ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅមានកម្រិតខ្ពស់

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅមានកម្រិតខ្ពស់ និងអាចធានាការនាំចូលទំនិញបានដល់៨ខែ


ទោះបីជា ស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងរង្គោះរង្គើ ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្ដី ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែបន្ដដំណើរការជាធម្មតា បើទោះបីជាកំពុងស្ថិតក្រោមសម្ពាធអតិផរណា តម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ជាងមុនក្ដី។
លោកជំទាវ ជា សិរី៖ ការរក្សាបាននូវស្ថិរភាពស្ថានភាពហិរញ្ញវត្ថុជួយឲ្យអត្រាអតិផរណាស្ថិតក្នុងកម្រិតទាប ២,៩% ទោះស្ថិតក្នុងពេលកូវីដ១៩រាតត្បាតខ្លាំង (រូបភាព៖ ធនាគារជាតិនៃកម្ពុជា)

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ធនាជាតិ ស្ថានភាពស្ថិរភាពវិស័យហិរញ្ញវត្ថុរបស់កម្ពុជាក៏នៅតែល្អប្រសើរដែរ ជាក់ស្ដែង ទោះបីជាស្ថិតសម្ពាធពីខាងក្រៅច្រើនក្ដី ប៉ុន្ដែ បើមើលទៅលើទុនបម្រុងអន្តរជាតិរបស់កម្ពុជាដែលកំពុងមាននាពេលបច្ចុប្បន្ននេះវិញ គឺនៅតែរក្សាបានក្នុងកម្រិតខ្ពស់ ដែលអាចធានារ៉ាប់រងការនាំចូលបានរហូតដល់៨ខែឯណោះ។

ក្រោយពិភពលោករួមទាំងកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ គួបផ្សំនឹងឥទ្ធិពលនៃសង្រ្គាមរបស់រុស្សីនិងអ៊ុយក្រែន យើងសង្កេតឃើញថា តម្លៃទំនិញជាច្រើនមុខនៅកម្ពុជារួមទាំងប្រទេសក្នុងតំបន់បានហក់ឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យរង្គោះរង្គើដល់សេដ្ឋកិច្ចសាកល និងនៅក្នុងតំបន់។ ជុំវិញបញ្ហានេះ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ឃើញថា ទាំងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងពិភពលោកនៅក្នុងឆ្នាំ២០២១ បានបន្តងើបឡើង បើទោះជាប្រឈមនឹងការលេចឡើងនូវប្រភេទមេរោគបំប្លែងថ្មីនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រាអ្នកឆ្លងក៏ដោយ។ ប៉ុន្តែ ការងើបឡើងវិញនេះមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗ និងនៅមានភាពផុយស្រួយ នៅឡើយ។ សម្រាប់កម្ពុជា លោកជំទាវ ជា សិរី ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស បានជំរុញដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចក្នុងទម្រង់ជាអក្សរ V ជាមួយនឹងអត្រាកំណើន ៣% នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១% ក្នុងឆ្នាំ២០២០។

ជាមួយគ្នានោះ លោកជំទាវឧបការីទេសាភិបាល នៃធនាគារជាតិកម្ពុជា ក៏បានកត់សម្គាល់ទៀតថា វិស័យធនាគារនៅកម្ពុជា នៅតែមានភាពរឹងមាំ និងវិជ្ជមាន បើទោះជាស្ថិតក្នុងវិបត្តិកូវីដ១៩ និងសង្រ្គាមរបស់រុស្សីឈ្លានពានលើអ៊ុយក្រែន ដោយលោកជំទាវបានសង្កត់ធ្ងន់ថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជា មានកម្រិតខ្ពស់គ្រប់គ្រាន់ដែលអាចធានាការនាំចូលទំនិញ និងសេវាកម្មសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ៨ខែ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ ខណៈស្ថានភាពហិរញ្ញវត្ថរបស់កម្ពុជា នៅតែអាចរក្សាបាននូវស្ថិរភាព ដែលរួមចំណែកក្នុងការរក្សាអត្រាអតិផរណា ឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ២,៩% នាអំឡុងនៃការរាតត្បាតខ្លាំងនៃវិបត្តិកូវីដ១៩នៅឆ្នាំ២០២១។ ក៏ប៉ុន្តែ អតុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គង់ ដែលបង្កឡើងដោយការរាលដាលនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាននិងកំពុងធ្វើឲ្យអតិផរណាមានកម្រិតខ្ពស់ ដូច្នេះទើបជំរុញឱ្យធនាគារកណ្តាលក្នុងប្រទេសអភិវឌ្ឍន៍ ដំឡើងអត្រាការប្រាក់គោល ដើម្បីទប់ស្កាត់កំណើនអតិផរណា ដែលការណ៍នេះ អាចបណ្ដាលឱ្យសេដ្ឋកិច្ចប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ប្រឈមនឹងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុ លំហូរចេញមូលធន និងសម្ពាធលើអត្រាប្តូរប្រាក់ ផងដែរ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ ដែលគាំទ្រជាចម្បង ដោយការនាំចេញនៃផលិតផលកម្មន្តសាល កសិកម្ម ការដឹកជញ្ជូន ទូរគមនាគមន៍ និងភាពប្រសើរឡើងនៃលំហូរវិនិយោគ និងប្រាក់បង្វែររបស់ពលករពីក្រៅប្រទេស។ ខណៈសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីស្តីពីការវិនិយោគ ជាដើម។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខអង្គណាតូព្រមានពីសង្គ្រាមនៅអ៊ុយក្រែននឹងអូសបន្លាយរយៈពេលយូរឆ្នាំ

ព័ត៌មាន
ប្រមុខអង្គការណាតូបាននិយាយកនៅថ្ងៃទី១៩មិថុនាថា សង្រ្គាមនៅប្រទេសអ៊ុយក្រែនអាចអូសបន្លាយជាច្រើនឆ្នាំ ហើយកងកម្លាំងអ៊ុយក្រែនប្រឈមមុខនឹងការវាយលុករ…

ចិនប្រកាសជាផ្លូវការនូវគណៈរដ្ឋមន្ត្រី ដែលជាក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ហុងកុង

ព័ត៌មាន
ប្រទេសចិនបានបង្ហាញជាផ្លូវការកាលពីចុងសប្តាហ៍មុននូវបញ្ជីឈ្មោះមន្ត្រីដែលជាក្បាលម៉ាស៊ីនដឹកនាំក្រុងហុងកុង នៅក្នុងរដ្ឋបាលថ្មីក្រោមការដឹកនាំរបស់ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ