
លោក ដូណាល់ ត្រាំ ដែលគំរាមដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសកាណាដា បាននិយាយបែបលេងសើចម្ដងហើយម្ដងទៀតថា លោកចង់ឱ្យប្រទេសកាណាដា ធ្វើជារដ្ឋចំណុះទី៥១ របស់សហរដ្ឋអាម៉េរិក ដែលបច្ចុប្បន្នមាន៥០រដ្ឋ។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក ម៉ាក ខានី (Mark Carney) បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថា ពលរដ្ឋកាណាដា ទាំងអស់រួមទាំងរូបលោកផងសុំថ្កោលទោសការលើកឡើងដោយគ្មានការគោរព និងឥតប្រយោជន៍របស់លោក ដូណាល់ ត្រាំ ហើយថា លោក ត្រាំ ត្រូវតែឈប់លើកឡើងបែបនេះទៀត មុននឹងប្រទេសជិតខាងទាំងពីរអាចចាប់ផ្ដើមការសន្ទនាអំពីការចាប់ដៃគូសហការស៊ីជម្រៅទ្វេភាគី។
នេះគឺជាការលើកឡើងដោយប្រើពាក្យសម្ដីធ្ងន់ៗបំផុតរបស់លោក ម៉ាក ខានី ទៅលើប្រធានាធិបតី ដូណាល់ ត្រាំ ចាប់តាំងពីលោកចូលប្រឡូកក្នុងឆាកនយោបាយនៅខែមករា ដើមឆ្នាំនេះ។ លោក ម៉ាក ខានី ដែលជាអតីតប្រធានធនាគារកណ្ដាលបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា កាលពីថ្ងៃសុក្រ សប្ដាហ៍មុនបន្តពីអតីតនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ។
លោក ម៉ាក ខានី បានគូសបញ្ជាក់ថា ប្រទេសកាណាដា ចង់ឱ្យមានការពិភាក្សា និងចរចាដ៏ទូលំទូលាយជាងនេះអំពីទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខរួមរបស់ប្រទេសជិតខាងទាំងពីរ។
សូមបញ្ជាក់ថា លោក ម៉ាក ខានី មានប្រវត្តិជាប្រធានធនាគារកណ្ដាលកាណាដាពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ហើយបន្ទាប់មកបានគ្រប់គ្រងធនាគារកណ្ដាលអង់គ្លេសពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០។ នៅឆ្នាំ២០២០ លោកបានចាប់ផ្តើមបម្រើការងារជាបេសកជនពិសេសនៃអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសកម្មភាពអាកាសធាតុ និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ លោកក៏ជាអតីតនាយកប្រតិបត្តិនៃធនាគារយក្សអាម៉េរិក Goldman Sachs ដែលជាធនាគារវិនិយោគធំបំផុតទី២ ក្នុងពិភពលោកផងដែរ។
ដោយ: តែម សុខុម