វិស័យសេដ្ឋកិច្ច

ការខ្ចីបំណុលថ្មីរបស់រដ្ឋាភិបាលកម្ពុជា ធ្លាក់ចុះ៤៤% នៅត្រីមាសទី១ឆ្នាំនេះ តើមកពីមូលហេតុអ្វី?


បំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៥ បំណុលរបស់កម្ពុជា បានកើនដល់ជាង១២ពាន់លានដុល្លារអាម៉េរិក។ តែយ៉ាងណាការខ្ចីបំណុលថ្មីរបស់រាជរដ្ឋាភិបាលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅប៉ុន្មានខែចុងក្រោយ ពោលគឺនៅត្រីមាសទី១ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានខ្ចីបំណុលពីដៃគូនានា ប្រមាណ៧៨លានដុល្លារអាម៉េរិក ស្មើនឹង៣% នៃពិតានដែលច្បាប់អនុញ្ញាតមានការធ្លាក់ចុះប្រមាណ៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័យសេដ្ឋកិច្ច
ដោយ

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ បំណុលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា មានទំហំជាង១២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះស្ទើរ១០០% ជាបំណុលសាធារណៈក្រៅប្រទេស ខណៈចិន ជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា។ តែយ៉ាងណានៅក្នុងត្រីមាសទី១ ឆ្នាំនេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានា សរុបជាង៧៨លានដុល្លារអាម៉េរិក ស្មើនឹង៣% នៃពិតានដែលច្បាប់អនុញ្ញាតមានការថយចុះប្រមាណ៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃកម្រិតឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ អាចដោយសារមានការពន្យារពេលលើកិច្ចកិច្ចព្រមព្រៀងលើហិរញ្ញប្បទានថ្មីៗ ពោលគឺមុននឹងសម្រេចចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីលើគម្រោងនីមួយៗ រាជរដ្ឋាភិបាលត្រូវការសិក្សាឱ្យបានល្អិតល្អន់ ដើម្បីពង្រឹងប្រសិទ្ធភាពនានា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការធ្លាក់ចុះទំហំបំណុលថ្មីរបស់កម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៥ ជាការបង្ហាញពីភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលកម្ពុជា នៅមានលទ្ធភាពគ្រប់គ្រាន់ក្នុងការខ្ចីបំណុលបន្ថែម ពោលគឺមិនទាន់ដល់កម្រិតហានិភ័យនោះទេ។ ហើយការធ្លាក់ចុះទំហំឥណទានថ្មីនេះ វាស្របពេលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងបំណុលសាធារណៈឱ្យមានតុល្យភាព។

​ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការធ្លាក់ចុះកម្រិតបំណុលថ្មីរបស់កម្ពុជា នេះ អាចដោយសាររដ្ឋាភិបាលកម្ពុជា មិនមានតម្រូវការថវិកាបន្ថែម ដើម្បីអភិវឌ្ឍន៍គម្រោងថ្មីៗ។ ម្យ៉ាងទៀត ដោយសារបច្ចុប្បន្នប្រទេសជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ដែលបង្កឡើងដោយវិបត្តិសង្រ្គាម និងសម្ពាធពន្ធបដិការរបស់អាម៉េរិក ដែលជំរុញឱ្យពួកគេមានការគិតគូរឱ្យបានហ្មត់ចត់មុននឹងផ្តល់កម្ចីដល់បណ្តាប្រទេសដ៏ទៃ។

​ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺ នៅតែមានចីរភាព និងហានិភ័យកម្រិតទាប។ បើតាមថ្នាក់ដឹកនាំរូបនេះ ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលរួមមាន ក្របខ័ណ្ឌគតិយុត្ត, គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការនិងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល ។

គួរជម្រាបថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលទូទាត់សងបំណុលបានជាង២៣៧លានដុល្លារអាមេរិក ក្នុងនោះក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនជាង២១០លានដុល្លារ និងបំណុលសាធារណៈក្នុងប្រទេសមានចំនួនជាង២៧លានដុល្លារ​៕




អត្ថបទបន្ទាប់


ប្រទេសកាន់តែច្រើននៅអាស៊ី កំពុងពន្លឿនការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក

ប្រទេសកាន់តែច្រើននៅអាស៊ី កំពុងពន្លឿនការធ្វើបដិដុល្លារនីយកម្ម ឬកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរ…

ថៃចេញមកបដិសេធ ចំពោះសំណើរបស់កម្ពុជា ក្នុងការនាំយកសំណុំរឿងព្រំដែន ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ! ខណៈជំហានបន្ទាប់កម្ពុជានឹងប្ដឹង!

រាជរដ្ឋាភិបាលថៃ នៅថ្ងៃទី ០៤ ខែមិថុនានេះ បានចេញសេចក្ដីថ្លែងការណ៍មួយទាក់ទងនឹងនឹងបញ្ហាជម្លោះព្រំដែនដ៏ក្ដៅគគុក ដែលបាននិងកំពុងកើតមានរវាងខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ