លោក Pete Hegseth បានឱ្យដឹងថា លោក អេឡុន ម៉ាស់ នឹងដឹកនាំរួមគម្រោង Project Meridian ជាមួយមហាសេដ្ឋីវិស័យបច្ចេកវិទ្យាការពារជាតិ លោក Palmer Luckey និងអតីតប្រធានសភាតំណាងរាស្ត្រអាម៉េរិក លោក Newt Gingrich។ ក្រុមការងារនេះ ត្រូវបានផ្តល់ពេលត្រឹម ១២០ថ្ងៃ ដើម្បីសិក្សាពីអនាគតនៃសង្គ្រាម «ចាប់ពីក្រោមផ្ទៃផែនដី រហូតដល់លើសពីឋានព្រះចន្ទ»។
គម្រោងនេះ នឹងផ្តោតលើសមរភូមិ និងសមត្ថភាពយោធា ដែលកំពុងលេចឡើងថ្មីៗ រួមមាន ប្រព័ន្ធស្វ័យប្រវត្តិ មនុស្សយន្ត បច្ចេកវិទ្យាអវកាស និងប្រព័ន្ធការពារមីស៊ីល ខណៈមន្ទីរបញ្ចកោណកំពុងពន្លឿនការរៀបចំខ្លួន ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាដ៏ធំមួយដែលអាចកំណត់ទិសដៅសង្គ្រាមនាពេលអនាគត។
យ៉ាងណាក៏ដោយ ការចូលរួមរបស់លោក ម៉ាស់ ក៏អាចបង្កជាសំណួរអំពី ទំនាស់ផលប្រយោជន៍ ផងដែរ ដោយសារក្រុមហ៊ុន SpaceX របស់លោក និងក្រុមហ៊ុន Anduril របស់លោក Palmer Luckey សុទ្ធតែមានកិច្ចសន្យាធ្វើអាជីវកម្មជាមួយមន្ទីរបញ្ចកោណរួចហើយ។ ដូច្នេះ ក្រុមហ៊ុនទាំងនេះនឹងមានតួនាទីក្នុងការកំណត់តម្រូវការផ្នែកយោធារបស់អាម៉េរិកសម្រាប់អនាគត ខណៈពួកគេក៏ជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាដល់ក្រសួងការពារជាតិផងដែរ។
Project Meridian ត្រូវបានរំពឹងថា អាចនឹងនាំមកនូវការផ្លាស់ប្តូរធំៗចំពោះរចនាសម្ព័ន្ធ និងសមត្ថភាពយោធារបស់សហរដ្ឋអាម៉េរិក ខណៈលោក Hegseth ក៏បានប្រកាសពីការផ្លាស់ប្តូរសំខាន់ៗផ្សេងទៀតនៅក្នុងក្រសួងការពារជាតិផងដែរ។