គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ត្រូវបានធនាគារកូរ៉េ KBទិញយកភាគហ៊ុនទាំងស្រុង១០០%ហើយ!


នៅទីបំផុត ភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅសេសសល់ ត្រូវបានធនាគារកូរ៉េខាងត្បូង KB Kookmin បានប្រមូលទិញយកទាំងអស់ហើយ ដែលធ្វើឲ្យធនាគារមួយនេះ មានកាន់កាប់ភាគហ៊ុនទាំងស្រុង១០០%របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានកូរ៉េ The Korean Herald កាលពីថ្ងៃទី២០ខែតុលាឆ្នាំ២០២១។
គ្រឹះស្ថានមីក្រូហិរញ្ញប្រាសាក់

ក្រោយពីបានទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បាន ៧០% កាលពីពេលកន្លងទៅ ក្នុងតម្លៃជាទឹកប្រាក់ជាង៦០០លានដុល្លារអាមេរិកពីម្ចាស់ភាគហ៊ុនធំរបស់ប្រាសាក់គឺស្ថាប័ន LOLC Holdings (មានមូលដ្ឋាននៅស្រីលង្កា)កាលពីឆ្នាំមុនរួចមក ថ្មីៗនេះ ធនាគារកូរ៉េ KB Kookmin បានសម្រេចទិញយកភាគហ៊ុនរបស់ប្រាសាក់ ៣០% ដែលនៅសល់បន្ថែមទៀត ដោយមានតម្លៃជាទឹកប្រាក់ប្រមាណ ៣២២លានដុល្លារអាមេរិក។ ដូច្នេះ សរុបទាំងការទិញភាគហ៊ុនរបស់គ្រឹះស្ថានប្រាសាក់ទាំងពីលើកនេះ មានតម្លៃសរុប ជាង៩៣៥ លានដុល្លារអាមេរិក។

លោក ស៊ឹម សេនាជាតិ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ធ្លាប់បានបញ្ជាក់ប្រាប់ខេមបូណូមីស ថា ក្រោយពីក្រុមហ៊ុន KB ដែលបានទិញភាគហ៊ុនក្តោបក្តាប់ទាំងស្រុង ១០០%ហើយនោះ ប្រាសាក់ នឹងប្រែក្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជាក្នុងពេលខាងមុខនេះ ដែលធ្វើឲ្យប្រតិបត្តិការរបស់ប្រាសាក់កាន់តែទូលំទូលាយ និងល្អប្រសើរជាងមុន។

ថ្នាក់ដឹកនាំកំពូលរូបនេះ ជឿជាក់ថាក្រុមហ៊ុន KB Financial Group របស់ប្រទេសកូរ៉េខាងត្បូងនឹងអាចប្រែក្លាយប្រាសាក់ទៅធនាគារក្នុងពេលដ៏ខ្លីខាងមុខនេះ ដ្បិតថា បច្ចុប្បន្នក្រុមហ៊ុនរបស់កូរ៉េដែលជាម្ចាស់ភាគហ៊ុនប្រាសាក់ កំពុងប្រតិបត្តិការធនាគារមួយនៅកម្ពុជាមានឈ្មោះថា Kookmin Bank រួចទៅហើយ។ ទោះយ៉ាងណា លោក ស៊ឹម សេនាជាតិ មិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ក្នុងការប្រែក្លាយខ្លួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ទៅជាធនាគារនៅពេលណានៅឡើយទេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់បានប្រកាសថា នៅឆមាសទី១ឆ្នាំ២០២១ ខ្លួនទទួលប្រាក់ចំណេញសុទ្ធជិត ៦៩លានដុល្លារ មានការកើនឡើងជាង៣០លានដុល្លារបើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២០ ដែលមានត្រឹមតែជាង ៣៧លានដុល្លារអាមេរិកប៉ុណ្ណោះ។ សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ក៏បានបោះផ្សាយលក់បណ្ណបំណុលរបស់ខ្លួន ក្នុងផ្សារមូលបត្រកម្ពុជាផងដែរ កាលពីខែឧសភាឆ្នាំ២០២០ ដោយបានប្រមូលបានដើមទុនពីទីផ្សារភាគហ៊ុនជាង៣១លានដុល្លារអាមេរិក។ បណ្ណបំណុលរបស់ប្រាសាក់ គឺមានអត្រាកូប៉ុង ឬហៅថា ការប្រាក់ ៧,៥% ក្នុងមួយឆ្នាំ និង មានរយៈពេល៣ឆ្នាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋី Bill Gates ត្រៀមមូលនិធិ ១២០លានដុល្លារ ជួយប្រទេសក្រីក្រអាចទិញថ្នាំព្យាបាលកូវីដ-១៩

ព័ត៌មាន
មូលនិធិ Gate Foundation របស់មហាសេដ្ឋីអាមេរិកលោក Bill Gates បានត្រៀមទុកកញ្ចប់ថវិកាប្រមាណ ១២០លានដុល្លារអាមេរិក ដើម្បីជួយប្រទសមានចំណូល…

តើអ្នកដំណើរជនបរទេសចូលមកកម្ពុជាត្រូវគោរពតាមលក្ខខណ្ឌតម្រូវអ្វីខ្លះ?

ព័ត៌មាន
ក្រសួងសុខាភិបាល បានសម្រេចដាក់ចេញសេចក្ដីសម្រេចមួយ ស្ដីអំពី នីតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ