យុទ្ធនាការបិទបញ្ចប់ជំងឺអេដស៍

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ រាជរដ្ឋាភិបាលកម្ពុជាដាក់គោលដៅលុបបំបាត់ជំងឺអេដស៍នៅត្រឹមឆ្នាំ២០២៥


រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំនៃយុទ្ធនាការបិទបញ្ចប់ការឆ្លងរីករាលដាលមេរោគ និងជំងឺអេដស៍នៅកម្ពុជា បន្ទាប់ពីកម្ពុជាសម្រេចបានគោលដៅទប់ស្កាត់មេរោគអេដស៍ ៩០-៩០-៩០ មុនកាលកំណត់កាលពីឆ្នាំ២០១៧ ពោលគឺមុនគោលដៅរបស់ពិភពលោក៥ឆ្នាំ។ ដើម្បីឈានទៅសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងគោលនយោបាយលុបបំបាត់អេដស៍ និងចីរភាពកម្មវិធីអេដស៍ឆ្នាំ២០២៣-២០២៨ សំដៅធានាថា មេរោគអេដស៍មិនបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត
ដោយ

ថ្លែងក្នុងពិធីអបអរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងរាលដាលនៃមេរោគអេដស៍នៅឆ្នាំ២០២៥ ប្រសិនបើមានការចូលរួមសហការ និងប្តេជ្ញាលុបបំបាត់ពីគ្រប់ភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពន្លឿនការរៀបចំគោលនយោបាយខាងលើ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវក្នុងការឈានទៅសម្រេចដោលដៅ។

នាទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៣ ក្រោមប្រធានបទ«សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានគូសបញ្ជាក់ថា ក្រោយពីបានសម្រេចនូវគោលដៅ ៩០-៩០-៩០ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគអេដស៍មុនកាលកំណត់នៅឆ្នាំ២០១៧ កម្ពុជាបានបន្តប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតាក្នុងការលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍នៅត្រឹមឆ្នាំ២០២៥ ពោលគឺមុនគោលដៅពិភពលោក៥ឆ្នាំ។ តាមរយៈផែនការនេះ កម្ពុជាត្រូវធ្វើយ៉ាងណាសម្រេចឱ្យបានគោលដៅ ៩៥-៩៥-៩៥ ក្នុងការទប់ស្កាត់មេរោគអេដស៍ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងកសាងមនុស្សជាតិជំនាន់ថ្មីមួយដែលគ្មានអេដស៍នៅត្រឹមឆ្នាំ២០២៥។

ទន្ទឹមនឹងការដាក់ចេញនូវគោលដៅ ឯកឧត្តមទេសរដ្ឋមន្ត្រីកត់សម្គាល់ឃើញថា ការឆ្លងរាលដាលថ្មីនៃមេរោគអេដស៍នៅមិនទាន់អាចជៀសផុតបានទាំងស្រុងនៅឡើយទេ។ សម្រាប់ឯកឧត្តមកំណើននៃការឆ្លងថ្មីនៅតែជាផ្នែកមួយនៃឧបសគ្គ ដែលកំពុងរារាំងដល់វឌ្ឍនភាពក្នុងការឈានទៅបិទបញ្ចប់ជំងឺអេដស៍ ដែលជំរុញឱ្យមានការចូលរួមដោះស្រាយរួមគ្នាទាំងក្នុងតំបន់ និងទូទាំងពិភពលោក ដើម្បីចៀសវាងការកើតមាននូវភាពស៊ាំរបស់មេរោគទៅនឹងឱសថប្រឆាំងមេរោគអេដស៍ ដែលជាមូលហេតុនៃមរណភាពដោយសារជំងឺអេដស៍ និងសូមកុំបន្តចម្លងមេរោគអេដស៍ដល់អ្នកដទៃទៀត។

ឆ្លៀតក្នុងឱកាសចូលរួមពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា តាមរយៈផែនការ និងការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កម្ពុជានឹងអាចសម្រេចបាននូវគោលដៅសូន្យបី និងគោលដៅ ៩៥-៩៥-៩៥ នាឆ្នាំ២០២៥។ គោលដៅនេះចង់សំដៅដល់៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នកដែលដឹងស្ថានភាពផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួនដូចបានកំណត់ដោយអង្គការសហប្រជាជាតិនៅត្រឹមឆ្នាំ២០៣០។

យ៉ាងណាក៏ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការទទួលស្គាល់ថា ដំណើរឆ្ពោះទៅសម្រេចគោលដៅលុបបំបាត់ជំងឺអេដស៍ប្រកបដោយនិរន្តរភាព និងចីរភាពមិនមែនជារឿងងាយស្រួលនោះទេ ដែលទាមទារឱ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយ។ តែយ៉ាងណាឯកឧត្តមជឿជាក់ថា កម្ពុជានៅតែអាចសម្រេចគោលដៅនេះបានតាមរយៈការដឹកនាំ ការគ្រប់គ្រង ការសម្របសម្រួល និងការចូលរួមពីគ្រប់សមាសភាពទាំងអស់ក្នុងសង្គមជាតិ តាមរយៈការខិតខំជម្នះឱ្យបាននូវរាល់ឧបសគ្គនានា ដែលអាចកើតមានឡើងដូចជា កត្តារើសអើង កត្តាធនធាន នវានុវត្តន៍ និងបរិយាប័ន្នជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់នូវទស្សនមួយចំនួនសំដៅឈានទៅសម្រេចគោលដៅលុបបំបាត់ការឆ្លងរាលដាលនៃមេរោគអេដស៍នៅកម្ពុជា។ ក្នុងនោះទី១, ឯកឧត្តមជំរុញឱ្យអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវបន្តដឹកនាំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ ព័ន្ធ និងអង្គការដៃគូក្នុងការរៀបចំគោលនយោបាយលុបបំបាត់ជំងឺអេដូស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យបានទាន់ពេល ដើម្បីជាមូលដ្ឋានគ្រឹះ ក៏ដូចជាផែនទីបង្ហាញផ្លូវសម្រាប់រៀបចំ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦តាមប្រព័ន្ធជាតិប្រកបដោយនិរន្តរភាព និងចីរភាព។

ទី២- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្ត អនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ និងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និង ចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីធានាភាពជោគជ័យ និងនិរន្តរភាពន ការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំដៅឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥នៅកម្ពុជា ជាពិសេសប្រកាន់នូវគោលការណ៍ "សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ ជំងឺអេដស៍” ផ្តល់សិទ្ធិអំណាចដល់សហគមន៍ជាអ្នកបង្ការ និងជាអ្នកទប់ស្កាត់។

ទី៣- អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច ក្រសួង ផែនការ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការទាំង៦ ទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ទី៤- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការជាមួយក្រសួងសុខាភិបាល ធ្វើការសិក្សារៀបចំ យន្តការ និងយុទ្ធសាស្ត្រអន្តរាគមន៍ក្នុងការលុបបំបាត់ការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន នៅ ត្រឹមឆ្នាំ ២០២៥ និងត្រូវរិះរកវិធីកាត់បន្ថយបន្ថែមទៀតនូវអត្រាបោះបង់ការព្យាបាល និងអត្រាស្លាប់ របស់អ្នកផ្ទុកមេរោគអដស៍ ព្រមទាំងបន្តពង្រឹងនិងបង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដើម្បីបង្ការនិងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពនូវការឆ្លងរីករាលដាលន មេរោគអេដស៍ និងជំងឺអេដស៍ក្នុងចំណោមអ្នកប្រើប្រាស់ និងចាក់គ្រឿងញៀន។

ទី៥- ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមជំរុញការអប់រំផ្សព្វផ្សាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ និងបង្កើតឱ្យមាន មធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល ដើម្បីបង្ការការចម្លងមេរោគេអដស៍ ក្នុងសហគមន៍ [ជាពិសេសចំពោះក្រុមប្រជាជនដែលងាយឆ្លងរួមមាន ក្រុមបុរសរួមភេទជាមួយ បុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់និងចាក់គ្រឿងញៀន ក្រុមស្គ្រីបម្រើការងារក្នុងកន្លែង កម្សាន្តសប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ឱ្យទទួលបានព័ត៌មានទាន់ពេល និងការយល់ដឹងទូលំទូលាយ ដើម្បីការពារខ្លួនចៀសពីការឆ្លងមេរោគអេដស៍]។

ទី៦- អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ រាជ ធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌនិងថ្នាក់ឃុំ សង្កាត់ឱ្យបានទូទាំងប្រទេស ដើម្បីទទួលខុសត្រូវក្នុង ភាពជាម្ចាស់ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងទី៧- គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអន្តរជាតិ អង្គការជាតិ អង្គការ សង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ បន្តយន្តការធ្វើការរួមគ្នាស្របតាមអភិក្រម “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System) ក្នុងការងារឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយភាពធន់, ចីរភាព បរិយាប័ន្ន ឆ្ពោះទៅសម្រេចជោគជ័យតាមគោលដៅដែលបានកំណត់។

បើតាមរបាយការណ៍សង្ខេបរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៣ កម្ពុជាបានកាត់បន្ថយការចម្លងថ្មីនៃមេរោគអេដស៍ពី២ពាន់នាក់ក្នុងឆ្នាំ២០១០ មកនៅត្រឹមចំនួនប៉ាន់ស្មានប្រហែល១ពាន់៤រយនាក់នៅក្នុងឆ្នាំ២០២២។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ក្នុងចំនួនប៉ាន់ស្មានជាង៦ម៉ឺន៧ពាន់នាក់ ក្នុងនោះក្នុងចំណោមពួកគេប្រមាណ៩៩% នៃអ្នកដែលបានដឹងស្ថានភាពផ្ទុកមេរោគអដស៍បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតថ្លៃពីមន្ទីរពេទ្យរដ្ឋ ដែលបានធ្វើឱ្យអត្រាមរណភាពដោយសារជំងឺអេដស៍បន្តធ្លាក់ចុះជារៀងរាល់ឆ្នាំ។

សម្រាប់ឯកឧត្តម វង្សី វិស្សុត ការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃជូន៩៩% នៃអ្នកដែលបានដឹងស្ថានភាពនៃការផ្ទុកមេរោគអេដស៍នេះមិនមែនជារឿងធម្មតាទេ ដែលនេះសបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងមួយពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការជួយអ្នកផ្ទុកមេរោគអេដស៍ និងម្ខាងទៀត គឺការកាត់បន្ថយការរើសអើង ដែលជាកិច្ចការសិទ្ធិមនុស្សយ៉ាងសំខាន់។ កន្លងមកជំនួយដែលទទួលបានពីដៃគូអភិវឌ្ឍជាបន្តបន្ទាប់មកនេះពឹងផ្អែកលើប្រសិទ្ធភាពការងាររបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៕

None



អត្ថបទបន្ទាប់


លោក Henry Kissinger អ្នកការទូតដ៏ឆ្នើម និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព បានទទួលមរណៈភាពក្នុងវ័យ១០០ឆ្នាំ

លោក Henry Kissinger ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពដ៏ចម្រូងចម្រាស និងជាអ្នកការទូតដ៏ឆ្នើម ដែលបម្រើការជាទីប្រឹក្សាក្រោមរដ្ឋបាលប្រធានាធិប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ