ក្រុមអ្នកជំនួញនិងអ្នកជំនាញថាសេដ្ឋកិច្ចកម្ពុជានឹងកាន់តែល្អប្រសើរ

តើក្រុមអ្នកជំនួញ និងអ្នកជំនាញយល់ឃើញបែបណាខ្លះចំពោះ សេដ្ឋកិច្ចកម្ពុជា ក្រោយកម្ពុជាបញ្ចប់ការបោះឆ្នោតជាតិ និងត្រៀមបង្កើតរាជរដ្ឋាភិបាលថ្មី?


តើក្រុមអ្នកជំនួញនិងអ្នកជំនាញយល់ឃើញនិងមានក្តីសង្ឃឹមបែបណាខ្លះចំពោះ សេដ្ឋកិច្ចកម្ពុជា ក្រោយកម្ពុជាបញ្ចប់ការបោះឆ្នោតជាតិ និងត្រៀមបង្កើតរាជរដ្ឋាភិបាលថ្មី? កម្ពុជាបានបញ្ចប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រកបដោយរលូន និងតម្លាភាព កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈលទ្ធផលបឋមគណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ដោយទទួលបានអសនៈរហូត ១២០/១២៥ អសនៈ។
ក្រុមអ្នកជំនួញនិងអ្នកជំនាញថាសេដ្ឋកិច្ចកម្ពុជានឹងកាន់តែល្អប្រសើរ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់កាលពីមុនពេលបោះឆ្នោតកន្លងមកថា សមាសភាពរាជរដ្ឋាភិបាលថ្មី សម្រាប់អាណត្តិទី៧ អាចនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ ក្រោយបញ្ចប់ការបោះឆ្នោតថ្នាក់ជាតិ ពោលគឺអាចនៅអំឡុងខែសីហា ឆ្នាំ២០២៣ តែម្ដង។ តើការបង្កើតរាជរដ្ឋាភិបាលថ្មីមានសារៈសំខាន់យ៉ាងដូចម្ដេចចំពោះសេដ្ឋកិច្ច និងសង្គមកម្ពុជា?

ក្រុមអ្នកជំនួញ និងអ្នកជំនាញសេដ្ឋកិច្ច សុទ្ធតែបានវាយតម្លៃ និងបង្ហាញគំនិតវិជ្ជមានខ្ពស់ចំពោះស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានបញ្ចប់ទៅដោយរលូន កាលពីពេលថ្មីៗនេះ។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកការបញ្ចប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយរលូន គឺបានបញ្ជាក់ពីស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះកត់សម្គាល់ឃើញថា បើទោះបីកន្លងមក រាជរដ្ឋាភិបាលអាណត្តិមុនបានយកចិត្តទុកដាក់ខ្ពស់ចំពោះសេដ្ឋកិច្ចនិងសង្គម តែវិស័យនេះនៅតែប្រឈមនឹងបញ្ហាមួយចំនួន ដែលទាមទារឲ្យរាជរដ្ឋាភិបាលថ្មី បន្តយកចិត្តទុកដាក់ និងដោះស្រាយបន្ត ជាពិសេសក្នុងវិស័យអាទិភាពដូចជា វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ជាដើម។ អ្នកជំនាញរូបនេះជឿជាក់ថា ការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការនៅថ្ងៃទី៩ សីហា ដើម្បីឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីនាពេលខាងមុខ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជានោះឡើយ ពោលគឺសេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបាននូវកំណើនជាវិជ្ជមាន។

ជាមួយគ្នានេះអ្នកឧកញ៉ា លឹម ហេង អនុប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី នឹងនៅតែបន្តល្អប្រសើរនិងរក្សាបានកំណើនវិជ្ជមាន។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈសមាសភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលភាគច្រើនសុទ្ធតែមានវ័យក្មេង និងមានសក្ដានុពល វានឹងជួយធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ស្រដៀងគ្នានេះដែរ ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកនៃក្រុមហ៊ុន រីច ហ្វាម អេស៊ា ជឿជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងជួយធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរឡើងមួយកម្រិតទៀត។ បើតាមការអះអាងរបស់អ្នកជំនួញរូបនេះ រាជរដ្ឋាភិបាលថ្មីដែលគ្រោងបង្កើតក្នុងពេលឆាប់ៗខាងមុខនេះ គឺមានសមាសភាពថ្នាក់ដឹកនាំភាគច្រើនមានវ័យក្មេង និងពោរពេញដោយសក្ដានុពល។

ដោយឡែក លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាយល់ឃើញថា ជាទូទៅប្រទេសណាក៏ដោយ ក្រោយមានការបោះឆ្នោត សេដ្ឋកិច្ចរបស់ប្រទេសនោះ អាចនឹងនៅទ្រឹងមួយរយៈ ដោយសារក្រុមអ្នកវិនិយោគរង់ចាំតាមដានពីស្ថានភាព មុននឹងសម្រេចចិត្តវិនិយោគនៅប្រទេសនោះ ហើយសម្រាប់កម្ពុជា ក៏ដូចគ្នា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ នៅតែបង្ហាញពីគំនិតសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដោយលោកបានកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលទើបបញ្ចប់ទៅថ្មីៗនេះ បង្ហាញឲ្យឃើញពីភាពជោគជ័យដ៏ធំរបស់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងចំណោម ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៩,៧លាននាក់ មានប្រជាពលរដ្ឋជាង៨,២លាននាក់ ឬស្មើនឹងជាង ៨៤% ដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣នេះបានឱ្យដឹងថា គណបក្សដែលទទួលបានសំឡេងឈានមុខគេ គឺគណបក្សប្រជាជនកម្ពុជា ហើយបន្ទាប់មក គឺគណបក្សហ៊្វុនស៊ិនប៉ិច។ បើតាមការគូសបញ្ជាក់របស់ គ.ជ.ប ការបោះឆ្នោតនេះបានចំណាយថវិកាអស់ប្រមាណ៥០លានដុល្លារអាមេរិក ខណៈការចំណាយផ្ដោតសំខាន់ទៅលើសម្ភារប្រើប្រាស់សម្រាប់បោះឆ្នោត និងមន្រ្តីបោះឆ្នោត៕




អត្ថបទបន្ទាប់


យោធាអាមេរិកនឹងយកប្រទេសកោះប៉ាស៊ីហ្វិក ប៉ាពូអាស៊ីនូវែលហ្គីណេ ប្រើប្រាស់ ជាមូលដ្ឋានទ័ព ១៥ឆ្នាំ

ព័ត៌មាន
តាមរយៈសេចក្ដីរាយការណ៍ពីសារព័ត៌មាន Nikkei បានឲ្យដឹងថា យោធាអាមេរិកនឹងទទួលបានសិទ្ធិចូលទៅកាន់ទីតាំងចំនួន៦កន្លែង នៅក្នុងប្រទេសដីកោះនៃតំ…

ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ

ព័ត៌មាន
ផ្លូវក្រវាត់ក្រុងទី៣ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ ក្រោយរាជរដ្ឋាភិបាលបានលើកពេលសម្ពោធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ