សេដ្ឋកិច្ចកម្ពុជារំពឹងមានកំណើនក្នុងរង្វង់៦%នៅឆ្នាំនេះ!

ក្រុមអ្នកជំនាញមានការវាយតម្លៃយ៉ាងណាចំពោះស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាបច្ចុប្បន្ននេះ?


ក្រុមអ្នកជំនាញបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៤ នេះ នឹងអាចសម្រេចបានក្នុងរង្វង់៦% បើទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ននៅតែបន្តស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។ បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ត្រូវបានរំពឹងជួយគាំទ្រដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ រួមជាមួយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូន។
សេដ្ឋកិច្ចកម្ពុជារំពឹងមានកំណើនក្នុងរង្វង់៦%នៅឆ្នាំនេះ!
ដោយ

ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា បើទោះបីជាកម្ពុជានៅតែបន្តទទួលរងឥទ្ធិពលនៃវិបត្តិសកលនានាដូចជាការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៤នេះ គឺមានភាពល្អប្រសើរជាងឆ្នាំ២០២៣ ពោលគឺកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹងអាចសម្រេចបានក្នុងរង្វង់៦%នៅក្នុងឆ្នាំនេះ។

កំណើនសេដ្ឋកិច្ចកម្ពុជាល្អប្រសើរនៅឆ្នាំនេះត្រូវបានគាំទ្រជាចម្បងពីកំណើននាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងមិនមែនកាត់ដេរ ក៏ដូចជាកំណើនដ៏រឹងមាំនៃវិស័យដឹកជញ្ជូន។ ទន្ទឹមនេះការបន្តងើបឡើងនៃវិស័យទេសចរណ៍ ក៏បានចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះផងដែរ បើទោះបីជាវិស័យទេសចរណ៍កម្ពុជានៅមិនទាន់វិលទៅរកភាពល្អប្រសើរដូចមុនពេលមានវិបត្តិកូវីដ១៩ក្តី។ យ៉ាងណាមិញ តាមរយៈការបន្ធូរបន្ថយអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិក និងការដាក់ចេញវិធានការជំរុញកំណើនសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្ននេះ ឯកឧត្តម ផាន់ ផល្លា បានវាយតម្លៃថា នៅក្នុងរយៈពេលខ្លីខាងមុខសេដ្ឋកិច្ចកម្ពុជាអាចនឹងឈានទៅសម្រេចបានកំណើន៦,៥%ផងដែរ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចខាងក្រៅមិនមានអ្វីកើនឡើងអាក្រក់បន្ថែមទៀត។

ជាមួយគ្នានេះលោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា ការប្រតិកម្មរបស់ពលរដ្ឋមួយចំនួនដែលថា ការព្យាករសេដ្ឋកិច្ចមានកំណើនប៉ុណ្ណេះប៉ុណ្ណោះហេតុអ្វីពួកគេនៅតែពិបាករកស៊ីនោះ គឺដោយសារវិស័យខ្លះមានកំណើនយឺត និងវិស័យខ្លះទៀតមានកំណើនលឿន។ ជាក់ស្តែងសម្រាប់វិស័យឧស្សាហកម្ម ត្រូវបានអ្នកជំនាញរូបនេះអះអាងថាកំពុងមានកំណើនខ្ពស់ ដោយក្នុងនោះវិស័យឧស្សាហកម្មកាត់ដេរមានកំណើន២៣% និងវិស័យឧស្សាហកម្មមិនមែនកាត់ដេរមានកំណើនជាង១២%។ សម្រាប់អ្នកជំនាញរូបនេះ ការរីកចម្រើនរបស់វិស័យឧស្សាហកម្មកាត់ដេរ និងមិនមែនកាត់ដេរនេះ គឺបានចាក់លុយចូលក្នុងសេដ្ឋកិច្ចតាមរយៈប្រាក់ឈ្នួលដែលកម្មករនិយោជិតទទួលបានមានប្រមាណ៦០០លានដុល្លារក្នុង១ខែ។ ហើយវិស័យដែលមានកំណើនយឺតនៅឡើយរួមមានវិស័យកសិកម្ម និងវិស័យលក់ដុំ និងរាយជាដើម។

សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីពេលថ្មីៗនេះ បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរង្វង់៥,៨%នៅឆ្នាំ២០២៤ និង៦%នៅឆ្នាំ២០២៥ ដោយផ្អែកលើការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គួបផ្សំវិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសកំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចូលរួមរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នៅសាធារណរដ្ឋកូរ៉េ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិកា…

ធនាគារ ADB អនុម័តកម្ចី ៨០ លានដុល្លារ សម្រាប់កម្ពុជាបង្កើនលទ្ធភាពទទួលបាន និង គុណភាពការអប់រំថ្នាក់មធ្យមសិក្សា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ បានអនុម័តប្រាក់កម្ចីចំនួន ៨0 លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ