អត្ថបទក្រុមហ៊ុន

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដំបូងបង្អស់នៅកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់


ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដំបូងគេបង្អស់នៅប្រទេសកម្ពុជាត្រូវបានប្រារព្ធឡើងនាថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហើយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដោយមានអ្នកចូលរួមរហូតដល់ទៅបីមុឺននាក់ ។
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដំបូងបង្អស់នៅកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកច្នៃប្រឌិត សហគ្រិន និងអ្នកបង្កើតគោលនយោបាយមកពី គ្រប់វិស័យ ទូទាំងប្រទេសកម្ពុជា និងលើសពីនេះ ដើម្បីបង្ហាញពីការវិវត្តចុងក្រោយបង្អស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងដើម្បីពិភាក្សាអំពីអនាគតនៃការច្នៃប្រឌិតនៅក្នុងប្រទេស។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រយ៉ាងមុតមាំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដោយពាំនាំនូវសកម្មភាពជាច្រើន រួមមានការពិភាក្សាអំពីប្រធានបទវិទ្យាសាស្រ្ត ការបង្ហាញអំពីវិទ្យាសាស្ត្រ និងការតាំងពិព័រណ៍បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតពីសំណាក់ស្ថាប័នពាក់ព័ន្ធចំនួនជាង​២០០ស្ថាប័ន រួមមានក្រសួងដៃគូ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន និងសមាគមអាជីវកម្ម។

ព្រឹត្តិការណ៍ជាតិមួយនេះ​​ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត Ou Myung អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាធារណរដ្ឋកូរ៉េ ដែលគេស្គាល់ថាជា «បិតានៃការអភិវឌ្ឍន៍បច្ចេកវិទយានៅសាធារណៈរដ្ឋកូរ៉េ» រួមមានទាំងគណៈប្រតិភូ និងវិនិយោគិនមកពីសាធារណរដ្ឋកូរ៉េ។​ អ្នកចូលរួមមានឱកាសស្វែងយល់អំពីការស្រាវជ្រាវចុងក្រោយបង្អស់ក្នុងវិស័យនេះ ដូចជា ឌីជីថលភាវូបនីយកម្ម ថាមពលកកើតឡើងវិញ បញ្ញាសិប្បនិម្មិត សុវត្ថិភាពតាមអ៊ីនធឺណិត បច្ចេកវិទ្យាដ្រូន និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀតក្នុងវិស័យរៀងៗខ្លួន។

សកម្មភាពពិសេសជាងគេនៃព្រឹត្តិការណ៍នេះគឺការដាក់តាំងបង្ហាញ Science Caravan ដែលជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រចល័តដំបូងគេមិនធ្លាប់មានដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់កុមារលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី និងបណ្តុះអាកប្បកិរិយាវិជ្ជមានចំពោះការអប់រំស្ទែម។ នេះជាលទ្ធផលប្រកបដោយផ្លែផ្កាពីកិច្ចសហការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ប្រទេសថៃ។

ព្រឹត្តិការណ៍នេះមានអ្នកចូលរួម ក៏ដូចជាទទួលបានរួមចំណែកផ្សេងៗ និងលទ្ធផលលើសពីការរំពឹងទុក។​ រាជរដ្ឋាភិបាលក៏បានសម្រេចថា​​ ទិវាជាតិនេះនឹងត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ មិនា ជារៀងរាល់ឆ្នាំ ដែលត្រូវនឹងថ្ងៃគម្រប់ខួបការបង្កើតក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ កាលពីថ្ងៃទី ២៦ មិនា ២០២០។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ក្នុងសុន្ទរកថាបើកថា «បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាផ្តោតយកចិត្តទុកដាក់ និងគាំទ្រយ៉ាងទូលំទូលាយដល់ការអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលក្នុងនោះក៏មានការខិតខំបង្កើនការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែករូបវ័ន្ត និងឌីជីថល ហើយបង្កើនប្រសិទ្ធិភាពសេវាសាធារណៈ លើកកម្ពស់ការអភិវឌ្ឍជំនាញ និងធ្វើទំនើបកម្មប្រព័ន្ធគាំពារសង្គមជាដើម។»

លោកក៏បានបន្ថែមថា​ «ព្រឹត្តិការណ៍ទិវាជាតិនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាការផ្តល់នូវ ការសម្រេចចិត្តប្រកបដោយភាពច្បាស់លាស់ ប្រាកដនិយម និងប្រកបដោយចក្ខុវិស័យមុតស្រួចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយក៏ជាយន្តការយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំនូវដៃគូពាក់ព័ន្ធសំខាន់ៗពីវិស័យ ផ្សេងៗគ្នា ដើម្បីបង្រួបបង្រួមកិច្ចសហការក្នុងការលើកម្ពស់ការឆ្ពោះទៅកាន់សង្គម​ និងសេដ្ឋកិច្ចឌីជីថលក្នុងឆ្នាំ ​២០៣៥​ ខណៈដែលប្រទេសកម្ពុជាបាននិងកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយខ្លួនជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ត្រឹមឆ្នាំ​ ២០៥០ ផងដែរ។»​

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ Smart Axiata ដែលជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍ជាតិនេះ បានបង្ហាញពីទស្សនៈស្រដៀងគ្នាទៅនឹងឯកឧត្តមទេសរដ្ឋមន្ត្រី រី។

«យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការដ៏រឹងមាំពីសំណាក់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយយើងពិតជាមានសេចក្តីសោមនស្សដែលបានឃើញនូវភាពជោគជ័យនៃទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបង្កើតឡើងជាលើកទី១នៅកម្ពុជា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីសក្ដានុពលដ៏អស្ចារ្យនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកត្តាជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងប្រទេសរបស់យើង។ យើងបានជាត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមបន្តនូវ់ជោគជ័យនេះនាពេលអនាគត»

ព្រឹត្តិការណ៍ថ្នាក់ជាតិលើកទីមួយនេះគឺជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ដែលត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០១៩ ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ី និងពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ដែលគោលនយោបាយនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ដើម្បីឈានទៅការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់ត្រឹម ២០៥០។ ។ គោលដៅយុទ្ធសាស្ត្រចម្បងរបស់គោលនយោបាយនេះគឺ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអភិវឌ្ឍធនធានមនុស្សក្នុងបរិបទនៃការជំរុញការប្រកួតប្រជែងគុណភាពអាជីវកម្ម និងសេវាកម្មរបស់ប្រទេស។




អត្ថបទបន្ទាប់


ស្ករត្នោតកំពង់ស្ពឺធ្លាក់ចុះការបញ្ជាទិញពីខាងក្រៅ ប៉ុន្ដែតម្លៃមានការកើនឡើងនៅឆ្នាំនេះ

មន្ត្រីជំនួយការម្នាក់ នៃសមាគមន៍ស្ករត្នោតកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការបញ្ជាទិញផលិតផលស្ករត្នោតកំពង់ស្ពឺ ដែលម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) …

តើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជា មានសភាពប្រែប្រួលយ៉ាងណានៅត្រីមាសទី១ឆ្នាំ២០២៣នេះ?

ក្រុមអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូននិងភស្ដុភារកម្មកម្ពុជា បានកត់សម្គាល់ឃើញថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ វិស័យដឹកជញ្ជូន និងភស្ដុភារកម្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ