានដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាព និងដំណើរការនៃសេដ្ឋកិច្ចទាំងមូល ដូចច្នេះ ប្រសិនបើវិស័យធនាគារមានបញ្ហា វាអាចប៉ះពាល់អវិជ្ជមានយ៉ាងធំធេងលើសេដ្ឋកិច្ចនៅគ្រប់ទិដ្ឋភាពជាច្រើន ដែលវាអាចចាប់ផ្តើមវិបត្តិឥណទាន ដោយមានការរឺតបន្តឹង ឬកាត់បន្ថយពីលទ្ធភាពទទួលបានប្រាក់កម្ចីសម្រាប់អាជីវកម្ម និងបុគ្គល ដែលនេះអាចរារាំងដល់កំណើនសេដ្ឋកិច្ច។ បន្ថែមលើនេះ ឥទ្ធិពលរីករាលដាលនេះ អាចប៉ះពាល់ដល់អាជីវកម្ម ដែលកើតចេញពីការលំបាកផ្នែកហិរញ្ញវត្ថុ ការបិទអាជីវកម្ម ការបញ្ឈប់ការងារ និងការកើនឡើងពីភាពអត់ការងារធ្វើជាដើម។ បើតាមអ្នកជំនាញរូបនេះ ក្នុងលក្ខខណ្ឌដែលវិស័យធនាគារ និងហិរញ្ញវត្ថុជួបបញ្ហា វាអាចជះឥទ្ធិពលដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ដែលអាចនាំឱ្យមានការកាត់បន្ថយការចំណាយ និងការសន្សំប្រាក់ ដែលនេះ និងធ្វើឱ្យមានសម្ពាធខ្លាំងលើសកម្មភាពសេដ្ឋកិច្ច។ ការណ៍នេះ ក៏អាចធ្វើឱ្យអត្រាការប្រាក់មានភាពប្រែប្រួលខ្លាំង ដែលកើតឡើងដោយសារតែភាពមិនប្រាកដប្រជា និងហានិភ័យខ្ពស់ ដែលនេះនឹងជះឥទ្ធិពលលើការចំណាយ ការខ្ចីប្រាក់សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់។ លើកពីនេះ បញ្ហាប្រឈមរបស់វិស័យ​ធនាគារ ក៏អាចបង្អាក់ការវិនិយោគ ដែលបណ្តាលឱ្យមានការធ្លាក់ចុះនៃការវិនិយោគផ្ទាល់ពីបរទេស និងជំរុញឱ្យមានលំហូរដើមទុនចេញទៅក្រៅប្រទេសផងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនិងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា នៅអំឡុងសេដ្ឋកិច្ចកម្ពុជាទទួលរងឥទ្ធិពលពីវិបត្តិសកល បានធ្វើឱ្យអតិថិជនរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនជួបបញ្ហាខ្វះលទ្ធភាពសងត្រឡប់ ក្រោយប្រាក់ចំណូលរបស់ពួកគេមានការធ្លាក់ចុះ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក្រោមការសហការជាមួយសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ បានដាក់ចេញនូវគោលនយោបាយរៀបចចំឥណទានឡើងវិញ ដើម្បីជួយសម្រួលបន្ទុករបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ការដួលរលំនៃប្រព័ន្ធធនាគារ។ បើតាមការយល់ឃើញរបស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ កាលណាប្រជាពលរដ្ឋគ្មានលទ្ធភាពសងត្រឡប់ វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ធនាគារប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់សាធារណជនដែលមានដាក់ប្រាក់នៅក្នុងធនាគារផងដែរ។

ទោះបីសេដ្ឋកិច្ចសកលរួមទាំងកម្ពុជាជួបបញ្ហាដោយសារវិបត្តិសកលនានា តែវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជានៅតែអាចឈរជើងយ៉ាងរឹងមាំ និងបន្តដំណើរការប្រកបដោយភាពធន់ និងបរិយាបន្ន។ ជាមួយគ្នានេះទាំងអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញហិរញ្ញវត្ថុមានជំនឿយ៉ាងមុតមាំថា វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជានឹងបន្តដំណើរជាមួយកំណើនដ៏រឹងមាំនៅក្នុងឆ្នាំ២០២៤៕

None



អត្ថបទបន្ទាប់


ស្ថាប័នអន្តរជាតិ AMRO ព្យាករថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ នឹងសម្រេចបានកំណើន ៤,៥% ខណៈកម្ពុជា សម្រេចបាន ៦,២% នៅឆ្នាំ២០២៤

ជាមួយនឹងតម្រូវការក្នុងស្រុករឹងមាំ ស្របពេលអតិផរណាស្ថិតក្នុងកម្រិតមធ្យមគួបផ្សំបរិយាកាសពាណិជ្ជកម្មបន្តប្រសើរឡើងជាលំដាប់ នឹងជួយឱ្យតំបន់អាស៊ាន+…

បរធនបាលកិច្ចរំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួន៦ និងរំពឹងទំហំប្រតិបត្តិការកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ

ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ចអះអាងថា ទោះបីបរធនបាលកិច្ចជាវិស័យថ្មីមួយសម្រាប់កម្ពុជា តែ វិស័យនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ