
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស ជឿជាក់ថា ប្រសិនបើការដំឡើងពន្ធពាណិជ្ជកម្មរបស់អាម៉េរិក មិនអាចចរចាបាន នោះវិស័យដឹកជញ្ជូនរបស់កម្ពុជា នៅឆ្នាំនេះ អាចនឹងរងផលប៉ះពាល់ និងជួបការលំបាក ដោយសារសហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ដោយមានចំណែករហូតដល់ប្រមាណ៥០%នៃការនាំចេញសរុបរបស់កម្ពុជា។
យ៉ាងណាមិញ ឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះបណ្ដាក្រសួងពាក់ព័ន្ធបានទំនាក់ទំនងដឹកជញ្ជូនទំនិញតាមរយៈផ្លូវរថភ្លើងរបស់ប្រទេសឡាវទៅកាន់ប្រទេសចិន។ សម្រាប់អ្នកជំនាញរូបនេះ សម្រាប់គោលការណ៍ដឹកជញ្ជូន ដើម្បីអាចរកផលចំណេញបានទាមទារការចំណាយថ្លៃដើមឱ្យទាប និងប្រើប្រាស់ពេលវេលាខ្លីជាដើម។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរបស់ម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង១៩ពាន់លានដុល្លារ កើនឡើងជាង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានជាង៩ពាន់លានដុល្លារ កើនឡើង១៤% ខណៈកម្ពុជា នាំចូលមកវិញមានទំហំជាង១០ពាន់លានដុល្លារ កើនឡើង១៨%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ ជា ម៉ារ៉ា