សម្បុកត្រចៀកកាំ

អ្នកជំនាញជឿជាក់ថា សម្បុកត្រចៀកកាំរបស់កម្ពុជានឹងមានតម្លៃកាន់តែខ្ពស់ បើអាចនាំចេញទៅចិន


ការចិញ្ចឹមសត្វត្រចៀកកាំនៅកម្ពុជា មានការរីកដុះដាលគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់រាជធានី ខេត្ត នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយផលិតផលសម្បុកត្រចៀកកាំអាចលក់បានក្នុងតម្លៃខ្ពស់ និងមានទីផ្សារល្អ។ ទោះបីសម្បុកត្រចៀកកាំខ្មែរមានទីផ្សារល្អក៏ពិតមែន ប៉ុន្តែកម្ពុជា ពុំទាន់អាចនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារធំៗដូចជាចិន បាននៅឡើយទេ ខណៈបច្ចុប្បន្នសម្បុកត្រចៀកកាំរបស់កម្ពុជា កំពុងរង់ចាំលទ្ធផលវាយតម្លៃពីអាជ្ញាធរមានសមត្ថកិច្ចចិន។
សម្បុកត្រចៀកកាំ
ដោយ

អ្នកជំនាញជឿជាក់ថា ផលិតផលសម្បុកត្រចៀកកាំខ្មែរនឹងកាន់តែមានតម្លៃល្អប្រសើរបន្ថែមទៀត ប្រសិនបើអាចហក់ចូលទីផ្សារចិន។

ផលិតផលសម្បុកត្រចៀកកាំខ្មែរទំនងជាអាចហក់ចូលទីផ្សារចិន ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនគុណភាពរបស់សម្បុកកត្រចៀកកាំខ្មែរអាចឆ្លើយតបនឹងការតម្រូវរបស់អាជ្ញាធរចិន។ បើតាមការគូសបញ្ជាក់របស់លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ អាជ្ញាធរមានសមត្ថកិច្ចរបស់ចិន អាចនឹងផ្តល់ដំណឹងពាក់ព័ន្ធនឹងលទ្ធផលវាយតម្លៃលើគុណភាពផលិតផលសម្បុកត្រចៀកកាំខ្មែរថា អាច ឬមិនអាចអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារចិននៅអំឡុងខែតុលា ខាងមុខនេះ។

អ្នកជំនាញរូបនេះជឿជាក់ថា ផលិតផលសម្បុកត្រចៀកកាំខ្មែរនឹងមានទីផ្សារ និងតម្លៃកាន់តែល្អប្រសើរបន្ថែមទៀត ប្រសិន បើអាជ្ញាធរចិន អនុញ្ញាតឱ្យមានការនាំចូលទៅកាន់ទីផ្សារចិន នាពេលខាងមុខ។ ការជឿជាក់បែបនេះ ក៏ដោយសារចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកមួយនេះ មានតម្រូវការសម្បុកត្រចៀកកាំច្រើនសម្រាប់ប្រើប្រាស់ជាអាហារជំនួយសុខភាព។

បើតាមការលើកឡើងរបស់ប្រធានសមាគមត្រចៀកកាំខ្មែររូបនេះ បច្ចុប្បន្នសម្បុកត្រចៀកកាំរបស់កម្ពុជាភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារនៅប្រទេសវៀតណាម និងប្រទេសថៃ និងមួយចំនួនទៀតបាននាំចេញក្រៅផ្លូវការទៅកាន់ប្រទេសចិន ផងដែរ។

បច្ចុប្បន្នសម្បុកត្រចៀកកាំដែលពុំទាន់សម្អាត ឬពុំទាន់កែច្នៃមានតម្លៃចន្លោះពី៥០០ ទៅ៦០០ដុល្លារ ក្នុង១គីឡូ និងសម្បុកដែលសម្អាតរួចរាល់មានតម្លៃចន្លោះពី១ពាន់ទៅ១ពាន់៥រយដុល្លារក្នុង១គីឡូ ពោលគឺអាស្រ័យលើគុណភាពនៃប្រភេទសម្បុកត្រចៀកកាំ។

​ជាមួយគ្នានេះលោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា បានឱ្យដឹងថា មកទល់ពេលនេះសម្បុកត្រចៀកកាំខ្មែរ ពុំទាន់មានការនាំចេញស្របច្បាប់ទៅកាន់ទីផ្សារប្រទេសចិន នៅឡើយទេ តែបាននាំចេញទៅកាន់ប្រទេសជិតខាង ហើយប្រទេសជិតខាងបាននាំចេញបន្តទៅកាន់ទីផ្សារអន្តរជាតិ។

តែយ៉ាងណាលោកស្រីជឿជាក់ថា អាជ្ញាធរគយចិន អាចនឹងបញ្ចប់នីតិវិធីក្នុងការអនុញ្ញាតឱ្យកម្ពុជា អាចនាំចេញសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិន នាពេលខាងមុខនេះ ខណៈអ្នកពាក់ព័ន្ធកំពុងពន្លឿនការចរចា។ យ៉ាងណាមិញប្រធានសមាគមរូបនេះ ជឿជាក់ថា ផលិតផលសម្បុកត្រចៀកកាំខ្មែរនឹងមានទីផ្សារ និងតម្លៃកាន់តែល្អប្រសើរ ប្រសិនបើកម្ពុជា អាចចេញទៅកាន់ទីផ្សារអន្តរជាតិធំៗ ជាពិសេសទីផ្សារចិន ដោយផ្ទាល់។

​បើតាមលោកស្រី វ៉ា សូជិន បច្ចុប្បន្នកម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការចិញ្ចឹមសត្វត្រចៀកកាំ ខណៈមកទល់ពេលនេះ ការចិញ្ចឹមត្រចៀកកាំនៅកម្ពុជា អាចមានក្នុងរង្វង់៧ពាន់ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំប្រមាណ១០០តោន ក្នុង១ឆ្នាំ។ ការចិញ្ចឹមទៀតសោត អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា ហាក់មានសកម្មភាពផុសផុលកាន់តែច្រើននៅតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕

None



អត្ថបទបន្ទាប់


ធនាគារពិភពលោកព្រមានថា ជាង១០០ប្រទេស ប្រឈមហានិភ័យជាប់ក្នុងអន្ទាក់ប្រាក់ចំណូលមធ្យម

ធនាគារពិភពលោក ឬ World Bank បានព្រមានតាមរយៈរបាយការណ៍របស់ខ្លួនថា មានប្រទេសរហូតដល់ទៅជាង១០០ប្រទេសរួមទាំងមហាយក្សចិន និងឥណ្ឌាផង កំពុងប្រឈ…

ក្រុមហ៊ុន Intel គ្រោងកាត់បន្ថយបុគ្គលិករហូតដល់១ម៉ឺន៥ពាន់នាក់ ក្រោយធ្លាក់ចុះប្រាក់ចំណេញ៨៥%

ក្រុមហ៊ុនបច្ចេកវិទ្យា Intel គ្រោងកាត់បន្ថយការងារចំនួន១ម៉ឺន៥ពាន់កន្លែង បន្ទាប់ពីប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះ៨៥% នៅត្រីមាសទី២ឆ្នាំនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ