
ថ្នាក់ដឹកនាំ ក្រុមហ៊ុន អង្គរហ្គ្រីន ដែលប្រមូលទិញផ្លែស្វាយស្រស់ពីកសិករ បានបញ្ជាក់នៅថ្ងៃទី ១៥ ខែសីហាថា ខ្លួនកំពុងតែរៀបចំនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារវៀតណាម និងបន្ដពង្រីកការនាំចេញទៅកាន់ប្រទេសអាស៊ានផ្សេងៗជាច្រើនទៀតជំនួសទីផ្សារថៃ រួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរីជាដើម។
លោក វណ្ណ ឬទ្ធី នាយកប្រតិបត្តិផ្នែកនាំចេញកសិផលនៃក្រុមហ៊ុនអង្គរហ្រ្គីន បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងព្យាយាមធ្វើយ៉ាងណា ដើម្បីអាចនាំចេញដំណាំស្វាយកែវរមៀតទៅលក់នៅក្រៅស្រុកបានច្រើន ដោយចាប់ផ្ដើមពីប្រទេសនៅជិតជាមុនសិន ដើម្បីជួយដល់ទីផ្សារស្វាយក្នុងស្រុក ដែលត្រៀមនឹងប្រមូលផលស្វាយកែវរមៀតខុសរដូវក្នុងពេលឆាប់ៗនេះ។ បើតាមការលើកឡើងរបស់លោក វណ្ណ ឬទ្ធី បន្ទាប់ពីមានជម្លោះព្រំកម្ពុជា ជាមួយថៃ រួចមក មកទល់ពេលនេះ ក្រុមហ៊ុនរបស់លោកបានផ្លាស់ប្ដូរនាំចេញស្វាយកែវរមៀតទៅ វៀតណាម និងព្យាយាមនាំចេញទៅ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី បន្ថែមទៀត។
អ្នកជំនាញរូបនេះ បានអះអាងទៀតថា នៅឆ្នាំនេះ កសិករហាក់ចាប់ផ្ដើមផលិតស្វាយខុសរដូវយឺតពេល ដូចនេះការប្រមូលផលអាចធ្វើទៅបានចាប់ពីខែវិច្ឆិកា។ ជាក់ស្ដែងនៅពេលនេះ ការប្រមូលផលស្វាយខុសរដូវ គឺមានតិចតួចប៉ុណ្ណោះ ដោយការប្រមូលផលជាទ្រង់ទ្រាយធំមិនទាន់ដល់ពេលនៅឡើយទេ ខណៈដែលតម្លៃទីផ្សារក៏មិនទាន់ប្រាកដច្បាស់នៅឡើយ។
លោក យី ចាន់ណារ៉ា កសិករដាំស្វាយនៅខេត្តបាត់ដំបង បានលើកឡើងថា ការដាំដំណាំស្វាយកែវរមៀតក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុនអង្គរហ្រ្គីននៅឆ្នាំនេះ ចាប់ពីខែ តុលា ដល់ខែមករា ក្នុងតម្លៃ ពី ៨០០រៀល ទៅ១ ២០០រៀល ក្នុងមួយគីឡូក្រាម តាមគុណភាពនៃផ្លែស្វាយ ។ បើតាមម្ចាស់ចម្ការស្វាយរូបនេះរំពឹងថា តម្លៃស្វាយអាចមានទីផ្សារល្អនៅឆ្នាំនេះ ដោយសារកសិករនៅតំបន់របស់លោកបានកាត់បន្ថយការផលិតដំណាំស្វាយអស់ច្រើន ប៉ុន្ដែ បញ្ហាអាកាសធាតុ ក៏កំពុងបង្កផលលំបាកចំពោះដំណាំស្វាយខុសរដូវនៅឆ្នាំនេះដែរ។
ដោយឡែក លោក ផូយ លឹមហេង កសិករដាំស្វាយនៅខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីឆ្នាំមុនការប្រមូលផលស្វាយរបស់លោកអាចលក់ឱ្យខាងក្រុមហ៊ុនអង្គរហ្គ្រីន ក្នុងដំណាំកិច្ចសន្យាបានក្នុងតម្លៃរង្វង់ ១០០០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្ដែ សម្រាប់ឆ្នាំនេះ លោកហាក់មិនទាន់ដឹងច្បាស់ពីតម្លៃស្វាយនៅឡើយទេ ដោយសារកម្ពុជា និងថៃ កំពុងមានបញ្ហាព្រំដែន ដែលបង្កបញ្ហាដល់ការនាំចេញ។ ទោះយ៉ាងណា កសិកររូបនេះ រំពឹងថា ស្វាយកែវរមៀតអាចនាំចេញទៅក្រៅប្រទេសបានច្រើនបន្ថែមទៀត ដើម្បីអាចជួយដល់កសិករអ្នកដាំស្វាយមានទីផ្សារល្អជាងមុន។
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ ការនាំចេញផ្លែស្វាយស្រស់សម្រេចបានជាង ១៧ម៉ឺនតោន ធ្លាក់ចុះ ជាង៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចេញដំណាប់ស្វាយកើនឡើងជិត ២០%។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម៕
អត្ថបទ ៖ ជា ម៉ារ៉ា