រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាណាដា លោក ដូមីនិក លីប្លេន (Dominic LeBlanc) បានចាត់ទុកការសម្រេចរបស់តុលាការកំពូលអាម៉េរិក ក្នុងការលុបចោលពន្ធបដិការរបស់លោក ដូណាល់ ត្រាំ ស្របតាមទស្សនៈរបស់ប្រទេសកាណាដា ដែលយល់ឃើញថា ពន្ធទាំងនោះមិនសមហេតុផល។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមពាណិជ្ជកម្មសំខាន់ៗនៅតែមានសម្រាប់កាណាដា។ ការសម្រេចរបស់តុលាការកំពូលអាម៉េរិកនេះមានផលល្អតិចតួចតួចប៉ុណ្ណោះលើប្រទេសកាណាដា ព្រោះការនាំចេញរបស់ប្រទេសកាណាដា ភាគច្រើនរហូតដល់ទៅប្រមាណ៨៥% ត្រូវបានលើកលែងពន្ធរួចទៅហើយ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគី សហរដ្ឋអាម៉េរិក-ម៉ិកស៊ិក-កាណាដា (USMCA)។ ជាការឆ្លើយតបទៅនឹងការសម្រេចរបស់តុលាការកំពូលអាម៉េរិក ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធនាំចូលសកលថ្មី១០% ភ្លាមៗ ហើយ១ថ្ងៃក្រោយមកលោកគំរាមដំឡើងរហូតដល់ ១៥%។
ប្រទេសកាណាដា នៅតែប្រឈមមុខនឹងពន្ធគយរបស់សហរដ្ឋអាម៉េរិក លើទំនិញសំខាន់ៗរួមមានដែកថែប អាលុយមីញ៉ូម និងរថយន្ត។ បញ្ហាសំខាន់មួយទៀត គឺការពិនិត្យសើរើឡើងវិញនាពេលខាងមុខនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគីសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែលមានវិសាលភាពគ្របដណ្តប់លើមនុស្សជាង៥០០លាននាក់នៅទូទាំងទ្វីបអាម៉េរិកខាងជើង។ ប្រទេសទាំង ៣នេះ ត្រូវតែសម្រេចចិត្តឆាប់ៗនេះថា តើត្រូវបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគីនេះ ឬអត់។
ខណៈដែលប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក និយាយថា ពួកគេគាំទ្រការរក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគីសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក-កាណាដា រដ្ឋបាលលោក ដូណាល់ ត្រាំ បានលើកឡើងថា ខ្លួនចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែកពីគ្នាជាមួយកាណាដា និងម៉ិកស៊ិក។
លោក ចេមីសុន ហ្គ្រៀ (Jamieson Greer) តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានលើកឡើងថា ការចរចាពាណិជ្ជកម្មជាមួយប្រទេសកាណាដា មានការលំបាកជាងប្រទេសម៉ិកស៊ិក។ លោកបានចង្អុលបង្ហាញពីជម្លោះពាណិជ្ជកម្មជុំវិញច្បាប់ស្ដីពី ផលិតផលទឹកដោះគោ ការលក់គ្រឿងស្រវឹង និងច្បាប់ស្ទ្រីមអនឡាញ ឬ Online Streaming Act របស់ប្រទេសកាណាដា ដែលតម្រូវឱ្យក្រុមហ៊ុនដូចជា Netflix និង Spotify គាំទ្រមាតិការបស់ប្រទេសកាណាដា។
ស្របពេលភាពមិនប្រាកដប្រជាកំពុងបន្តកើតមាន ប្រទេសកាណាដា កំពុងប្រឹងប្រែងពង្រីកពាណិជ្ជកម្មឱ្យហួសពីសហរដ្ឋអាម៉េរិក ដែលបច្ចុប្បន្នទិញរហូតដល់ទៅប្រមាណ៧៥% នៃទំនិញនាំចេញរបស់ប្រទេសកាណាដា។ ក្រុមថ្នាក់ដឹកនាំធុរកិច្ចនិយាយថា ពួកគេចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្ថិរភាព និងអាចព្យាករដឹងមុន ដើម្បីបញ្ចៀសការរអាក់រអួលពាណិជ្ជកម្មបន្ថែមទៀត៕
ដោយ: តែម សុខុម