
ថ្លែងនៅក្នុងពិធី សម្ពោធសៀវភៅ «ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ» នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក នាយកប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បានលើកឡើងថា នៅកម្ពុជាមានវីរៈបុរសខ្មែរ ដែលមានស្នាដៃជាច្រើនណាស់ ដែលគួរតែត្រូវលើកយកមកសិក្សាស្រាវជ្រាវអំពីប្រវត្តិ និងការដឹកនាំរបស់ពួកគាត់ ដើម្បីចងក្រងជាសៀវភៅ សម្រាប់មនុស្សជំនាន់ក្រោយបានសិក្សាឈ្វេងយល់។

អ្នកឧកញ៉ាបន្ថែមថា តាមរយៈការគាំទ្រដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច អ្នកឧកញ៉ា លើកទឹកចិត្តឲ្យអ្នកនិពន្ធខ្មែរ ចូលរួមឲ្យបានសកម្មភាពថែមទៀត សម្រាប់ស្នាដៃតែងនិពន្ធសៀវភៅអំពីភាពជាអ្នកដឹកនាំ របស់បុគ្គលសំខាន់ៗ ដែលបាននិងកំពុងដឹកនាំប្រទេសកម្ពុជាទាំងសម័យបុរាណ និងបច្ចុប្បន្ន ព្រោះវាមានការផ្សាភ្ជាប់នឹងប្រវត្តិសាស្ត្រ អរិយធម៌ និងវប្បធម៌របស់ខ្មែរផងដែរ។ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច រង់ចាំគាំទ្រ ជួយកែសម្រួល និងបោះពុម្ពផ្សាយសម្រាប់អ្នកនិពន្ធសៀវភៅគ្រប់រូប ដើម្បីជាប្រយោជន៍ដល់សាធារណៈជនទូទៅ ក៏ដូចជាការសិក្សាស្រាវជ្រាវនានា។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា គួច ម៉េងលី។

យ៉ាងណាមិញ សម្រាប់សៀវភៅ «ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ» ដែលទើបសម្ពោធនេះ គឺជាស្នាដៃដំបូង ដែលនិពន្ធជាភាសាខ្មែរដោយលោកបូជាចារ្យ គង់ វៀល សមាជិកនៃ សមាគម បេសកជនសាសនាគ្រិស្តនៃប្រទេសបារាំង ដែលមានវត្តមាននៅប្រទេសកម្ពុជាតាំងពីសតវត្សទី១៧មកម៉្លេះ។ បន្ទាប់ពីរៀនភាសាខ្មែរអស់រយៈពេល៣ឆ្នាំ ធ្វើដំណើរទៅស្ទើរតែគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា រស់នៅខេត្ត សៀមរាប១ឆ្នាំពេញ ដើម្បីស្វែងយល់ពីបុរាណស្ថានក្នុងតំបន់អង្គរ និងសិក្សានៅបណ្ណាល័យនៃមជ្ឈមណ្ឌលខេមរ សិក្សាស្ថិតក្នុងវត្តដំណាក់ លោកបូជាចារ្យ បានប្រមូលផ្តុំការឆ្លុះបញ្ចាំងរបស់លោកចេញពីប្រភពផ្សេងៗ ទាំងប្រពៃណី និងការសិក្សាស្វែងយល់ពីការដឹកនាំរបស់ខ្មែរពីដើម រហូតដល់ការចងក្រងជាសៀវភៅនេះឡើង។

លោកបូជាចារ្យ គង់ វៀល បានលើកឡើងដែរថា បច្ចុប្បន្ន នៅកម្ពុជា គំរូនៃភាពជាអ្នកដឹកនាំ ដែលត្រូវបានបោះពុម្ពផ្សាយ ភាគច្រើនជាសៀវភៅ ដែលលើកយគំរូបរទេស រាប់ចាប់ពីលោក Elon Musk រហូតដល់ Barack Obama ឬពីលោក មហាត្មះ គន្ធី រហូតដល់លោក ម៉ៅ សេទុងជាដើម។ ដោយមើលឃើញពីភាពខ្វះចន្លោះនេះ គួបផ្សំនឹងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួមគម្លាតរវាងការសិក្សាប្រវត្តិសាស្ត្រ និងការណែនាំ អំពីភាពជាអ្នកដឹកនាំ លោកបានចងក្រងខ្លឹមសារក្នុងសៀវភៅនេះ ដោយមានការសិក្សាអំពីជីវិតរបស់ព្រះមហាក្សត្រខ្មែរទាំងប្រាំបីអង្គ ទាំងរឿង ព្រេងនិទាន និងប្រវត្តិសាស្ត្រមុន និងក្រោយអាណាចក្រអង្គរដ៏រុងរឿង ហើយបានទាំងលើកឡើងពីកត្តារួម ក្នុងការដឹកនាំ គឺគុណធម៌។

ក្សត្រិយៈ គឺមានប្រភពមកពីពាក្យសំស្ក្រឹត សំដៅលើវណ្ណៈមួយក្នុងចំណោមបួននៅក្នុងសង្គម ឥណ្ឌាន័យកម្ម ដែលជាក្រុមអ្នកចម្បាំង។ ព្រះមហាក្សត្រដែលគេស្គាល់ជាភាសាខ្មែរថា មហាកស្សបតិយ្យ ជាអ្នកចម្បាំងដ៏អស្ចារ្យ ជាអ្នកចម្បាំងនៃសន្តិភាព «ជានិមិត្តរូបនៃឯកភាពជាតិនិងភាពអមតៈ» ដូចមានចែងក្នុងមាត្រា៨ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់មូលដ្ឋានរបស់ព្រះរាជាណាចក្រកម្ពុជា។ ស្តេចមួយអង្គៗ បង្ហាញពីទេពកោសល្យ ដ៏អស្ចារ្យផ្សេងៗគ្នា រាប់ចាប់ពីព្រះបាទយសោវរ្ម័នទី១ ដល់ព្រះបាទអង្គឌួង ដែលមានគំនិតច្នៃប្រឌិត។ ព្រះបាទ ជ័យវរ្ម័នទី៧ ដ៏អស្ចារ្យ នៅតែមានឥទ្ធិពលឱ្យសិស្សានុសិស្សគ្រប់សាលាទាំងអស់ ក្នុងប្រទេសកម្ពុជាជ្រួតជ្រាបពីភាពជាអ្នកដឹកនាំ ហើយតួលេខនៃភាពជាអ្នកដឹកនាំបែបនេះ អាចត្រូវបានគេរកឃើញនិងណែនាំជាគំរូនៃ ភាពជាអ្នកដឹកនាំដ៏យូរអង្វែងសម្រាប់កម្ពុជា។

ជាជាងនិក្ខេបបទ សៀវភៅនេះគឺជាការស្រាវជ្រាវដែលនៅតបន្ត ហើយត្រូវតែមានការកែលម្អតាមរយៈ កិច្ចពិភាក្សានិងការផ្លាស់ប្តូរយោបល់ ដើម្បីជំរុញឱ្យកាន់តែមានវប្បធម៌នៃការដឹកនាំប្រកបដោយ ភាពក្លាហាន និងគុណធម៌ ទាំងក្នុងនិងក្រៅប្រទេស។ សូមអរគុណចំពោះការដឹកនាំបច្ចុប្បន្ន ដែលធានាបាននូវយុគសម័យ ដ៏យូរបំផុតមួយនៃសន្តិភាពនៅកម្ពុជា ចាប់តាំងពីរបបរាជានិយមត្រឡប់មកវិញ។
សៀវភៅដែលផ្តល់ចំណារសេចក្តីផ្តើមដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នេះ នឹងចរាចរក្នុង ទីផ្សារ សៀវភៅ ទៅគ្រប់បណ្ណាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាដៃនេះត្រូវបានបោះពុម្ពផ្សាយជាពីរ ភាសាតែម្តង គឺភាសាខ្មែរ និងអង់គ្លេស។ ចំណែកភាសាបារាំង គឺកំពុងតែត្រៀមរៀបចំផងដែរ៕



