សេដ្ឋកិច្ចកម្ពុជា

តើសេដ្ឋកិច្ចកម្ពុជាអាចរងផលប៉ះពាល់ដែរឬទេ ប្រសិនបើអាម៉េរិកដំឡើងពន្ធដូចការព្រមានមែននោះ?


ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងដំឡើងពន្ធគយថ្មីទៅលើការនាំចូលទំនិញពីប្រទេសចិនចំនួន៦០% និងពីតំបន់ផ្សេងៗទៀតរួមមានទាំងកម្ពុជាចំនួន២០% នៅឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោងនេះបានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោកមានការប្រុងប្រយ័ត្នសម្រាប់ហានិភ័យនៃការខាតបង់សេដ្ឋកិច្ចនាពេលខាងមុខ។ តើសេដ្ឋកិច្ចរបស់កម្ពុជាអាចរងផលប៉ះពាល់ដែរឬទេ ប្រសិនបើអាម៉េរិកដំឡើងពន្ធដូចការព្រមានមែននោះ?
សេដ្ឋកិច្ចកម្ពុជា
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មជឿជាក់ថា ប្រសិនបើសហរដ្ឋអាម៉េរិកដំឡើងពន្ធមែននោះ វានឹងធ្វើពលរដ្ឋអាម៉េរិក ដែលជាអ្នកប្រើប្រាស់ក្លាយជាអ្នករងគ្រោះព្រោះការដំឡើងពន្ធនេះ វានឹងធ្វើឱ្យអ្នកទិញត្រូវបង់ថវិកាបន្ថែម ហើយកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត ដែលជាប្រទេសផលិតនាំចេញក៏រងគ្រោះដូចគ្នាដែរ។ ទោះជាយ៉ាងណាមន្រ្តីជាន់ខ្ពស់រូបនេះបានលើកឡើងថា លក្ខខណ្ឌផលិតកម្មរបស់កម្ពុជានៅមានលទ្ធភាពប្រសើរច្រើន បើធៀបនឹងបណ្ដាប្រទេសមួយចំនួនដែលជាដៃគូប្រកួតប្រជែង។

តែយ៉ាងណាអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ទោះបីសហរដ្ឋអាម៉េរិកដំឡើងពន្ធក៏ដោយ ក៏ពុំអាចលើសពីកម្រិតដែលអង្គការពាណិជ្ជកម្មពិភពលោកបានកំណត់នោះដែរ។ បើតាមការអះអាងរបស់ឯកឧត្តម ប៉ែន សុវិជាតិ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាម៉េរិកដូចជាសម្លៀកបំពាក់ និងស្បែកជើងជាដើម ត្រូវបានបង់ពន្ធ MFN ដូចបណ្ដាប្រទេសនាំចេញផ្សេងដែរ នៅក្នុងអត្រាចាប់ពី០% ដល់២៨% ដោយក្នុងនោះនៅក្នុងចំណោមមុខទំនិញខ្លះត្រូវបានបង់ពន្ធចន្លោះពី១៣% ទៅ១៩% ខណៈផលិតផលសូឡា និងសម្ភារធ្វើដំណើរពុំមានបង់ពន្ធនោះទេ។ ប្រព័ន្ធពន្ធ MFN គឺជាពន្ធទាបបំផុតដែលប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) អាចគិតថ្លៃលើការនាំចូលពីសមាជិក WTO ផ្សេងទៀត។

បើតាមឯកឧត្តម ប៉ែន សុវិជាតិ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា គឺផ្អែកលើការធ្វើពិពិធកម្មទីផ្សារ និងពិពិធកម្មទំនិញ ដោយក្នុងនោះមានទីផ្សារជំនួស និងទីផ្សារបន្ថែម ព្រមទាំងផ្អែកលើគោលការណ៍ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការបង្កើតដៃគូទ្វេភាគីជាដើម ក៏ជាផលប្រយោជន៍សំខាន់របស់កម្ពុជាផងដែរ។

ដោយឡែក លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាយល់ឃើញថា ប្រសិនបើមានការដាក់គំនាបពន្ធលើទំនិញរបស់កម្ពុជា នោះនឹងធ្វើឱ្យទំនិញមានការឡើងថ្លៃ ហើយការនាំចេញអាចនឹងមានការថយចុះ។ តែយ៉ាងណាអ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា ការដាក់ពន្ធហួសកម្រិតមកលើប្រទេសណាមួយពុំអាចធ្វើឡើងលើសគោលការណ៍កំណត់របស់អង្គការ WTO បានឡើយ ខណៈអង្គការនេះមានតួនាទីក្នុងការធ្វើឱ្យមានភាពសមស្របក្នុងការធ្វើពាណិជ្ជកម្មរបស់បណ្ដាប្រទេសជាសមាជិក។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហរដ្ឋអាម៉េរិកមានទំហំជាង៩ពាន់៣០០លានដុល្លារ កើនឡើង១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនោះកម្ពុជានាំចេញទៅអាម៉េរិកមានទំហំជាង៩ពាន់លានដុល្លារមានការកើនឡើង១១% ខណៈនាំចូលពីអាម៉េរិកមកវិញមានទំហំជាង២៤០លានដុល្លារ កើនឡើងជិត១០%។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


អាស៊ីត្រូវបានគេអះអាងថា ជាកន្លែងដែលសេវាកម្មអ៊ីនធឺណិតឧស្សាហ៍ត្រូវបានគេកាត់ផ្តាច់បំផុតនៅលើពិភពលោក

អ៊ីនធឺណិតត្រូវបានចាត់ទុកជាច្រកទំនាក់ទំនងដ៏សកម្មនៅលើពិភពលោក ប៉ុន្តែនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ សេវាកម្មអ៊ីនធឺណិតនៅក្នុងទ្វីបអាស៊ីឧស្ស…

បណ្ដាញខ្សែកាបអុបទិចក្រោមបាតសមុទ្រប្រវែងរាប់ម៉ឺនគីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសជាច្រើននៅអាស៊ី ត្រូវបានដាក់ឱ្យដំណើរការ

ក្រុមហ៊ុនអភិវឌ្ឍន៍បានទម្លាយឱ្យដឹងថា គម្រោងបណ្ដាញខ្សែកាបអុបទិចក្រោមបាតសមុទ្រខ្នាតយក្សថ្មីប្រវែងរាប់ម៉ឺនគីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសជប៉ុនទៅកាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ